ការតវ៉ាត្រូវបានធ្វើឡើងនៅទូទាំងប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទទី៦មករាបន្ទាប់ពីក្រុមអ្នកវាយប្រហារប្រដាប់ដោយដំបងឈើនិងដំបងដែកបានប្រព្រឹត្តអំពើហិង្សានៅសាកលវិទ្យាល័យមួយ នៅក្រុងញូវដែលី ដោយធ្វើឱ្យបួសមនុស្សរាប់សិបនាក់។
ភាពចម្រូងចម្រាសជុំវិញអំពើហិង្សា កាលពីថ្ងៃអាទិត្យ នៅសាកលវិទ្យាល័យចាវ៉ាហាឡាល់ នេរុ(Jawaharlal Nehru )បានក្លាយជាបញ្ហាប្រឈមជាថ្មីមួយចំពោះរដ្ឋាភិបាល នៅពេលខ្លួនប្រឈមមុខនឹងការតវ៉ាទូទាំងប្រទេសរួចជាស្រេចហើយស្តីពីច្បាប់សញ្ជាតិថ្មី ដែលក្រុមអ្នករិះគន់និយាយថាប្រឆាំងនឹងប្រជាជនអ៊ីស្លាម។
និស្សិតមួយចំនួនបានស្តីបន្ទោសការវាយប្រហារសកលវិទ្យាល័យនេះទៅលើសកម្មជនស្តាំនិយម ប៉ុន្តែពួកគេក៏បានចោទប្រកាន់ប៉ូលិសថាមិនបានធ្វើអ្វីដើម្បីបញ្ឈប់អំពើហិង្សានេះទេ។
យ៉ាងហោចណាស់សិស្សនិងគ្រូចំនួន២៨នាក់បានរងរបួស ខណៈដែលគ្រូពេទ្យដែលមកពីមន្ទីរពេទ្យនៅក្បែរនោះដែលបានទៅព្យាបាលពួកគេក៏ត្រូវបានវាយប្រហារផងដែរ។
ប៉ូលិសបង្ក្រាបកុបកម្មកាលពីថ្ងៃចន្ទបានដើរល្បាតនៅសាកលវិទ្យាល័យដែលទទួលរងការខូចខាតដោយអំពើហិង្សានេះ។ ប៉ូលិសមិនបានធ្វើការចាប់ខ្លួន ប៉ុន្តែបានស្តីបន្ទោសអំពើហិង្សានេះទៅលើក្រុមនិស្សិតជាគូប្រជែងគ្នា៕ដោយ៖សុខា/sn
មនុស្សជាង១.០០០នាក់ធ្វើការតវ៉ានៅទីក្រុងមុំបៃដើម្បីតវ៉ាប្រឆាំងការវាយប្រហារលើនិស្សិតនិងគ្រូនៅសកលវិទ្យាល័យចាវ៉ាហាឡាល់ នេរុ