រូបថត និង អត្ថបទ ដោយ:មជ្ឈមណ្ឌលឯកសារកម្ពុជា
ខ្ញុំកើតនៅក្នុងគ្រួសារថ្នាក់កណ្តាលមួយ ពួកយើងមានឡាន។ ឪពុករបស់ខ្ញុំឈ្មោះ ឡៅ ឆេង សន ធ្វើការនៅមន្ទីរពិសោធន៍នៃមន្ទីពេទ្យឯកជនមួយកន្លែងក្នុងទីក្រុងភ្នំពេញ ហើយទទួលបានប្រាក់ខែពី៦ ទៅ៧ពាន់រៀល ក្នុងមួយខែ។ ប្រាក់ខែរបស់គាត់ច្រើន សមល្មម ដូច្នេះក្មួយប្រុស និងក្មួយស្រីរបស់គាត់បានមករស់នៅជាមួយយើង។
នៅពេលខ្ញុំធំដឹងក្តី ខ្ញុំបានជ្រើសរើសសកលវិទ្យាល័យដែលខ្ញុំប្រាថ្នាចង់ទៅរៀន ព្រោះមិនមានមនុស្សច្រើនទេដែលប្រឡងជាប់ថ្នាក់វិទ្យាល័យ។ ដូច្នេះ បន្ទាប់ពីខ្ញុំបាន បញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យក្នុងឆ្នាំ១៩៧១ ខ្ញុំក៏សម្រេចចិត្តសិក្សាខាងផ្នែកឱសថ សាស្ត្រ។ សញ្ញាប័ត្រដែលចេញពីសាលាដែលខ្ញុំរៀនត្រូវបានទទួលស្គាល់ដោយ ប្រព័ន្ធ សិក្សាអប់រំរបស់ប្រទេសបារាំង។
គ្រួសាររបស់ខ្ញុំមានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល គឺជាផ្នែក មួយនៃ ប្រទេសកម្ពុជាដែលត្រូវបានកាន់កាប់ដោយខ្មែរក្រហម។ បន្ទាប់ពីស្រុកស្អាងស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ខ្មែរក្រហមបានកាត់ផ្តាច់ទំនាក់ទំនងរវាងស្រុកនេះ ជាមួយផ្នែកផ្សេងទៀតនៃប្រទេសកម្ពុជា ដែលស្ថិតក្រោមការគ្រប់គ្រងរបស់របប លន់ នល់។ បងប្អូនប្រុសស្រីរបស់ខ្ញុំខ្លះរស់នៅទីនោះ ប៉ុន្តែយើងកម្របានឃើញពួកគេ ណាស់។ ជាពិសេស បន្ទាប់ពីចាប់ផ្តើមមានការទម្លាក់គ្រាប់បែក។
នៅពេលដែលខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញ ខ្ញុំកំពុងតែសិក្សានៅសកលវិទ្យាល័យ។ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៧៥ ខ្ញុំបានបើកឡានទៅលេងពូរបស់ខ្ញុំ នៅខេត្តកណ្តាល ។ ដោយសារតែពូរបស់ខ្ញុំជាមន្ត្រីប៉ូលីស ទាហាន លន់ នល់ ដែលស្គាល់គាត់បានបើកផ្លូវឲ្យ ដូច្នេះយើងអាចត្រឡប់មកទីក្រុងភ្នំពេញវិញបាន។ នៅពេលដែលយើងមកដល់ទីក្រុង យើងមិនបានទៅផ្ទះទេ ប៉ុន្តែយើងបានទៅផ្ទះបងប្អូនជីដូនមួយជំនួសវិញ។ ខ្ញុំមិនមានអីវ៉ាន់ច្រើនយកមកជាមួយទេ មានតែសម្លៀកបំពាក់នៅក្នុងសម្ពាយ។
យើងធ្វើដំណើរទៅស្រុកស្អាងអំឡុងពេលនៃការជម្លៀស។ វាមិនឆ្ងាយពីទីក្រុងភ្នំពេញប៉ុន្មានទេ ដូច្នេះ យើងអាចបើកឡានទៅបាន។ នៅពេលដែលយើងមកដល់ យើងបានទុកឡានរបស់យើងចោលនៅក្រោមដើមស្វាយ។ វានៅរហូតមកដល់សព្វថ្ងៃ ប៉ុន្តែមើលទៅហាក់មិនដូចជាឡានច្រើនជាង។ ខ្មែរក្រហមបានដោះយកសំបកកង់ឡានរបស់ខ្ញុំទៅធ្វើជាស្បែកជើង ហើយក៏បានដោះយកម៉ាស៊ីនឡានចេញដែរ។
សំណាងល្អបងប្អូនបង្កើតរបស់ខ្ញុំដែលជាអ្នករស់នៅក្នុងស្រុកនោះ បានឲ្យសម្លៀកបំពាក់ និងរបស់ប្រើប្រាស់ផ្សេងៗមកយើង។ គ្រួសាររបស់យើងស្នាក់នៅក្នុងខ្ទមមួយ ដែលមានទីតាំងឆ្ងាយពីប្រជាជនដទៃទៀត។ នៅពេលដំបូងអង្គការមិនអនុញ្ញាតឲ្យប្រជាជនមូលដ្ឋាននិយាយមកកាន់យើងឬរស់ក្បែរយើងទេ បើទោះបីជាបងប្អូនរបស់ខ្ញុំខ្លះ គឺជាប្រជាជនមូលដ្ឋានក៏ដោយ។ ក្រោយមកខ្មែរក្រហមបានបន្ធូរបន្ថយខ្លះ និងបានអនុញ្ញាតឲ្យយើងជជែកគ្នាលេង។
ក្រោយមកបានរយៈពេល៨ខែ យើងត្រូវបានជម្លៀសចេញទៅខេត្តបាត់ដំបង។ ខ្មែរក្រហមបាននិយាយថា នៅទីនោះមានការប្រមូលផលស្រូវដ៏ច្រើនជារៀងរាល់ឆ្នាំ ប៉ុន្តែមានតែរដូវច្រូតមួយប៉ុណ្ណោះដែលយើងមានបាយហូប។ ក្រៅពីនេះ យើងត្រូវហូបបបរ។
ប្រជាជននៅខេត្តបាត់ដំបងស្ទើរតែទាំងអស់នៅពេលនោះ គឺជាអ្នកដែលមានដើមដំណើតផ្ទាល់នៅទីនោះ ហើយភាគច្រើនធ្លាប់ជាម្ចាស់ដីឡូត៍ធំៗ។ ប៉ុន្តែ អំឡុងពេលរបបខ្មែរក្រហមប្រជាជនទាំងនោះត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះដ៏ធំស្កឹមស្កៃរបស់ខ្លួន ទៅរស់នៅក្នុងខ្ទមជំនួសវិញ។ ពេលវេលាចេះតែកន្លងផុតទៅ ប្រជាជននៅខេត្តបាត់ដំបងក៏ដូចជាប្រជាជនថ្មីជាច្រើនដែលបានផ្លាស់ទីមកកាន់ទីនេះ បានស្លាប់ដោយសារការអត់ឃ្លានជាបន្តបន្ទាប់។
អង្គការនៅក្នុងខេត្តបាត់ដំបងមិនសូវតឹងរ៉ឹងដូចនៅស្រុកស្អាងទេ។ ប្រជាជននៅខេត្តបាត់ដំបង មិនស្លៀកសម្លៀកបំពាក់ខ្មៅគ្រប់ពេលទេ ពេលខ្លះប្រជាជនស្លៀកសម្លៀកបំពាក់ពណ៌។
ឪពុកម្តាយរបស់ខ្ញុំធ្វើការនៅក្នុងកងចល័តសម្រាប់មនុស្សចាស់។ ឪពុករបស់ខ្ញុំបានធ្វើត្បាល់កិនស្រូវ ហើយម្តាយរបស់ខ្ញុំធ្វើការនៅផ្នែករោងម៉ាស៊ីនកិនស្រូវ។ បងប្រុសរបស់ខ្ញុំឈ្មោះ សុធារ៉ា ធ្វើការនៅក្នុងកងចល័ត ប៉ុន្តែគាត់បានបាត់ខ្លួនបន្ទាប់ពីអង្គការស្នើសុំគាត់ទៅធ្វើការនៅក្នុងព្រៃ។ គាត់ និងអតីតទាហាន លន់ នល់ ម្នាក់បានលាក់អាហារខ្លះនៅទីនោះ ដោយមានគម្រោងហូបវានៅពេលដែលពួកគេរត់គេចខ្លួនទៅប្រទេសថៃ។ អង្គការបានដឹងអំពីរឿងលាក់អាហារនេះ។
នៅក្នុងឆ្នាំ១៩៧៩ នៅពេលកងទ័ពវៀតណាម ចាប់ផ្តើមចូលមកក្នុងប្រទេសកម្ពុជា យោធាខ្មែរក្រហមដែលគ្រប់គ្រងនៅភូមិរបស់យើងចាប់ផ្តើមរត់គេចខ្លួន។ មួយសប្តាហ៍ក្រោយមក ក្រុមគ្រួសាររបស់យើងបានចាកចេញពីភូមិ ហើយត្រឡប់ទៅភ្នំពេញវិញ។ នៅចុងបញ្ចប់ ខ្ញុំគឺជាមនុស្សដែលមានសំណាង។ បន្ទាប់ពីឆ្នាំ១៩៧៩ ខ្ញុំចាប់ផ្តើមចូលរៀនម្តងទៀត ហើយបច្ចុប្បន្ន ខ្ញុំគឺជាគ្រូពេទ្យវះកាត់ម្នាក់៕ ល