ភ្នំពេញៈ ជិតពីរពាន់ឆ្នាំហើយ ដែលពួកគ្រិស្តសាសនិក និកាយកាតូលិក បានធ្វើបុណ្យ Christmas ឬបុណ្យណូអែល នៅថ្ងៃទី២៥ ខែធ្នូ ដើម្បីរំឭកដល់ថ្ងៃកំណើតរបស់គ្រិស្ត ដូចដែលពុទ្ធសាសនិក ធ្វើបុណ្យពិសាខបូជាដែរ។ ប៉ុន្តែនៅប្រទេសរុស្ស៊ីឯណោះពួកគ្រិស្ត បរិស័ទមិនធ្វើនៅថ្ងៃទី២៥ ខែធ្នូ ឡើយ គឺពួកគេធ្វើបុណ្យណូអែលនៅថ្ងៃទី៧ ខែមករា ទៅវិញ ហើយ ធ្វើឡើងក្នុងបំណងដូចអ្វីដែលគ្រិស្តបរិស័ទ លើពិភពលោក ធ្វើនៅថ្ងៃ២៥ខែធ្នូដែរ ដែលអ្នក ខ្លះ អះអាងថា មកពីប្រទេសរុស្ស៊ីកាន់សាសនាគ្រិស្តបុរាណ (Orthodox) ប៉ុន្តែបើពិនិត្យមើលមែនទែនទៅនោះ មិនមែនជាមូលហេតុចម្បងទេ។
ជាដំបូង គេត្រូវតែដឹងថា ដោយសារតែមានកំហុសឆ្គងជាច្រើនអន្លើ នៅក្នុងលទ្ធិរបស់ ខ្លួន ទើបគ្រិស្តសាសនា បានស្គាល់បទពិសោធន៍ គឺកាកែតម្រូវ និងការធ្វើបដិវត្តន៍ជាច្រើនលើកច្រើនសានាំឱ្យគម្ពីរប៊ីប (BIBLE) ដែលជាគម្ពីរគោលរបស់គ្រិស្តសាសនា ត្រូវបានកែប្រែ យ៉ាងហោច ៤០ លើក ហើយប្រើពេលវេលាយ៉ាងហោចណាស់ ១៦០០ ឆ្នាំ ជាហេតុនាំឱ្យ មានកំណែចាស់គម្ពីរ BIBLE និងគម្ពីរ BIBLE កំណែថ្មី ហើយក៏នាំឱ្យមានគ្រិស្តសាសនាបុរាណ និងគ្រិស្តសាសនាសម័យ (ប៉ុន្តែមិនមែនដូចពុទ្ធសាសនាថេរវាទ និងមហាយានទេ ) ។
ជាការពិតដែលថា ប្រទេសរុស្ស៊ី ជាប្រទេសកាន់សាសនាគ្រិស្ត តាមបែបបុរាណ ឬ Orthodox ប៉ុន្តែអ្វីដែលគេត្រូវចងចាំនោះគឺថា ដើមឡើយ ពួកគ្រិស្តសាសនិកនៅបូព៌ាប្រទេសប្រារព្ធ បុណ្យមួយឈ្មោះថា Epiphany នៅថ្ងៃទី៦ ខែមករា ដើម្បីរំឭកដល់ថ្ងៃកំណើតរបស់ ព្រះយេស៊ូ គ្រិស្ត ហើយពួកគ្រិស្តសាសនិក នៅឯបស្ចិមលោកក៏បានធ្វើដូចគ្នានេះដែរយ៉ាងហោចណាស់ រហូតដល់ឆ្នាំ ៣៨០ នៃ គ.ស ពោលគឺពួកគេធ្វើក្នុងបំណងដូចគ្នានឹងអ្វីដែលជាបុណ្យណូអែល សព្វថ្ងៃ ដែលធ្វើនៅ ថ្ងៃទី២៥ ខែ ធ្នូ នេះដែរ ។
មូលហេតុដែលពួកគ្រិស្តបរិស័ទជ្រើសរើសធ្វើបុណ្យរំឭកថ្ងៃកំណើត របស់ព្រះយេស៊ូ គ្រិស្ត នៅថ្ងៃទី៦ ខែមករា នោះ ដ្បិតថា ថ្ងៃនិងខែកំណើតពិតប្រាកដ របស់ព្រះគ្រិស្ត គ្មានអ្នកណា ម្នាក់ដឹងឡើយ គេគ្រាន់តែស្មានថា ប្រហែលជាពីចន្លោះថ្ងៃទី៧-២ ខែមករា មុនគ្រិស្តសករាជ ។
ងាកទៅមើលឯទីក្រុងរ៉ូម នៃអាណាចក្ររ៉ូម៉ាំងដ៏មហិមាឯណោះ នៅក្នុងរជ្ជកាលព្រះចៅអធិរាជ្យ Aurelian មានពិធីបុណ្យមួយ ដែលគេធ្វើនៅថ្ងៃទី២៥ ខែធ្នូ (២៧០-២៧៥ នៃ គ.ស ) ឈ្មោះថា បុណ្យ Dies Natalis Solis Invicti ដែលមានន័ថា “ ព្រះអាទិត្យដ៏គ្មានអ្នកណាអាចបង្ក្រាបបាន “ ជាពិធីបុណ្យរបស់ពួកអ្នកមិនជឿគ្រិស្តសាសនា ហើយជាអ្នកគោរពព្រះអាទិត្យថាជាព្រះ អាទិទេពរបស់ពួកគេ។ ចូរកត់ចំណាំថា ខណៈនោះពួកគ្រិស្តបរិស័ទនៅប្រារព្ធធ្វើបុណ្យរំឭក កំណើតព្រះយេស៊ូ គ្រិស្ត នៅថ្ងៃទី៦ ខែមករា នៅឡើយ ។
លុះដល់គ្រិស្តសករាជ ឆ្នាំ៣០៦ ( ដល់៣៣៧ ) ពេលដែលស្តេច Constantine ដែលជាអ្នក កាន់គ្រិស្តសាសនា ឡើងគ្រងអំណាចនៅទីក្រុងរ៉ូម ក៏បានបញ្ជាគេឱ្យបំបាត់ចោលនូវបុណ្យ Dies Natalis Solis Invicti របស់ពួកសាសនិក ព្រះអាទិត្យនិយមហើយបញ្ជាឱ្យគេរៀបចំថ្ងៃ បុណ្យរំឭក ដល់កំណើតព្រះគ្រិស្ត នៅថ្ងៃទី២៥ ខែធ្នូ ជាជំនួសបុណ្យ Dies Natalis Solis Invictiវិញ គឺក្នុងគោលបំណងអូសទាញពួកសាសនិក នៃបុណ្យ Dies Natalis Solis Invicti ឱ្យងាកទៅជឿគ្រិស្តសាសនា ឬនិយាយម្យ៉ាងទៀតថា ជាការបង្ខិតបង្ខំពួកសាសនាព្រះអាទិត្យ ឱ្យលប់បំបាត់សាសនារបស់ពួកគេចោល ហើយឱ្យពួកគេធ្វើបុណ្យរបស់សាសនាពួកគេ ដើម្បីរំឭកដល់ព្រះគ្រិស្តទៅវិញ ដែលតាមពិតទៅ ព្រះគ្រិស្ត មិនមែនប្រសូតនៅថ្ងៃទី ២៥ ខែធ្នូ ផង ហើយអ្នកធ្វើបែបនេះ តែបណ្តាប្រទេសនិកាយកាតូលិកប៉ុណ្ណោះ ចំណែកនិកាយប្រូតេស្តង់ នៅតែធ្វើថ្ងៃទី៦ ខែមករា ។
ដោយសារអំណាចស្តេច Constantine នេះជាដើម បើទោះបីជាពួកអ្នកណា មិនជឿគ្រិស្ត សាសនា ក៏ត្រូវតែប្រតិបត្តិតាមគ្រិស្តសាសនាដែរ ហើយបុណ្យ Dies Natalis Solis Invicti ក៏លែងមានវត្តមានក្នុងលោក តាំងពីពេលនោះ ហើយបុណ្យរំឭកថ្ងៃកំណើតព្រះគ្រិស្ត ឬ បុណ្យណូអែល ក៏ត្រូវបានគេធ្វើនៅថ្ងៃទី២៥ ខែធ្នូ ជាដំបូងនៅឆ្នាំ ៣០៦ នោះឯងហើយត្រូវ បានធ្វើ មិនមែនគ្រាន់តែរំឭកដល់ថ្ងៃកំណើតរបស់ព្រះគ្រិស្ត (ព្រោះព្រះគ្រិស្ត មិនមែនប្រសូត ថ្ងៃទី២៥ ធ្នូ ) ប៉ុន្តែគឺធ្វើដើម្បីពង្រីកមនោគមន៍វិជ្ជា ឬលទ្ធិគ្រិស្តសាសនា ។
នៅក្នុងសម័យទំនើប ការបង្ខិតបង្ខំបែបនោះ លែងសូវមានឥទ្ធិពល ទើបបុណ្យ ណូអែល ប្រែរូបរាងបន្តិច គឺទៅជាធ្វើឡើង តាមរយៈការបង្កើតឱ្យមានកម្មវិធីសប្បាយនានាដើម្បី អូសទាញចំណាប់អារម្មណ៍មនុស្ស និង បង្កើតអនុស្សាវរីយ៍ ដូចជាជាការចែកការដូជាដើម។
ដោយសារអំណាចរបស់ស្តេច Constantine នេះ ពួកអ្នកគោរពព្រះអាទិត្យក៏ត្រូវតែងាកមក ឱនលំទោនគ្រិស្តសាសនាដែរ ឬក៏ត្រូវបង្ខំចិត្តភៀសខ្លួនទៅប្រទេសដទៃ ។ ពុំនោះទេពួកគេ នឹងត្រូវមានទោសពីបទបំពានព្រះរាជបញ្ជា។ ប្រហែលជាឆ្នាំ៣៣៨ ក្នុងរជ្ជកាលស្តេច Alexandria ពិធីបុណ្យរំឭកថ្ងៃកំណើតព្រះគ្រិស្ត នៅថ្ងៃទី២៥ ខែធ្នូនេះត្រូវបាននាំយកទៅ សាបព្រួសនៅបូព៌ាប្រទេសផងដែរ ។
ហាក់ពុំមានអំណះអំណាងជាក់លាក់ថា ហេតុអ្វីបានជាប្រទេសរុស្ស៊ីធ្វើបុណ្យណូអែល នៅថ្ងៃទី៧ ខែមករា ទេ ខណៈដែលប្រទេសដទៃ ពីបុរាណធ្វើនៅថ្ងៃទី៦ ខែមករាហើយគេក៏ មិនបានដឹងថា រុស្ស៊ីចាប់ផ្តើមធ្វើបុណ្យនេះ ពីឆ្នាំណាដែរ ។ ទោះយ៉ាងណា គេអាចសន្និដ្ឋាន បានថា ដោយហេតុតែគ្មានអ្នកណាដឹងថា ព្រះយេស៊ូ ប្រសូតនៅថ្ងៃណាពិតប្រាកដហើយគេ គ្រាន់តែសង្ស័យថា ពីចន្លោះថ្ងៃទី៧-២០ ខែមករា មុនគ.ស នោះឯងហើយទើបប្រទេសរុស្ស៊ី ប្រារព្ធពិធីបុណ្យរំឭកខួបកំណើតព្រះគ្រិស្ត នៅថ្ងៃទី៧ ខែមករាហើយក៏ដោយសារតែប្រទេស រុស្ស៊ីកាន់សាសនាគ្រិស្តបុរាណ ទើបមិនកែប្រែទៅធ្វើនៅថ្ងៃទី២៥ ខែធ្នូ ដូចប្រទេសដទៃ ។
ក៏មានមេដឹកនាំសាសនាគ្រិស្តនៅរុស្ស៊ីខ្លះយល់ថា មូលហេតុដែលពួកគេមិនធ្វើបុណ្យណូអែល នៅថ្ងៃទី២៥ ខែធ្នូ ពុំមែនជាថ្ងៃកំណើតរបស់ព្រះគ្រិស្តទេ គឺគ្រាន់តែជាថ្ងៃដែលស្តេច Constantine ដណ្តើមយកពីពួកគោរពព្រះអាទិត្យប៉ុណ្ណោះ ឬនិយាយម្យ៉ាងទៀតថាអ្នកដឹកនាំ សាសនាគ្រិស្តនៅរុស្ស៊ី យល់ថា ថ្ងៃ២៥ ខែធ្នូ គឺជាថ្ងៃបុណ្យដើម្បីរំឭកអាទិទេពរបស់ពួក អ្នកគោរពព្រះអាទិត្យ ហើយមិនមែនជាបុណ្យ សម្រាប់រំឭកថ្ងៃកំណើតរបស់ព្រះគ្រិស្តទេ បើធ្វើបុណ្យណូអែល នៅថ្ងៃទី ២៥ ទោះជាគេខំបកស្រាយយ៉ាងណា ក៏ការពិត នៅតែជាការពិត ពោលគឺនៅតែជាថ្ងៃបុណ្យរបស់ពួកសាសនាព្រះអាទិត្យដដែល ។
ទោះយ៉ាងណា អំណះអំណាងនេះ ពុំមានអ្នកមានឥទ្ធិពលណាចេញមកប្រកាសជាផ្លូវការឡើយ ក៏ប្រហែលជាខ្លាចប៉ះពាល់ដល់កិត្តិនាម នៃ ថ្ងៃបុណ្យណូអែលនៅថ្ងៃទី ២៥ ខែ ធ្នូ ទេដឹង ? ព្រោះពួកគេគិតថា ទោះជានិកាយណា ក៏ពួកគេគឺជាគ្រិស្តបរិស័ទដូចគ្នាដែរ ហើយការធ្វើ ណូអែល នៅថ្ងៃទី ២៥ ធ្នូ នោះទៀតសោត ក៏នាំមកនូវផលចំណេញដល់គ្រិស្តសាសនា ច្រើនឥតគណនាឡើយ ពីមួយឆ្នាំ ទៅ មួយឆ្នាំ ។
ជាចំណុចដ៏សំខាន់បំផុតមួយ ដែលគួរកត់សម្គាល់នោះគឺ បដិវដ្ដ ខែ តុលា ឆ្នាំ ១៩១៧ ( នៃប្រតិទិន ជូលាន ដែលត្រូវជាថ្ងៃទី៧ ខែវិច្ឆិកា នៃប្រតិទិនហ្ក្រហ្គោរានដែលជាប្រតិទិនសកល នាពេលបច្ចុប្បន្ន )ពោលគឺក្នុងអំឡុងសម័យកាលសហភាពសូវៀត បុណ្យណូអែល ក៏ដូចជា ពិធីនានាក្នុងសាសនាគ្រិស្ត ត្រូវបានហាមឃាត់ រហូតដល់ឆ្នាំ ១៩៣៥ដែលឥទ្ធិពលកុម្មុយ និស្តនៅសូវៀត មានការប្រែប្រួល ទើបពិធីក្នុងសាសនាគ្រិស្ត រួមទាំងថ្ងៃបុណ្យណូអែលផង ត្រូវបានប្រារព្ធធ្វើ និងបានក្លាយជាថ្ងៃសម្រាកជាតិឡើងវិញនៅក្នុងប្រទេសមហាអំណាច មួយនេះ ហើយធ្វើនៅថ្ងៃទី៧ ខែមករា ដដែល ពោលគឺមិនកែប្រែទៅធ្វើនៅថ្ងៃទី ២៥ ខែធ្នូ តាមបណ្តាប្រទេសនានាក្នុងលោកឡើយ ហើយក៏មានការជំទាស់ជាច្រើនចំពោះការ កំណត់យកថ្ងៃបុណ្យណូអែល ដាក់ជាថ្ងៃសម្រាកជាតិ ។
បុណ្យណូអែល នៅប្រទេសរុស្ស៊ី មានលក្ខណៈប្លែកជាងបុណ្យណូអែល នៃបណ្តាប្រទេសដទៃ ដោយគ្រិសបរិស័ទ រៀបចំអាហារ ១២ មុខ សម្រាប់បរិភោគជុំគ្នា ក្នុងគ្រួសារ ដោយគេចាត់ ទុកថា អាហារមួយមុខ តំណាងឱ្យសាវ័កមួយរូបរបស់ព្រះគ្រិស្ត ។
ពាក្យថា Christmas (Christmas Day , Xmas) មកពីពាក្យថា Christ’s Mass (បង្កើតនៅ ឆ្នាំ១១៣១ នៃ គ.ស ) ជាពាក្យក្លាយមកពីភាសាអង់គ្លេស សម័យកណ្តាលថា Cristemasse (បង្កើតនៅឆ្នាំ១០៣៨ នៃ គ.ស ) មានន័យជាខេមរភាសាថា “ បណ្តុំ នៃ អ្នកគ្រិស្តនិយម “ ឬ “ ប្រជុំ នៃ ពួកជនអ្នកកាន់គ្រិស្តសាសនា “ ដោយហេតុថា បុណ្យ Christmas ឬ បុណ្យណូអែល គឺជាបុណ្យរបស់ពួកគ្រិស្តសាសនិកសុទ្ធសាធ ឬ និយាយឱ្យច្បាស់ជាងនេះថា គេធ្វើបុណ្យ ណូអែល ដើម្បីលើកតម្កើង ផ្សព្វផ្សាយ បញ្ជ្រាប និង ពង្រីកឥទ្ធិពលគ្រិស្តសាសនា ។
ពិធីបុណ្យ Christmas បានកើនឡើងឥទ្ធិពល និងប្រជាប្រិយ កាន់តែខ្ទរខ្ទាខ្លាំងថែមទៀត បន្ទាប់ពីស្តេច Charlemagne នៃ អ៊ីតាលី បានឡើងគ្រងអំណាចជាព្រះចៅអធិរាជ្យ នៅថ្ងៃបុណ្យ Christmas នា ឆ្នាំ ៨០០ នៃ គ.ស ។ ស្តេច Edmund the Martyr ត្រូវបានធ្វើពិធីជ្រមុជទឹក នៅថ្ងៃ Christmas នា ឆ្នាំ ៨៥៥ ហើយស្តេច William I នៃចក្រភពអង់គ្លេសបានឡើងគ្រងរាជនៅ ថ្ងៃបុណ្យ Christmas នា ឆ្នាំ ១០៦៦ ។ ស្តេច Richard II នៃ ចក្រភពអង់គ្លេសបានស្វាគមន៍ ថ្ងៃបុណ្យ Christmas នា ឆ្នាំ ១៣៧៧ ដោយការយកគោឡើង ក ចំនួន២៨ ក្បាល និង ជៀម ៣០០ ក្បាលធ្វើជាម្ហូបជប់លៀងថ្ងៃបុណ្យនេះ ។
មិនថាបុណ្យណូអែល ធ្វើនៅថ្ងៃទី ៦ ឬទី៧ ខែមករា ឬថ្ងៃទី២៥ ខែធ្នូ ឡើយក៏វានៅតែក្នុងបំណង ដូចគ្នាគឺដើម្បីរំឭកថ្ងៃកំណើតរបស់ព្រះគ្រិស្ត ដើម្បីលើកតម្កើង ផ្សព្វផ្សាយបញ្ជ្រាប និងពង្រីក ឥទ្ធិពលគ្រិស្តសាសនា ប៉ុន្តែប្រការដែលអ្នកវិភាគមួយចំនួនសើចចំអកលែបខាយ និងបារម្ភ នោះ គឺប្រជាជនកម្ពុជាដែលជាអ្នកកាន់ពុទ្ធសាសនា ភាគច្រើននៅទីប្រជុំជនធំៗមានរាជធនី ភ្នំពេញជាដើមដោយរួមទាំងសាលាឯកជនផងបានជ្រួលជ្រើមសាទរបុណ្យណូអែល យ៉ាងគឃ្លើន៕ ដោយៈ មេសា