ក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណបអ៊ីនធឺណេត ៦០ គ្រឿងបន្ថែមទៀត

461
ចែករម្លែក

ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណេតខ្នាតតូចចំនួន ៦០ គ្រឿងបន្ថែមទៀតកាលពីយប់ថ្ងៃចន្ទទី៦មករា លើកនេះគឺសាកល្បងថ្នាំកូតងងឹតដើម្បីបំពេញចិត្តអ្នកចូលចិត្តមើលផ្កាយ។

វាជាការសម្រុះសម្រួលគ្នា “ជំហានដំបូង” រវាងក្រុមហ៊ុន SpaceX និងពួកតារាវិទូ ដែលខ្លាចផ្ទៃមេឃខ្មៅងងឹតត្រូវបំពុលដោយផ្កាយរណបភ្លឺចិញ្ចាចរាប់រយគ្រឿង និងទីបំផុតអាចមានដល់ទៅរាប់ពាន់គ្រឿងព័ទ្ធជុំវិញផែនដី។

រ៉ុក្កែត Falcon 9 បានបាញ់បង្ហោះឡើងលើផ្ទៃមេឃងងឹតនិងត្រជាក់ ខណៈរ៉ុក្កែតនេះត្រូវបានកែច្នៃឡើងវិញដោយក្រុមហ៊ុន SpaceX សម្រាប់ការហោះហើរលើកទី ៤ របស់វា។ ខណៈរ៉ុក្កែតដំណាក់ដំបូងបានចុះចតបញ្ឈរនៅលើវេទិកាកណ្តាលមហាសមុទ្រ ផ្កាយរណប Starlink ទាំង៦០គ្រឿងនោះបានបន្ដឆ្ពោះទៅកាន់គន្លងគោចរដើម្បីចូលរួមជាមួយផ្កាយរណបស្រដៀងគ្នាចំនួន ១២០ គ្រឿង ដែលបានបង្ហោះកាលពីឆ្នាំមុន។

អ្នកត្រួតពិនិត្យការហោះហើរបានអបអរសាទរហើយអ្នកអត្ថាធិប្បាយអំពីការបាញ់បង្ហោះបានពណ៌នាការចុះចតលើកទី៤របស់រ៉ុក្កែតនេះថា “អស្ចារ្យណាស់”។ មួយម៉ោងក្រោយមកផ្កាយរណបទាំង ៦០ គ្រឿងត្រូវបានព្រលែងចូលសុញ្ញអាកាស និងធ្វើដំណើរចូលទៅគន្លងរបស់ពួកវា។ អ្នកអត្ថាធិប្បាយសង្កេតឃើញថា “វាជាទិដ្ឋភាពដ៏ស្រស់ស្អាត”។

ដោយមានផ្កាយរណប Starlink ចំនួន ១៨០ គ្រឿងហើយនោះ ស្ថាបនិកនិងនាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក អេឡុន ម៉ាស គ្រោងនឹងបង្ហោះផ្កាយរណបតូចៗបែបនេះរាប់ពាន់គ្រឿងទៀតដើម្បីផ្តល់សេវាអ៊ីនធឺណេតទូទាំងពិភពលោក។ ផ្កាយរណបនីមួយៗមានទម្ងន់ត្រឹមតែ ២៦០ គីឡូក្រាមប៉ុណ្ណោះ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម