​ដោយៈ មេសា​/​ភ្នំពេញៈ មហា​ឧបាសិកា​ធម្ម​បណ្ឌិត ញ៉ឹក ប៊ុន​ថា ដែលជា​អ្នក​ផ្តួ​ម​ផ្តើម និង ដឹកនាំ នៃ ការ​ឆ្លាក់​គម្ពីរ​ព្រះ​ត្រៃបិដក បានឱ្យដឹង​អំពី​ដំណើរការ​ចារ​គម្ពីរ​ព្រះ​ត្រៃបិដ​កថា ពិត​ហើយ​ថា ដំណើរការ នៃ ការ​ចារ​គម្ពីរ​ព្រះ​ត្រៃបិដក គឺជា​កិច្ចការ​ដ៏​លំបាក ព្រោះ​ត្រូវការ​យកចិត្តទុកដាក់​ផ្ទៀងផ្ទាត់​គ្រប់​ចំណុច ទាំង​អក្ខរាវិរុទ្ធ ទាំង​ពាក្យពេចន៍ ហើយ​គ្រាន់តែ​ការងារ​ផ្ទៀងផ្ទាត់​នេះ គឺ​ត្រូវមាន​ក្រុមការងារ​ដល់​ទៅ ៣ ដំណាក់កាល​ឯណោះ មុនពេល​យកទៅ​ព្រី​ន​លើ​ស្ទីក​គ័​រ ហើយ​ឆ្លាក់​នៅលើ​ផ្ទាំង​ថ្ម ម្តង​បន្តិចៗ លៃលក​ធ្វើយ៉ាងណា ឱ្យ​ដូច​ទៅនឹង​អ្វីដែល​ត្រូវបាន​បោះពុម្ព​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក ពោលគឺ​ភាសាបាលី​ម្ខាង និង ភាសាជាតិ​ម្ខាង មិន​ឱ្យលើស​មិនឱ្យ​ខ្វះ មិនឱ្យ​ខុស សូម្បីតែ​បន្តិច ប្រសិនបើ​ខុស​មិនអាច​កែតម្រូវ​បានទេ​នោះ នឹងត្រូវ​បោះបង់ចោល គឺត្រូវធ្វើ​ឡើងវិញ គឺ​ចារ​នៅលើ​ផ្ទាំង​ថ្ម​ផ្សេងទៀត ។ គិត​ត្រឹម​ដើមខែ មករា ឆ្នាំ ២០២០ នេះ ដំណើរការ នៃ ការ​ចារ ឬ ឆ្លាក់​គម្ពីរ​ព្រះ​ត្រៃបិដក នៅលើ​ផ្ទាំងសិលា ត្រូវបាន​ឆ្លាក់​ចំនួន ២.៦៨០ ផ្ទាំង​ហើយ ខណៈ​តាម​ការរំពឹងទុក នឹងត្រូវ​ឆ្លាក់​ប្រមាណ​ជា ៧.៨០០ ផ្ទាំង


​សូមជម្រាបថា ការ​ចារ​គម្ពីរ​ព្រះ​ត្រៃបិដក គឺ​យក​នូវ​រាល់​អក្សរ​ទាំង​អស់ទាំង​ភាសាបាលី និង ភាសាជាតិ​ខ្មែរ ដែល​ត្រូវបាន​សរសេរ និង បោះពុម្ព​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក​ជា​សៀវភៅ​ក្រដាស យកមក​ឆ្លាក់​នៅលើ​ផ្ទាំង​ថ្ម ហើយ​ដូចដែល​មហា​ឧបាសិកា ញ៉ឹក ប៊ុន​ថា លើកឡើង​មកនេះ​ជាដើម គេ​អាច​ស្រមៃ​បាន​ថា ការងារ​នោះ​ទាមទារ​នូវ​ការលះបង់ និង អត់ធ្មត់​យ៉ាង​ម៉ឺ​ម៉ាត់ ហើយ​ផ្ទាំងសិលា​ដែលជា​ព្រះ​ត្រៃបិដក​ទាំងនោះ នឹងត្រូវ​យកទៅ​តម្កល់​នៅក្នុង​ប្រាសាទ​ដែល​កំពុង​ត្រូវបាន​សាងសង់​ជា​បន្តបន្ទាប់​នៅក្នុង​បរិវេណ​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា នា​ឧទ្យាន​ជាតិ​គិរី​រម្យ ដែល​នឹង​ក្លាយជា​មរតក​វប្បធម៌​ជាតិ​ក្នុង​វិស័យ​ព្រះពុទ្ធសាសនា រាប់ពាន់​ឆ្នាំ​តទៅ ហើយ​កិច្ចការ​ជា​ប្រវត្តិសាស្ត្រ​នេះ ត្រូវបានធ្វើ​ដោយ​ព្រះសង្ឃ និង គ្រហស្ថ​ប្រមាណ​ជា ៤០ អង្គ និង នាក់ ។​


​មហា​ឧបាសិកា​ធម្ម​បណ្ឌិត ញ៉ឹក ប៊ុន​ថា បាន​ឱ្យដឹងពី​មូលហេតុ​ដែល​គាត់​ដាក់ចិត្ត​ដាក់​កាយ​ធ្វើ​ការងារ​ដ៏​លំបាក និង មិន​ធ្លាប់​បានធ្វើ​ពីមុនមក​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​នេះ​ថា សម័យ​សម្តេច​សង្ឃ ជួន ណាត បាន​បកប្រែ​ពី​ភាសាបាលី មកជា​ភាសាជាតិ និង បាន​បោះពុម្ព​ជា​សៀវភៅ​ក្រដាស​ហើយ ដូច្នេះ​យើង​គប្បី​បន្សល់ទុក​ស្នាដៃ​ដ៏​មហា​ឧ​ត្ត​ម​នេះ​ជា​ផ្ទាំង​ថ្ម​តទៅ ! ម្យ៉ាង​ក៏​ដើម្បី​បុណ្យ​កុសល​ខ្លួន​យើង​ផង បុណ្យ​កុសល​ដល់​អ្នកអាន​ផង ជា​មរតក​ជាតិខ្មែរ​ដ៏​ធ្លាប់មាន​អរិយធម៌​ដ៏​រុងរឿង​ផង ក៏​ដើម្បីឱ្យ​បណ្តា​ប្រជាជាតិ​នានា​ស្គាល់​ពី​សមត្ថភាព​ខ្មែរ​ផង ព្រោះ​ប្រទេស​ដទៃ មិនទាន់មាន ធ្វើបាន​បែបនេះ​នៅឡើយ ។​


​ជាការ​កត់សម្គាល់ នៅ​ប្រទេស​ដទៃ​ដូចជា​ប្រទេស​ស្រីលង្កា​ជាដើម ក៏មាន​ឆ្លាក់​ពុទ្ធវចនៈ​ដែល​ដកស្រង់​ចេញពី​គម្ពីរ​ព្រះ​ត្រៃបិដក​ខ្លះ​ដែរ ប៉ុន្តែ​ត្រឹមតែ​ដកស្រង់​ចំណុច​ខ្លះៗ ដោយ​វគ្គ ដោយ​អន្លើ​ប៉ុណ្ណោះ ពោលគឺ​មិនបាន​យ​ទៅ​ចារ​ទាំងស្រុង​ទេ ហើយក៏​មានតែ​ភាសាបាលី ឬ ភាសាជាតិ​របស់​ពួកគេ​ប៉ុណ្ណោះ ។ ចំណែក​នៅ​កម្ពុជា ដែល​កំពុង​ត្រូវបាន​ដឹកនាំ​ធ្វើ​ដោយ​មហា​ឧបាសិកា​ធម្ម​បណ្ឌិត ញ៉ឹក ប៊ុន​ថា នេះ យក​ពុទ្ធវចនៈ​ទាំងអស់ ហើយ​ទាំង​ភាសាបាលី និង ភាសាជាតិ ទៀតផង ហើយ​ភាសាបាលី​នៅ​ម្ខាង ភាសាជាតិ​នៅ​ម្ខាង ដូច​ក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក​ជា​សៀវភៅ​ដែរ ។​


​ការ​ចារ​គម្ពីរ​ព្រះ​ត្រៃបិដក​នេះ មិន​គ្រាន់តែ​ត្រូវការ​នូវ​ភាព​អត់ធ្មត់​ប៉ុណ្ណោះ​ទេ ក៏ត្រូវ​ការចំណាយ​ថវិកា​ច្រើន​ដែរ ហើយ​ថវិកា​ដែល​ត្រូវបាន​ប្រើប្រាស់​កន្លងមក ១ ផ្នែក​គឺជា​ថវិកា​របស់​មហា​ឧបាសិកា ញ៉ឹក ប៊ុន​ថា ផ្ទាល់ ហើយ ១ ផ្នែក​ទៀត បានមកពី​ការបរិច្ចាគ​របស់​សប្បុ​រស​ជន​នានា ។ សប្បុរសជន​ដែលមាន​បំណង​ចង់​រួមចំណែក​បន្សល់ទុក​កេរ្តិ៍​ឈ្មោះ និង ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ​នេះ ក៏​អាចទាក់ទង​ទៅ​នាទី​ស្វែងយល់​ព្រះពុទ្ធសាសនា ដែលមាន​ទីតាំង​នៅក្នុង​បរិវេណ ពុទ្ធិកវិទ្យាល័យ​ព្រះ​សុរា​ម្រឹត ក្រោយ​តុលាការ​កំពូល នា​អាគ្នេយ៍ នៃ ព្រះបរមរាជវាំង ក្បែរ​សាលសន្និសីទ​ចតុមុខ នា​រាជធានី​ភ្នំពេញ ។​


​រាល់​ពាក្យពេចន៍​ដែល​កត់ត្រា​នៅក្នុង​គម្ពីរ​ព្រះ​ត្រៃបិដក ត្រូវបាន​អះអាង និង ជឿជាក់ថា​គឺជា​ធម៌​ទាំងអស់​ដែល​ព្រះសម្មាសម្ពុទ្ធ​បាន​បង្រៀន​ក្នុង​រយៈពេល ៤៥ ឆ្នាំ ហើយ​ត្រូវបាន​បែង​ចែកជា ៣ ប្រភេទ គឺ​ព្រះ​វិន័យ ២ ម៉ឺន ១ ពាន់​ធម្មក្ខន្ធ ព្រះ​សូត្រ ២ ម៉ឺន ១ ពាន់​ធ្ម​ក្ខ​ន្ធ និង ព្រះ​អភិធម្ម ៤ ម៉ឺន ២ ពាន់​ធ្ម​ក្ខ​ន្ធ សរុប​ត្រូវជា ៨ ម៉ឺន ៤ ពាន់​ធម្មក្ខន្ធ ហើយ​នៅ​កម្ពុជា ត្រូវបាន​បកប្រែ​ជា​ខេមរា​ភាសា បោះពុម្ព​ទាំង​ភាសាបាលី និង ភាសាជាតិ សរុបទ ចំនួន ១១០ ក្បាល​គត់ ៕ Kh

មហា​ឧបាសិកា​ធម្ម​បណ្ឌិត ញ៉ឹក ប៊ុន​ថា ( ​រូបៈ មេសា​ )
ផ្ទាំងសិលា ដែល​បាន​ចារ​ទៅដោយ​ពុទ្ធវចនៈ​ក្នុង​ព្រះ​ត្រៃបិដក ( ​រូបៈ សុភាព​)
គម្ពីរ​ព្រះ​ត្រៃបិដក​ដែល​បាន​បោះពុម្ព​ជា​សៀវភៅ ( ​រូបៈ មេសា​ )
ផ្ទាំងសិលា​ដែល​ចារ​ព្រះ​ត្រៃបិដក ត្រូវបាន​នាំយកទៅ​តម្កល់​បណ្តើរៗ​នៅក្នុង​ប្រាសាទ​ដែល​កំពុង​សាងសង់​នៅក្នុង​មជ្ឈមណ្ឌល​វប្បធម៌​ព្រះពុទ្ធសាសនា​កម្ពុជា ( ​រូបៈ សុភាព​ )
​ប្រាសាទ​សម្ក​ល់​ផ្ទាំងសិលា​ជា​ព្រះ​ត្រៃបិដក កំពុង​ត្រូវបាន​សាងសង់ ( ​រូបៈ សុភាព​ )