ដោយៈសៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០១៩នេះលោកប្រាក់សុវណ្ណអភិបាលខេត្តព្រះវិហារក្នុងឱកាសអញ្ជើញចុះពិនិត្យមើលការសាងសង់រង្វង់មូលស្រអែម។ជាមួយនោះអមដំណើរដោយលោកសំលាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តនិងអាជ្ញាធរមូលដ្ឋានជាច្រើនរូប។លោកប្រាក់សុវណ្ណក៏បានប្រាប់ក្រុមជាងឱ្យខិតខំធ្វើយ៉ាងណាសាងសង់រង្វង់មូលស្រអែមនេះឱ្យរួចមុនឱកាសបុណ្យចូលឆ្នាំខ្មែរ។
ម្យ៉ាងវិញទៀតត្រូវសាងសង់តាមរចនាបទខ្មែរនិងប្រកបដោយគុណភាព។
ជាមួយគ្នានោះលោកអភិបាលខេត្តបានជំរុញឱ្យក្រុមជាងសាងសង់ត្រូវសម្អាតក្នុងបរិវេណរង្វង់មូលនេះឱ្យបានស្អាតល្អ។ដោយឡែកចំពោះថវិកាសម្រាប់សាងសង់លោកនឹងខិតខំកៀងគរសប្បុរសជននានា ដើម្បីផ្គត់ផ្គង់ឱ្យការសាងសង់អាចបន្តទៅមុខទៀត ដោយមិនឱ្យស្ទះឡើយ។
ដោយឡែក លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹងជញ្ជូនខេត្ត បានអះអាងថា រង្វង់មូលស្រអែមនេះគឺសាងសង់តាមរចនាបទប្រាសាទព្រះវិហារ។ដូច្នេះការយឺតយ៉ាវក្នុងការសាងសង់មួយរយៈនេះ គឺដោយសារយើងយកប្លង់សាងសង់នេះ ទៅឆ្លងជាមួយអាជ្ញាធរប្រាសាទព្រះវិហារ ។អាជ្ញាធរប្រាសាទព្រះវិហារបានឯកភាពឱ្យក្រុមការងារខេត្តយកទំហំ៧៥ភាគរយនៃតួរប្រាសាទដើម។
លោកបញ្ជាក់ផងដែរថាបើយើងធ្វើត្រឹមតូបយាមយើងអាចធ្វើរួចនៅថ្ងៃស្អែកក៏បាន។តែនេះសំណង់បែបរចនាបទប្រាសាទព្រះវិហារយើងត្រូវការពេលវេលាដើម្បីសិក្សាឱ្យបានត្រឹមត្រូវមិនមែនចេះតែធ្វើឱ្យរួចនោះទេ៕S/