ដោយៈ​សុផល​/​ភ្នំពេញៈ​លោក​បណ្ឌិត​ងួន​ញ៉ិល​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​បានអនុញ្ញាត​ឱ្យ​លោក​មហាម៉ាត់​ហ្វា​រុក​ខាន់​(MuhammadFarukKhan)​ប្រធាន​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ទទួលបន្ទុក​កិច្ចការបរទេស​នៃ​សភា​បង់​ក្លា​ដេ​ស​។​លោក​បណ្ឌិត​អនុញ្ញាត​ចូលជួប​ដើម្បី​សម្តែង​ការគួរ​សមនិង​ពិភាក្សា​ការងារ​នៅ​ព្រឹក​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០២០​នៅ​វិមាន​រដ្ឋសភា​ខណៈដែល​លោក​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២០​។​

​ក្នុងជំនួប​នោះ​លោក​មហាម៉ាត់​ហ្វា​រុក​ខាន់​បាន​មានប្រសាសន៍​លើកឡើង​ពី​បញ្ហា​ជនអន្តោប្រវេសន៍​រ៉ូ​ហ៊ី​ន​យ៉ា ប្រមាណ​ជាង​១​លាន​នាក់ ភៀសខ្លួន​ចូលទៅ​កាន់​បង់​ក្លា​ដេ​ស​ដោយ​លោក​បានស្នើ​សូមឱ្យ​កម្ពុជា ជួយ​គាំទ្រ​ដល់​ដំណើរ​ការចរចា​ដោះស្រាយ​បញ្ហា​នេះ រវាង​ប្រទេស បង់​ក្លា​ដេ​ស និង​ប្រទេស​មី​យ៉ាន់​ម៉ា ឱ្យសម្រេចបាន​លទ្ធផល​ល្អ​ផង​។​

​ទាក់ទិន​នឹង​ដំណើរ​ការចរចា​ដោះស្រាយ​បញ្ហា​ជនជាតិ​រ៉ូ​ហ៊ី​ន​យ៉ា​រវាង​ប្រទេស​បង់​ក្លា​ដេ​ស​និង​មី​យ៉ាន់​ម៉ា​នេះ​លោក​បណ្ឌិត​ងួន​ញ៉ិល​បាន​មានប្រសាសន៍​លើកទឹកចិត្ត​សូមឱ្យ​មានការ​ចរចា​ដោយ​សន្តិវិធី​និង​មិត្តភាព​ជាមួយគ្នា​។​លោក​មហាម៉ាត់​ហ្វា​រុក​ខាន់​បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ចំពោះ​លោក​បណ្ឌិត​ងួន​ញ៉ិល​ដែល​បាន​អនុញាតឱ្យ​គណៈប្រតិភូ​រដ្ឋសភា​បង់​ក្លា​ដេ​ស​ជួបពិភាក្សា​ការងារ​ក្នុងឱកាស​កំពុង​បំពេញ​ទស្សនកិច្ច​នៅលើ​ទឹកដី​ដ៏​ស្រស់ស្អាត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នាពេល​នេះ​និង​ចំ​ពេលដែល​កម្ពុជា​កំពុង​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​ទី​៤១ នៃ​ទិវា​ជ័យជម្នះ​៧​មករា ហើយ​គណៈប្រតិភូ​រដ្ឋសភា បង់​ក្លា​ដេ​ស សូម​ចូលរួម​ជាមួយ​ប្រជាជន​កម្ពុជា ក្នុង​ទិវា​ជា​ប្រវត្តិសាស្ត្រ​នេះ​ផងដែរ​។​

​លោក​មហាម៉ាត់​ហ្វា​រុក​ខាន់​ក៏បាន​មានប្រសាសន៍​លើកឡើង​អំពី​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​កម្ពុជា​និង​បង់​ក្លា​ដេ​ស​នៅពេល​បច្ចុប្បន្ន​ក៏ដូចជា​កន្លងមក​ដែលមាន​ការផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញទៅមក រវាង​ថ្នាក់ដឹកនាំ​រដ្ឋសភា និង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ជា​បន្តបន្ទាប់​។​

លោក​ប្រធាន​គណៈប្រតិភូ​បាន​មានប្រសាសន៍​កត់សម្គាល់​ពី​ការរីកចម្រើន​វិស័យសេដ្ឋកិច្ច​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​និង​បង់​ក្លា​ដេ​សគឺ​ស្ថិតនៅក្នុង​កំណើន​ជាង​៧​ភាគរយ​ដូចគ្នា​និង​សង្ឃឹម​ជឿជាក់ថា​កំណើន​នេះ​នឹង​បន្ត​រីកចម្រើន​ថែមទៀត​។​ឆ្លៀត​ក្នុងឱកាស​នេះដែរ​លោក​មហាម៉ាត់​ហ្វា​រុក​ខាន់​ក៏បាន​អញ្ជើញលោក​បណ្ឌិត​ងួន​ញ៉ិល​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​បង់​ក្លា​ដេ​ស​ក្នុង​ពេលវេលា​សមស្រប​ណាមួយ​។​

លោក​បណ្ឌិត​ងួន​ញ៉ិល​បាន​គូសបញ្ជាក់ថា​ប្រទេស​កម្ពុជា​និង​បង់​ក្លា​ដេ​សបាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាមួយគ្នា​នៅ​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​១៩៩៣​។​ចាប់តាំងពី​ពេលនោះ​មក​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​ទាំង​២​កាន់​តែមាន​ភាពល្អប្រសើ​រ​ជា​លំដាប់​។​ដោយឡែក​ចំពោះ​វិស័យ​ការទូត​សភា​គឺ​រដ្ឋសភា​កម្ពុជា​បាន​បង្កើត​ក្រុម​មិត្តភាព​រដ្ឋសភា​កម្ពុជា​-​បង់​ក្លា​ដេ​ស​។​

​លោក​បណ្ឌិត​ងួន​ញ៉ិល​បានស្នើ​ឲ្យ​រដ្ឋាភិបាល​និង​រដ្ឋសភា​បង់​ក្លា​ដេ​ស​ជួយ​ជំរុញ​អ្នកវិនិយោគ​មក​បណ្ដាក់​ទុន​នៅ​កម្ពុជា​ឱ្យ​ច្រើន​ថែមទៀត​ព្រោះថា​កម្ពុ​ជាមាន​សក្ដានុពល​សម្រាប់​ការវិនិយោគ​និង​មាន​លក្ខខណ្ឌ​អំណោយផល​ជាច្រើន​។​កម្ពុ​ជាមាន​ស្ថិរភាព​នយោបាយ​និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​កម្ពុ​ជាមាន​កម្លាំង​ពលកម្ម​វ័យក្មេង​សម្បូរបែប​ក្នុងនោះ​អ្នកមាន​អាយុ​៣៥​ឆ្នាំ​ចុះ​មាន​៧២​ភាគរយ​នៃ​ប្រជាជន​សរុប​។​

​លោក​បណ្ឌិត ក៏បាន​ស្នើ​លោក​ប្រធាន​គណៈប្រតិភូ ជួយ​ជំរុញ​អ្នក​ទេសចរណ៍​បង់​ក្លា​ដេ​ស មក​ទស្សនា​ប្រទេស​កម្ពុជា​ឱ្យ​ច្រើន​ថែមទៀត​ព្រោះថា​បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព​ពេញ​ផ្ទៃ​ប្រទេស និង​មាន​សក្ដានុពល​ខាង​វិស័យ​ទេសចរណ៍​។​ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរលោកបណ្ឌិត ងួន ញ៉ិល បាន​អញ្ជើញ​គណៈប្រតិភូ​រដ្ឋសភា​បង់​ក្លា​ដេ​ស មក​ចូលរួម​ក្នុង​កិច្ចប្រជុំ ASEP11 ដែល​សភា​កម្ពុជា​នឹងត្រូវ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​នៅ​ចុងឆ្នាំ​២០២០​ខាងមុខនេះ​ផងដែរ​៕S/