ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ សមណៈសិស្សសរុបចំនួន ១៨៦៧អង្គ/នាក់ បាននិមន្តអញ្ញើាញមក ពីបណ្តា ស្រុក ក្រុងទាំង ៩ ក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើការប្រឡងយកវិញ្ញាបនបត្រ ថ្នាក់ ត្រី ទោ ឯក នាសម័យប្រឡងថ្ងៃទី៥ខែមករា សំរាប់ឆ្នាំសិក្សា ២០១៩ -២០២០។

គណៈមេប្រយោគ មន្ត្រីសង្ស មន្ត្រីធម្មការនិងមន្ត្រីអាជ្ញាធរសង្ឃឹមថា ព្រះសង្ឃនិងគ្រហស្ថទាំងនេះ បើប្រឡងជាប់នឹងក្លាយជាឈាមជំនាន់ថ្មីចូលរួមចំណែកក្លាយជាធនធានមនុស្សថ្មីទ្រទ្រង់សីលធម៌ គុណធម៌លើកកម្ពស់សម្រាប់ព្រះពុទ្ធសាសនានិងសង្គមជាតិ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ៖ ក្នុងឆ្នាំ ២០២០ នេះ ក៍ដូចជាឆ្នាំមុនៗ ដែលមន្ទីរធម្មការ និងសាសនា ដែលមានការណែនាំពីក្រសួងធម្មការ និងសាសនាឲ្យធ្វើការប្រឡងយកវិញ្ញាសារបនប័ត្រធម្មវិន័យថ្នាក់ត្រី ទោ ឯក ។ហើយក៏ជាឆ្នាំលើកទី ២៧ ហើយ។ ការប្រឡងមានវិញ្ញាសារ ៖វិញ្ញាសារព្រះវិន័យ ពុទ្ធប្បវត្តិ ប្រជុំកងធម៌ និងវិញ្ញាសារសាសនៈសុភាសិត។

លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ មានប្រសាសន៏ថា៖ ការប្រឡងយកវិញ្ញបនប័ត្រធម្មវិន័យ សម្រាប់សមណៈសិស្សទាំងអស់ នាថ្ងៃនេះគឺជាការវាស់ស្ទង់នូវចំណេះដឹង ដែលព្រះថេរានុថេរៈគ្រប់ព្រះអង្គនិងគ្រហស្ថមួយចំនួនបាន ខិតខំសិក្សារៀនសូត្រកន្លងមក និងដើម្បីសិក្សាបន្តនូវកំរិតថ្នាក់បន្តទៀត។

ដូចការលើកឡើងរបស់គណៈមេប្រយោគ មន្ត្រីសង្ឃនិងមន្ត្រីធម្មការដែរ លោកស្រីអភិបាលរងសង្ឃឹមថា សង្ឃបេក្ខជននិងគ្រហស្ថបេក្ខជនដែលប្រឡងជាប់ក៏ក្លាយជាធនធានមនុស្សឬឈាមជំនាន់ថ្មីក្នុងការរួមទ្រទ្រង់សីលធម៌ សម្រាប់ព្រះពុទ្ធសាសនា ក៏ដូចជាសង្គមជាតិយើង។

លោកស្រីលើកឡើងដែរថា រាជរដ្ឋាភិបាលកម្ពុជាមានសម្តេចតេជោហ៊ុន សែនជាប្រមុខ បានយកចិត្តទុកដាក់ខ្ពស់ក្នុងលើកស្ទួយវិស័យពុទ្ធកសិក្សា និងធម្មវិន័យ ដោយអនុញ្ញាតឲ្យបង្កើត សាលាពុទ្ធិកសិក្សាគ្រប់កំរិត និងលើកទឹកចិត្តគ្រូបង្រៀន ព្រះសង្ឃ ទទួលបានបច្ច័យនិច្ចភត្តដូចជា គ្រហស្ថផងដែរ៕B/