ដោយ:រ៉ាម៉ន/ភ្នំពេញ ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្នុង១ឆ្នាំ២០១៩កន្លងទៅនេះបានធ្វើសកម្មភាពបាញ់ថ្នាំកំចាត់ជំរកមូសខ្លា បាន១៩៩លើក និងបានដាក់ថ្នាំអាបែតនៅតាមពាងទឹក អាងស្តុបទឹកបានជាង១៣ម៉ឺនខ្នងផ្ទះ ដើម្បីការពារជម្ងឺគ្រុនឈាមជូនប្រជាពលរដ្ឋ។
លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ នៅក្នុង១ឆ្នាំ២០១៩កន្លងទៅនេះ មន្ទីរសុខាភិបាល បានចុះបាញ់ថ្នាំមូស រុយ បានចំនួន ១៤ខណ្ឌ ៩២សង្កាត់ ៣២៧ភូមិ ប្រើប្រាស់រថយន្តចល័តដោយ មានបំពាក់រូបមូសខ្លានិងឧបករណ៍បំពងសំឡើងដើម្បីចាក់សារអប់រំដល់ប្រជាពលរដ្ឋនៅតាមភូមិ/សង្កាត់ អំពីអនាម័យលំនៅដ្ឋាន ការកំចាត់ជំរកមូសខ្លា និងវិធានការការពារជំងឺគ្រុនឈាម។ បាញ់ថ្នាំ១៩៩លើកដោយប្រើប្រាស់ថ្នាំសម្លាប់មូសចំនួន៦៤៧លីត្រ ប្រេងម៉ាស៊ូតចំនួន ៨២៨០ លីត្រនិងប្រេងសាំងចំនួន១៩១៥លីត្រ។ បានចុះដាក់ថ្នាំអាបែតនៅតាមពាងទឹកនិងអាងស្តុបទឹកតាមផ្ទះប្រជាពលរដ្ឋបានចំនួន៥២៥ភូមិ ដែលមានចំនួន១៣៨.១៩ ៩ខ្នងផ្ទះ និងមានពាង ឬអាងស្តុកទឹក ចំនួន ២៥១,០៩៨ ដោយប្រើប្រាស់អាបែតអស់ចំនួន១១៥០០គីឡូក្រាម។
លោកបន្តថា ក្រៅពីការងារខាងលើ មន្ទីរក៏បានចុះត្រួតពិនិត្យអនាម័យចំណីអាហារ តាមអាហារដ្ឋាន/ភោជនីយដ្ឋាន បានចំនួន ១.១១៨កន្លែង។បានចុះត្រួតពិនិត្យបន្ទប់ពិគ្រោះព្យាបាលជំងឺបន្ទប់ថែទាំជំង_បន្ទប់ពិគ្រោះស្ត្រីមានផ្ទៃពោះចំនួន៥៣៩កន្លែង និងបានអប់រំម្ចាស់សេវា ឱ្យចេញវេជ្ជបញ្ហាបានត្រឹមត្រូវ។យើងបានអញ្ជើញម្ចាស់គ្លីនិកឯកជន និងតំណាង ចំនួន ៦៥កន្លែង មកចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងព្យាបាលជំងឺគ្រុនឈាម។
បន្ថែមពីលើនេះមន្ទីរសុខាភិបាលក៏បានដឹកជនរងគ្រោះតាមផ្លូវសាធារណៈបានចំនួន ១.១៨៦ករណី និងបានបញ្ជូនជនរងគ្រោះពីសហគមន៍ទៅមន្ទីរពេទ្យបង្អែកដោយរថយន្តគិលានសង្គ្រោះ បានចំនួន ៦៥៧លើក។ បានបញ្ជូនអ្នកជំងឺធ្ងន់ធ្ងរទៅមន្ទីរពេទ្យបង្អែករាជធានី និងមន្ទីរពេទ្យថ្នាក់ជាតិតាមរថយន្តគិលានសង្គ្រោះចំនួន ១.៥១៣ករណី, បានចុះធ្វើគិលានសង្គ្រោះ និងប្រចាំការរថយន្តសង្គ្រោះ ចំនួន ៩២៧លើកនិងបាន ដឹកសព ជនអនាថា ចំនួន ៩៣នាក់។
លោកវេជ្ជបណ្ឌិត ងី មានហេង បានបន្តថា ចំពោះការងារសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរសុខាភិបាលបានទទួលជនអនាថាមិនស្ម័គ្រចិត្ត និងយុវជនអនាថាបំពានសារធាតុញៀន ដែលបញ្ជូនពីបណ្តាខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ បានចំនួន ១.៨៥៩នាក់ (ស្រី ៤៣១នាក់ ក្នុងនោះមានជនវិបល្លាសស្មារតីចំនួន ១០៤នាក់ (ស្រី៣៤នាក់) បានធ្វើការពិគ្រោះយោបល់ និងបញ្ជូនទៅមជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ ចំនួន ១.០៦៦នាក់ (ស្រី ៣១១នាក់), មជ្ឈមណ្ឌលឱកាសខ្ញុំ ចំនួន ៧៥៩នាក់ (ស្រី ៩៤នាក់), ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការនគរបាលរាជធានីភ្នំពេញ ៩នាក់ (ស្រី៣នាក់), មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនចំនួន ១នាក់ និងអង្គការដៃគូរ ចំនួន ២៤នាក់ (ស្រី ២៣នាក់)។ បានទទួលនារីរងគ្រោះដោយអំពើជួញដូរផ្លូវភេទ ចំនួន ១៣៥នាក់ កុមារី ២នាក់៕B/