ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​ក្បួន​ប្រណាំង​កង់​ពិភពលោក​ថ្ងៃ​បញ្ចប់​នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​នៅ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​លើក​ទី​១​បានធ្វើ​ដំណើរ​មកដល់​មុខ​សាលាខេត្ត​កែប​ហើយ​បន្ទាប់ពី​ចេញដំណើរ​ពី​ខ្លោងទ្វារ​ចូល​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស បូកគោ នា​វេលា​ម៉ោង​១២​ថ្ងៃត្រង់​កន្លងទៅ​។​

​ប៉ុន្ដែ​ទោះបី​ធ្វើដំណើរ​មកដល់​កន្លែង ត្រូវ​ប្រារព្ធ​ពិធី​បិទ​ការប្រកួត​ក្ដី​តែ​ក្បួន​ប្រណាំង​កង់​ពិភពលោក​នេះ នៅ​មិនទាន់​បញ្ចប់​នោះទេ​ដោយ​ត្រូវ​បន្ដ​ការប្រកួត​ជុំវិញ​ក្រុងកែប​ចំនួន​៥​ជុំ​ទៀត​ទើប​បញ្ចប់​និង​កំណត់​កីឡាករ​ជ័យលាភី​ក្នុងការ​ប្រកួត​ដំណាក់កាល​ទី​៣​។​ការប្រកួត​ដែលមាន​ចម្ងាយ​សរុប​១៤៣.៥​គីឡូម៉ែត្រ​កាត់​រង្វង់​មូល​សេះស​ផ្សារ​ក្ដាម​ឆ្នេរកែប​សាលាខេត្ត​កែប​និង​ហួស​ទៅដល់​ផ្លូវកែង​ក្នុងស្រុក​ដំណាក់​ចង្អើ​។​

​គួរ​បញ្ជាក់ថា ពិធី​ចេញដំណើរ​ដំណាក់កាល​ចុងក្រោយ​នេះ បានធ្វើ​ឡើង​ក្រោម​វត្តមាន​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ NOCC, លោក​អភិបាល​ខេត្តកំពត ។​ប៉ុន្ដែ​មុន​បាញ់កាំភ្លើង​បញ្ជា​ចេញដំណើរ​ទាំង​ថ្នាក់ដឹកនាំ​កីឡាករ​ជាតិ​-​អន្ដរជាតិ​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​បាន​បន្ដ​ធ្វើការ​ស្មឹង​ស្មា​ធ​គោរព​វិញ្ញាណ​ក្ខ​ន្ដ​អ្នក​ដែល​បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​បាក់​រលំ​អគារ នៅ​ខេត្ត​កែប រយៈពេល​១​នាទី​ផងដែរ​។​

​លោក ថោង ខុន បាន​លើកឡើងថា ការប្រកួត​ដំណាក់កាល​ទី​៣ មាន​លក្ខណៈ​កាន់តែ​ពិសេស ព្រោះ​ត្រូវ​ឆ្លងកាត់​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត​កែប​ក្រោយ​ក្បួន​ប្រណាំង​កង់​ពិភពលោក​បាន​ឆ្លង​ផុត​តំបន់​អេកូ​ទេសចរណ៍​រយៈពេល​២​ថ្ងៃ​កន្លងទៅ​។​ប៉ុន្ដែ​ការប្រកួត​២​ដំណាក់កាល​ដំបូង​ត្រូវ​បានណៈ​កម្ម​ការ​បច្ចេកទេស​UCI​ធ្វើការ​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ស្ថានភាព​ផ្លូវ​អមដោយ​សម្បត្តិ​ធម្មជាតិ​ដ៏​ល្អ​ឯក​តាំងពី​ខេត្តកោះកុង​រហូតដល់​កំ​ពូ​ល​ភ្នំ​បូកគោ ដែល​អំណោយផល​សម្រាប់​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​។​

​បន្ថែម​លើ​នេះ លោក​វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ NOCC បានឱ្យដឹង​ដែរ​ថា ចំពោះ​ការប្រកួត​ដំណាក់កាល​ទី​២ ម្សិលមិញ គឺ​ដំណើរការ​ដោយ​ជោគជ័យ និង​ទទួលបាន​ការវាយតម្លៃ​បច្ចេកទេស​កាន់តែ​ខ្ពស់​ថែមទៀត ពី​គណៈកម្មការ​បច្ចេកទេស UCI ។

​ក្នុងនោះ​កីឡាករ​កម្ពុជា​ដែល​បាន​ចូលរួម​ក៏​ធ្វើបាន​កាន់តែ​ល្អប្រសើរ​ដែរ ជាក់ស្ដែង​កីឡាករ​កម្ពុជា ៣​នាក់ បានទទួល​បាន​ចំណាត់ថ្នាក់​កីឡាករ​ល្អ​ជាងគេ រួមមាន​៖ កីឡាករ សាន ណាវ​ម៉ា​វ កីឡាករ ហួត​ឡុយ​រស្មី​និង​កីឡាករ​គីម​ចាន់ធូ​។​នៅថ្ងៃនេះ​មាន​កីឡាករ​ប្រមាណ​៧៤​នាក់​បាននិងកំពុង​ចូលរួម​ប្រកួត ក្រោយ​ជម្រុះ​អស់​ប្រមាណ ២០​នាក់ នៅ​២​ថ្ងៃមុន​។​

​ចំពោះ​កម្មវិធី​ប្រកួត​ដំណាក់កាល​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍​ប្រណាំង​កង់​ពិភពលោក​ថ្ងៃនេះ​គឺ​កំពុង​ចេញពី​ក្លោងទ្វារ​ចូល​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស​បូកគោ​ឆ្ពោះទៅមុខ​សាលាខេត្ត​កែប​តែ​ត្រូវ​ជិះ​ជុំវិញ​ក្រុងកែប​ចំនួន​៥​ជុំ​លើ​ចម្ងាយ​ផ្លូវ​១៤៣.៥​គីឡូម៉ែត្រ​ដោយ​គ្រោង​បញ្ចប់​នា​ម៉ោង​៣,២០​នាទី​រសៀល​។​

បន្ទាប់មក​នឹងមាន​រៀបចំ​ពិធី​ប្រគល់​រង្វាន់​ជ័យលាភី​និង​ឯកសណ្ឋាន​កីឡាករ​ជើងឯក ដំណាក់កាល​ទី​៣ ក្រោម​វត្តមាន​លោក​រដ្ឋមន្ត្រី​ថោង​ខុន​,​លោក​ប៉ាន​សូរ​ស័ក្ដិ​រដ្ឋមន្ដ្រី​ក្រសួងពាណិជ្ជកម្ម​និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ខ្មែរ​កីឡា​ទោចក្រយាន​លោក​BrunoBODARD​និង​លោក​កែ​នស​ត្ថា​អភិបាលខេត្ត​កែប​ផងដែរ​៕S/​