យន្តហោះបំបាំងកាយធុន F-35A Lightning II តំលៃសរុប៤,២ពាន់លានដុល្លារបានហោះចេញសម្ញែងកម្លាំងឬអាចថាជាការកំដៅម៉ាស៊ីននៅមូដ្ឋានទ័ពអាកាសមួយក្នុងរដ្ឋអ៊ុតតា សហរដ្ឋអាម៉េរិកនៅពេលយោធាអាម៉េរិកត្រៀមវាយប្រហារគោលដៅអ៊ីរ៉ង់ជាច្រើន។
កងទ័ពអាកាសអាម៉េរិកបានបង្ហាញកម្លាំងដ៏ធំ កាលពីថ្ងៃចន្ទទៅ៦មករា ដោយបង្ហោះចេញយន្តហោះទំនើបបំផុតរបស់ខ្លួនធុនF-35ចំនួន៥២គ្រឿងក្នុងពេលដំណាលគ្នា។វាជាសមយុទ្ធមួយរបស់កងប្រយុទ្ធទី៣៨៨និង៤១៩របស់កងទ័ពអាកាសអាម៉េរិកដើម្បីបង្ហាញសមត្ថភាពចេញប្រតិបត្តិការទ្រង់ទ្រាយធំរបស់ក្រុមយន្ត F-35A។
ទោះជាអាម៉េរិកអះអាងថាវាត្រូវបានរៀបចំទុករាប់ខែមកហើយក្តីតែការបង្ហាញកម្លាំងមិនធម្មតានេះកើតឡើងចំពេលដែលខ្លួនប្រឈមមុខប្រុងនឹងផ្ទុះសង្គ្រាមជាមួយអ៊ីរ៉ង់ ក្រោយពីដ្រូនមួយរបស់ខ្លួន វាយប្រហារសម្លាប់មេបញ្ជាការជាន់ខ្ពស់អ៊ីរ៉ង់ដ៏មានឥទ្ធិពលបំផុតម្នាក់កាលពីសប្តាហ៍មុន។
យន្តហោះF-35Aចំនួន៥២គ្រឿង តំលៃជាង៤ពាន់លានដុល្លារ បើកលើផ្លូវនិងចេញដំណើរព្រមគ្នានៅ មូលដ្ឋានទ័ពអាកាសមួយនៅ រដ្ឋអ៊ុតតា កាលពីថ្ងៃចន្ទ
កងប្រយុទ្ធទី៤១៩ បានសរសេរបង្ហោះថា «យើងត្រៀមខ្លួនហោះ ប្រយុទ្ធនិងឈ្នះ»។ចំណែកកងហោះហើរទី៣៨៨បានសរសេរបង្ហោះថា«សមយុទ្ធដែលត្រូវបានរៀបចំទុកអស់ពេលរាប់ខែមកហើយ បង្ហាញលទ្ធភាពបញ្ជូនយន្តហោះF-35Aចេញទាំងហ្វូង ដោយសាកល្បងភាពត្រៀមខ្លួនរបស់អ្នកបើក ម៉ាស៊ីនយន្តហោះប្រតិបត្តិការលើដី ប្រតិបត្តិការហោះហើរនិងសមត្ថភាពប្រយុទ្ធ ទល់នឹងគោលដៅក្នុងអាកាសនិងលើដី»។
សូមបញ្ជាក់ថា យន្តហោះF-35Aមួយៗថ្លៃ៨៩,២លានដុល្លារ និងទើបដាក់អោយកងកម្លាំងអាម៉េរិកប្រើកាលពី៤ឆ្នាំមុន៕ប្រែសម្រួល៖វាសនា