សិង្ហបូរីកំពុងបញ្ជូនឧទ្ធម្ភាគចក្រចំនួន២ គ្រឿងដើម្បីជួយកិច្ចប្រឹងប្រែងរបស់ប្រទេសអូស្ត្រាលីក្នុងការឆ្លើយតបនឹងវិបត្តិភ្លើងឆេះព្រៃដែលបានសម្លាប់មនុស្ស ២៥នាក់និងបំផ្លាញដីព្រៃជាង៨លានហិចតា។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោកស្កត់ ម័ររីសុន បានថ្លែងអរគុណចំពោះសមភាគីសិង្ហបុរីរបស់ លោកគឺ លោកលី សៀនឡុងចំពោះផ្តល់ការគាំទ្រ ដោយនិយាយថាឧទ្ធម្ភាគចក្រChinook ចំនួន២ គ្រឿងនឹងធ្វើដំណើរទៅកាន់រដ្ឋវិចធឺរៀ ។
រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក ង៉ អេង ហេន បាននិយាយនៅលើទំព័រហ្វេសប៊ុកថាឧទ្ធម្ភាគចក្រChinooksចំនួន២ គ្រឿងនេះ បានហោះចេញពីទីក្រុងគូគីរបស់អូស្ត្រាលី ជាមួយនឹងទាហានសិង្ហបុរី៤២នាក់ ឆ្ពោះទៅកាន់មូលដ្ឋានកងទ័ពអាកាសEast Sale នៅរដ្ឋវិធឺរៀកាលពីព្រឹកថ្ងៃអង្គារទី៧មករា។
ភ្លើងឆេះព្រៃរាប់រយកន្លែង កំពុងឆេះនៅឡើងនៅទូទាំងប្រទេសអូស្ត្រាលី។ យន្តហោះនិងនាវាយោធាបានកំពុងជួយជម្លៀសប្រជាជននិងផ្តល់ជំនួយសង្គ្រោះ។
ភ្លើងឆេះព្រៃ បានឆេះបំផ្លាញដីព្រៃជាង៨លានហិចតានិងបានបំផ្លាញផ្ទះអស់ប្រមាណជាង២.០០០ ខ្នងនៅទាំងប្រទេសនេះ ចាប់តាំងពីខែកញ្ញាមក។ក្នុងការជួយពន្លត់ភ្លើងឆេះព្រៃនេះ មានប្រទេសជាច្រើនទៀតបានចូលរួមដោយបញ្ជូនអ្នកពន្លត់ភ្លើងនិងឧទ្ធម្ភាគចក្រច្រើនគ្រឿងមកកាន់ប្រទេសនេះ គឺមានប្រទេសនូវែលសេឡង់ សហរដ្ឋអាម៉េរិកនិងកាណាដា ៕ប្រែសម្រួល៖សុខា/sn
ឧទ្ធម្ភាគចក្រយោធាអូស្ត្រាលី ហោះពីលើតំបន់ភ្លើងឆេះព្រៃនៅរដ្ឋ ញូវ សោតវេលស៍ កាលពីថ្ងៃចន្ទ