ដោយ៖បញ្ញាសាស្រ្ត/ ភ្នំពេញ៖ ក្រោយចេញថតរឿងរហូតបានបញ្ចប់ និងគ្រោងដាក់ បញ្ចាំង រឿងថ្មីរបស់ផលិតកម្ម 2Brothers បានតាំងចិត្តថា ទោះបីការចំណាយ ថវិកា ច្រើនលើការផលិតកុនទទួលបានលទ្ធផលបែបណាក៏ខាងផលិតកម្មអាចទទួលយកបាន ព្រោះហេតុផលតែមួយគឺការស្រលាញ់ផ្នែកសិល្បៈ ចំណែកការចំណេញទៀតសោត និងត្រូវបែងចែកជាពីរសម្រាប់កម្មវិធីសប្បុរសធម៌។

លោក វង្ស ពិសិដ្ឋ អ្នកដឹកនាំរឿង និងជាថៅកែផលិតកម្ម 2Brothers បានថ្លែង ក្នុងពិធីសន្និសីទសារពត៌មានថា ព្រោះតែចិត្ត ស្រឡាញ់ភាពយន្តរបស់ខ្មែរយើង អោយ មានចរាចរ ទៅមុខ លោក បានរួមចំណែក បោះទុនប្រមាណជាង ៤ម៉ឺនដុល្លារ កសាង ស្នាដៃទី១នេះ ដើម្បីចង់ដឹងថា ទៅដល់កម្រិតណា។ លោកពិសិដ្ឋ និយាយទាំងញញឹម ម៉ឺងមាត់ថា« អស់ប៉ុន្មានក៏សុខចិត្ត បន្តទៅមុខទៀត ទោះបីអស់ឡាន១ ក៏មិនចាត់ ទុកថា ជាការបាក់ទឹកចិត្តឡើយ។ បើមាន១០គ្រឿងទៀតក៏ ដោះដូរយកមកចំណាយ លើ កុនខ្មែរដែរ»។ ការលើកឡើងបែបនេះ គ្រាដែលលោកបានលក់ឡាន ចំណាយ លើការផលិត ភាពយន្តមួយដែលមានចំណងជើងថា «គ្រូBIG»។ លោកសង្ឃឹមថា រឿង «គ្រូBIG» និងទទួលបានការគាំទ្រច្រើន សម្រាប់ចំណីចក្ខុថ្មីរបស់ទស្សនិកជន នូវសាច់រឿងប្លែកពី ផលិតកម្ម 2Brothers។

ចាងហ្វាងផលិតកម្ម លោក ពិសិដ្ឋ បានបន្ថែមថា ចំពោះរឿងដំបូងនេះ មិនទាន់ដឹង ថា ចំណេញ ឬខាតទេ តែទោះជាយ៉ាងណាក៏លោកបានរៀបចំខ្ទង់ចំណាយ ២០ ភាគ រយ ។ សម្រាប់កម្មវិធីសប្បុរសធម៌ ចែកជាពីរ មួយគឺសម្រាប់សមាគមចាស់ជរា ១០ ភាគរយ និង១០ភាគរយទៀតសម្រាប់មូលនិធិ មន្ទីរពេទ្យគន្ធបុប្ផា។

ចំណែក លោក ហេង ឡុង បានលើកឡើងថា សម្រាប់រូបលោក សូមលើក ទឹក ចិត្តដល់ផលិតករ រូបនេះ មិនអោយអស់សង្ឃឹមនោះទេ។ ប្រសិនបើរឿងដំបូង គាត់ ខាតអត់លទ្ឋភាព គឺលោកសន្យាថា នឹងរកទីផ្សារអោយបាន ដឹកនាំផលិតកុនបន្តទៀត សម្រាប់បណ្តាផលិតកម្មផ្សេង សំខាន់អោយតែគាត់មានជំនាញពិតប្រាកដ។ លោក បន្តថា យើងមិនចង់មើលនឹងភ្នែក នៅផលិតករ ខ្មែរណាមួយដែលជួប ការលំបាក នោះទេ ជួយអ្វីបានគឺជួយ មនុស្សមានឆន្ទៈដើម្បីសង្គមដូច្នេះ យើងពិតជាមិនមើល រំលងនោះទេ។ លោកបន្តថា នឹងព្យាយាមបំផុសស្នាដៃផលិតរបស់ លោក ពិសិដ្ឋ អោយមហាជនបានជ្រាប ហើយនេះជាផលិតកម្មដំបូងគេ ដែលហាន សម្រេចដក ភាគរយ ដើម្បីមូលនិធិចាស់ជរា និងមន្ទីរពេទ្យគន្ឋបុប្ឋា៕

តោះទស្សនា Trailer បន្តិចទៅមើល ថាល្អកម្រិតណា បានផលិតករហ៊ានចំណាយទុនបែបនេះ?