ដោយ:មូលសម្បត្តិ/ភ្នំពេញ ៖ ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញជាអធិបតីចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដោយមានវត្តមានលោក Thin Line Ohn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា និងលោកជំទាវ បណ្តាអង្គទូតនានាប្រចាំនៅកម្ពុជា និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើន នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ។

ថ្លែងនៅក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា ពិតជាមានក្តីសោមមនស្សរីករាយ សូមសម្តែងនូវការអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត និងសូមគោរពជូនពរចំពោះប្រជាជនមីយ៉ាន់យ៉ាចំពោះថ្ងៃដ៏មានសារៈសំខាន់នេះ។ លោកបន្តថា ក្នុងនាមជាមិត្តភ័ក្តិ កម្ពុជាបានកត់សម្គាល់ឃើញពីវឌ្ឍនភាពយ៉ាងឆាប់រហ័ស របស់ប្រទេសមីយ៉ាន់ដែលសម្រេចបានតាំងពីឆ្នាំ២០១១ បន្ទាប់ពីការចាប់ផ្តើមដំណើរការកំណែទម្រង់ថ្មី។

តាមរយៈកំណែទម្រង់នេះ និងជាមួយធនធានយុវជនជាច្រើន និងធនធានធម្មជាតិដ៏សម្បូណ៌បែបបានប្រែក្លាយប្រទេសមីយ៉ាន់ម៉ាជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ី។ ជាពិសេសកម្ពុជា ក៏សូមយកឱកាសនេះដើម្បីធ្វើការអបអរសាទរប្រទេសមីយ៉ាន់ម៉ាដែលបានអនុម័តនូវផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០១៨-២០៣០ ជាមួយនឹងផែនការនេះ កម្ពុជាជឿជាក់យ៉ាងមុតមាំថា មីយ៉ាន់ម៉ានឹងសម្រេចបាននូវការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ទទួលបាននូវសុខសន្តិភាព ស្ថេរភាព និងសុដុមរមនីយកម្មកាន់តែល្អប្រសើរពាសពេញផ្ទៃប្រទេស។

ចំណងមិត្តភាពទ្វេភាគីរវាងកម្ពុជា និងមីយ៉ាន់ម៉ាគឺមានតាំងពីយូរលង់មកហើយ តាំងពីមុនទំនាក់ទំនងការទូតជាផ្លូវការរវាងប្រទេសទាំង២នៅឆ្នាំ១៩៥៥ ទៅទៀត គិតមកដល់ឆ្នាំនេះមានរយៈពេល ៦៥ឆ្នាំ។ ប្រជាជនយើងប្តេជ្ញានៅតែបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរ តាមរយៈកិច្ចប្រជុំកំរិតខ្ពស់ ការផ្លាស់ប្តូរបទពិសោធន៍ និងដំណើរទស្សនកិច្ចនានាលើវិស័យវិនិយោគ ទេសចរណ៍ វប្បធម៌ និងអប់រំ។ ហើយតាមរយៈដំណើរទស្សនកិច្ចជាផ្លូវការប្រកបដោយភាពជោគជ័យរបស់ឯកឧត្តមទីប្រឹក្សាប្រមុខរដ្ឋនៃសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ាមកកាន់កម្ពុជាកាលពីខែមេសាឆ្នាំមុន បានឆ្លុះបញ្ចាំង ពីការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២កាន់តែរឹងមាំ និងយូរអង្វែងថែមទៀត៕B/