តុលាការចេញដីកាឃុំខ្លួន ប៉ូលិស​មន្ទីរប្រឆាំងគ្រឿងញៀន ដែលប្លន់​ទ្រព្យសម្បត្តិពលរដ្ឋ និងប្រើប្រាស់​គ្រឿងញៀន

ដោយ:ឆាយានាថ/ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក រស់ ពិសិដ្ឋ បានសម្រេចឃុំខ្លួនលោកស័ក្តិ៤កន្លះ ភិន រតនៈ ប៉ូលិសមន្ទីរប្រឆាំងគ្រឿងញៀន ដាក់ពន្ធនាគារព្រៃបណ្តោះអាសន្ន ហើយ នៅថ្ងៃទី៧ ខែមករា នេះ ។

លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់ថា ប៉ូលិសរូបនេះ ត្រូវបានចោទប្រកាន់ ចំនួន២បទល្មើស គឺ បទលួចមានស្ថានទម្ងន់ទោស និង ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ។

ជនសង្ស័យ ភិន រតនៈ អាយុ៣៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យោងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អ៊ុ រិទ្ធី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ អះអាងថា កាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ ឈ្មោះ ភិន រតនៈ និង មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ៣នាក់ទៀត ជិះរថយន្តម៉ាក អាល់ហ្វាត និង បក្ខពួក២នាក់ទៀត ជិះម៉ូតូណៃហត ទៅឈប់នៅមុខផ្ទះរបស់ជនរងគ្រោះ ។

បន្ទាប់មកជនសង្ស័យឈ្មោះ ភិន រតនៈ បានដកអាវុធខ្លី មិនស្គាល់ម៉ាក បាញ់ឡើងលើមួយគ្រាប់និងបញ្ជាឲ្យកូនចៅទៅយកលុយពីជនរងគ្រោះអស់ លុយដុល្លារចំនួន ៣,២០០ដុល្លារ លុយខ្មែរចំនួន ២៨ម៉ឺនរៀល និងទូរស័ព្ទដៃម៉ាកសាំសុង ចំនួន១គ្រឿង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យប្តឹងក្រុមជនសង្ស័យនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងក្រោមភ្លាមៗ ទើបឈានដល់មានការឃាត់ខ្លួនជនសង្ស័យតែម្តង ។

កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ បន្ទាប់ពីបែកធ្លាយវីដេអូឃ្លីប របស់ជនសង្ស័យឈ្មោះ ភិន រតនៈ ប្រើប្រាស់គ្រឿងញៀន តាមបណ្តាញសង្គម ហ្វេសប៊ុក ផងដែរ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular