ដោយ:គូលែន/សៀមរាប ៖ ជាសក្ខីភាពនៃសុខសន្តិភាពនិងការរស់រានជាថ្មី នៅព្រឹកថ្ងៃទី០៧ មករា ២០២០ ខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចូលរួមសម្តែងសេចក្តីគោរពដើម្បីរំឭកដល់វិញ្ញាណក្ខន្ធរបស់វីរៈយុទ្ធជនខ្មែរដែលបានពលីជីវិតដើម្បីបម្រើឱ្យបុព្វហេតុជាតិ មាតុភូមិ និងអាយុជីវិតរបស់មនុស្សខ្មែរគ្រប់រូប ដែលប្រារព្ធឡើងក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តសៀមរាប រួមនិងប្រជាជនជាច្រើននាក់នៅវិមានរំឭកគុណវីរៈយុទ្ធជននិងប្រារព្ធអង្គមិទ្ទិញនៅមុខព្រះរាជដំណាក់ ក្រុងសៀមរាប ខេត្តសៀមរាប។

សម្តេចពិជ័យសេនា ទៀ បាញ់ បានមានប្រសាសន៍ថា មកដល់ពេលនេះ៤១ឆ្នាំហើយ (០៧ មករា ១៩៧៩-០៧ មករា ២០២០) ដែលប្រជាជនខ្មែរក្នុងព្រះរាជារាណាចក្រកម្ពុជាបានទទួលសុខសន្តិភាព សេរីភាព ការអភិវឌ្ឍគ្រប់វិស័យ ដែលកើតចេញពីការបូជាសាច់​ឈាមនិងអាយុជីវិតរបស់អតីតយុទ្ធជននៅលើសមរភូមិសង្គ្រាមនៃរបបយង់ឃ្នង៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

សម្តេចពិជ័យសេនា បានបន្តថា កូនចៅខ្មែរមិនភ្លេចឡើយចំពោះគុណូបការៈរបស់បុព្វបុរសដែលបានបូជាជីវិតជូនជាតិនិងប្រជាជន ឱ្យបានស្គាល់សុខសន្តិភាពរហូតដល់សព្វថ្ងៃនេះ។ ជាក់ស្តែង ៤១ឆ្នាំដែលកើតចេញពីថ្ងៃ០៧ មករា ១៩៧៩ នាំឱ្យមានសុខសន្តិភាពនិងការអភិវឌ្ឍគ្រប់វ័យ។ ក្នុងនោះតំបន់អង្គរក៏បានទទួលនូវការអភិរក្សនិងការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការសង្គ្រោះអង្គរឱ្យរួចផុតពីហានិភ័យផងដែរ។

សូមឧទ្ទិសឱ្យថ្ងៃ០៧ មករា ជាថ្ងៃចងចាំពីការរស់រានជាថ្មីរបស់ជនជាតិខ្មែរ និងជាថ្ងៃដឹងគុណដល់វីរៈយុទ្ធជនដែលបានលះបង់ជីវិតសង្គ្រោះជាតិឱ្យផុតពីភ្លើងសង្គ្រាម ព្រមទាំងជាថ្ងៃដែលនាំមកនូវសន្តិភាព ការអភិវឌ្ឍ និងអភិរក្សដល់ប្រទេសជាតិ ប្រជាជនខ្មែរ និងតំបន់អង្គរឱ្យកាន់តែប្រសើរឡើង៕B/