ដោយ:គង់ហេង/កំពង់ចាម ៖ ដើម្បីលើកស្ទួយជីវភាពប្រជាកសិករ ជាពិសេសតាមរយ:​ការជំរុញផលិតកម្ម ការខិតខំរក្សាស្ថិរភាពតម្លៃកសិផល និងការពង្រីកទីផ្សារកសិផលនោះ នៅឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលនឹងផ្តល់កញ្ចប់ថវិកាមូលនិធិជាមធ្យមប្រមាណ ១២២.០០០ ដុល្លារអាមេរិកដល់ឃុំ សង្កាត់នីមួយៗ។ ក្នុងនោះថវិកាសម្រាប់ផ្នែកអភិវឌ្ឍន៍មូលដ្ឋានចំនួន ៧០.០០០ ដុល្លារ ហើយថវិកាផ្នែកមួយនេះ នឹងត្រូវបង្កើនជារៀងរាល់ឆ្នាំ។ ខណ:នៅឆ្នាំ២០២៣ នឹងបង្កើនថវិកាដដែលនេះសរុបជាមធ្យមឡើងដល់ជាង ១៣២.០០០ ដុល្លារអាមេរិក។

នេះបើយោងតាមសន្ទរកថាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាថ្លែង ក្នុងពិធីមីទ្ទីងរំលឹកខួបលើកទី ៤១ នៃទិវាជ័យជន្នះ ៧មករា មានកម្រាស់ ប្រាំពីរ ទំព័រ ដែលអានដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ នៅចំពោះមុខអ្នកចូលរួមអបអរសាទរពិធីនេះប្រមាណជិត មួយម៉ឺន នាក់ នៅខាងមុខបរិវេណសាលាខេត្តកំពង់ចាមនាព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ២០២០នេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងនៅក្នុងទំព័រទី ៥ នៃសន្ទរកថានោះថា រាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងអនុវត្តនូវគោលនយោបាយជាតិគាំពារសង្គម។ ដើម្បីលើកកម្ពស់សុខុលភាព និងសាមគ្គីភាពសង្គម ព្រមទាំងកាត់បន្ថយភាពក្រីក្រជាអតិបរមា។ រួមមានដូចជា ប្រព័ន្ធជំនួយសង្គមផ្តល់ការគាំពារដល់ប្រជាពលរដ្ឋរស់នៅក្រោម និងក្បែរបន្ទាត់ក្រីក្រ គឺផ្តោតលើកុមារ ស្រ្តីមានផ្ទៃពោះ ជនពិការ ជនចាស់ជរាគ្មានទី និងប្រព័ន្ធសន្តិសុខសង្គម។

សម្តេចប្រមុខរាជរដ្ឋាភិបាលបានមានប្រសាសន៍ថា សម្រាប់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធនឹងទទួលការដំឡើងបៀវត្សចាប់ពីខែមករា និងខែមេសា ឆ្នាំ២០២០នេះតទៅ។ ដោយឡែកកម្មករនិយោជិតដែលកំពុងបម្រើការងារក្នុងវិស័យកាត់ដេរ និងស្បែកជើងបានទទួលប្រាក់ឈ្នួលអប្បបរមាចំនួន ១៨២ ដុល្លារអាមេរិក គឺនឹងត្រូវដំឡើងដល់ចំនួន ១៩០ ដុល្លារអាមេរិកក្នុងមួយខែ ចាប់ពីខែមករា ឆ្នាំ២០២០នេះតទៅ។

សម្តេចបានមានប្រសាសន៍បន្តថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ដល់ការលើកស្ទួយជីវភាពរបស់ប្រជាកសិករ គឺតាមរយ:ការជំរុញផលិតកម្ម ការខិតខំរក្សាស្ថិរភាពតម្លៃ និងការពង្រីកទីផ្សារកសិផល។ ពិសេសដំណើរការអភិវឌ្ឍន៍មូលដ្ឋានឃុំ សង្កាត់ គឺរាជរដ្ឋាភិបាលនឹងផ្តល់កញ្ចប់ថវិកាមូលនិធិជាមធ្យមសម្រាប់ឃុំសង្កាត់នីមួយៗចំនួន ១២២.០០០ ដុល្លារអាមេរិក។ ក្នុងនោះថវិកាសម្រាប់អភិវឌ្ឍន៍ដ្ឋានមានចំនួនប្រមាណ ៧០.០០០ ដុល្លារ និងថវិកាផ្នែកនេះនឹងត្រូវដំឡើងជារៀងរាល់ឆ្នាំ។

សម្តេចបានមានប្រសាសន៍បន្ថែមថា នៅឆ្នាំ២០២៣ គឺថវិកាមូលនិធិឃុំសង្កាត់ដដែលនេះ នឹងត្រូវដំឡើងសរុបជាមធ្យមជាង ១៣២.០០០ ដុល្លារសម្រាប់ឃុំសង្កាត់នីមួយៗ។ ជាមួយនោះការបញ្ចុះតម្លៃ និងពង្រីកបណ្តាញផ្គត់ផ្គង់អគ្គិសនី និងទឹក ការបន្ធូរបន្ថយពន្ធ និងអនុគ្រោះពន្ធលើប្រភេទពន្ធមួយចំនួនក៏បាន និងកំពុងផ្តល់គុណប្រយោជន៍​ជូនប្រជាពលរដ្ឋទូទៅ ដែលមានប្រាក់ចំណូលទាបជាពិសេសនោះ៕B/