​សភា​អ៊ីរ៉ង់​កាលពី​ថ្ងៃ​អង្គារ​ទី​៧​មករា បាន​អនុម័ត​ច្បាប់​មួយ​ដែល​ដាក់​កងកម្លាំង​អាម៉េរិក​ទាំងអស់​ជា​«​ភេរ​វករ​» ដោយសារ​តែ​សម្លាប់​មេបញ្ជាការ​យោធា​ជាន់​​ខ្ពស់​របស់​ខ្លួន​ម្នាក់​កាលពី​សប្តាហ៍​មុន​។​

​ឧត្តមសេនីយ៍ កា​សេម សូ​ឡេ​ម៉ានី ត្រូវបាន​សម្លាប់​ដោយ​ការវាយប្រហារ​របស់ដ្រូន​អាម៉េរិក​នៅក្រៅ​អាកាសយានដ្ឋាន​ក្រុង​បា​ដា​ត​កាលពី​ថ្ងៃ​សុក្រ ដោយ​រុញ​ភាព​​តានតឹង​ក្នុង​តំបន់​ដល់​កំពូល​ភ្លាម​។​

​ក្នុងពេល​ជាមួយគ្នា ប្រមុខ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​បាន​គំរាម​ដុត​អោយ​ឆេះ​រាល់​ទីកន្លែង​ដែល​គាំទ្រ​ដោយ​អាម៉េរិក ដោយសារ​តែ​ការសម្លាប់​ឧត្តមសេនី​យ៍​ដ៏មាន​​ឥទ្ធិពល​រូបនេះ​។​

​ហូ​ស​សេន សាឡា​មី បាន​ធ្វើ​ការសន្យា​នៅ​ចំពោះ​ហ្វូង​មនុស្ស​រាប់ពាន់​នាក់​នៅ​ទីក្រុង​កំណើត​របស់​សូ​ឡេ​ម៉ា​នីថា​«​យើង​នឹង​សងសឹក​។​យើង​នឹង​ដុត​អោយ​ឆេះ​​កន្លែង​ដែល​ពួក​គេ​ចូលចិត្ត​។​

​ការប្តេជ្ញា​ចិត្ត​របស់​លោក​ឆ្លុះបញ្ចាំង​ការទាមទារ​ពី​មន្ត្រី​អ៊ីរ៉ង់​កំពូលៗ រួម​មាន​មេដឹកនាំ​ជាន់ខ្ពស់ អាយ៉ា​តុលា អា​លី ខា​មេ​នី ព្រម​ទាំង​អ្នកគាំទ្រ​ពាសពេញ​អ៊ីរ៉ង់ អោយ​យោធា​អ៊ីរ៉ង់​ធ្វើការ​សងសឹក​អាម៉េរិក​។​

​តែ ប្រធាន​អង្គការ​ណា​តូ លោក ជេ​ន ស្តូល​ថិ​ន​ប៊ឺក បាន​ព្រមាន​កាលពី​ថ្ងៃ​ចន្ទ​ថា រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​គួរ​ចៀសវាង​«​អំពើហិង្សា​និង​ការបង្ក​រឿង​ថែម​»​។​ការ​​ព្រមាន​នេះ​កើត​ឡើង​ក្រោយ​ពី​សហភាព​អឺរ៉ុប​កោះប្រជុំ​ពិសេស​នៅ​ទីក្រុង​ព្រុច​សែល​ដើម្បី​ពិភាក្សា​ប្រតិកម្ម​បណ្តាល​មក​ពី​ការសម្លាប់​កា​សេម សូ​ឡេ​ម៉ានី​។​

​លោក​ស្តូល​ថិ​ន​ប៊ឺក បានបញ្ជាក់​ថា ការវាយប្រហារ​ដោយ​ដ្រូ​ន ដែល​សម្លាប់​មនុស្ស​ប្រមាណ​១០​នាក់​នេះ ជា​ការសំរេចចិត្ត​របស់​អាម៉េរិក តែ​ថា​សមាជិក​ទាំង​២៨​ប្រទេស​របស់​អង្គការ​ណា​តូ បាន​សម្តែង​ការព្រួយបារម្ភ​របស់​ខ្លួន​ជា​យូរ​មក​ហើយ​អំពី​សកម្មភាព​បង្ក​អស្ថិរភាព​របស់​អ៊ីរ៉ង់​នៅ​តំបន់​មជ្ឈិមបូព៌ា​។​

​ចំណែក​ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប បាន​និយាយថា សហភាព​អឺរ៉ុប​ព្យាយាម​ពិភាក្សា​ជាមួយ​គ្រប់​ភាគី​ដើម្បី​បន្ថយ​ភាព​តានតឹង​ដោយ​លោក​អំពាវនាវ​អោយ​​អត់ធ្មត់​៕​ប្រែ​សម្រួល​៖​វាសនា​