ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ការលក់​លេខ​ចុះបញ្ជី ពិសេស​ផ្ទាល់ខ្លួន ឬ​ស្លាក​លេខ​ពិសេស សម្រាប់​រថយន្ត​។ ពិធី​នេះ បានធ្វើ​ឡើង​ក្រោម​អធិបតី ភាព​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​រសៀល ថ្ងៃ​អង្គារ ទី​៧ ខែមករា​ឆ្នាំ​២០២០ នៅ​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល (AEON MALL) សែន​សុខ ស៊ី​ធី ក្នុង​រាជធានី​ភ្នំពេញ​។​
​ ​
ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា​គោលបំណង​ក្នុងការ​ដាក់​ឲ្យ​ប្រើប្រាស់ស្លាក​លេខ​ពិសេស​នេះ គឺ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​អាច​ជ្រើស រើស​ស្លាក​លេខ រថយន្ត ដែល​ខ្លួន​ស្រឡាញ់ តាមរយៈ​ការដាក់​ពាក្យស្នើសុំ​ទិញ​ក្នុង​ប្រព័ន្ធ ឬ​តាមរយៈ​ការដាក់ ដេញថ្លៃ​ក្នុង​ប្រព័ន្ធ ដោយ​បង្ក​ភាពងាយស្រួល តម្លាភាព​ទំនុកចិត្ត លឿន​រហ័ស និង​សុវត្ថិភាព ខ្ពស់​។​
​ ​
ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា លក្ខណៈសម្បត្តិ​របស់​ស្លាក​លេខ​ពិសេស ផ្ទាល់ខ្លួន​នេះ គឺ​ត្រូវបាន​បោះពុម្ព ដោយមាន​អក្សរ «​កម្ពុជា​» នៅ​ផ្នែក​ខាងលើ និង​ការរួមបញ្ចូល គ្នា​នៃ​លេខ​ឡាតាំង ឬ​អក្សរ ចាប់ពី ០១ ដល់ ០៨ ខ្ទង់ បោះពុម្ព​នៅ​ផ្នែក​កណ្តាល ព្រមទាំង​មាន QR Code នៅ​ផ្នែក​ខាងស្តាំ​នៃ​ស្លាក​លេខ​ផងដែរ​។​

ការដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ ស្លាក​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន សម្រាប់​រថយន្ត​នេះ គឺ​ម្ចាស់​យានយន្ត អាច​កំណត់​អក្សរ ឬ​លេខ ទៅតាម​អ្វីដែល​ខ្លួន​ចង់បាន ហើយក៏​អាច​យក ស្លាក​លេខ​នេះ ទុក​ប្រើប្រាស់​ពេញ​មួយជីវិត​ផងដែរ​។​

​តម្លៃ​ស្លាក​លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ ត្រូវបាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចាប់ផ្តើម លក់ ក្នុងតម្លៃ​ទាប​បំផុត ចាប់ពី ៥ លាន​រៀល រហូតដល់ ១០០០ លាន​រៀល​។ ការដេញថ្លៃ​ស្លាក លេខ​ពិសេស​ផ្ទាល់ខ្លួន​នេះ ក៏​ធ្វើឡើង តាម​ប្រព័ន្ធ​អន​ឡាញ ដែល​លោក​រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹកជញ្ជូន បញ្ជាក់ថា ធ្វើឡើង​ដោយ​តម្លាភាព និង​ទំនុកចិត្ត​ដោយ​មិនអាច មាន​ជនណាម្នាក់ មក​កែសម្រួល ឬក៏​ត្រូវរ៉ូវ​គ្នា បក្ខពួក បន្លំ​បាន​នោះទេ​។​

​ទោះបីជា​ស្លាក​លេខ​ថ្មី​ពិសេស​នេះ ខុសពី​ស្លាក​លេខ​ចាស់ ដោយ​ខ្លះ​មានតែ​អក្សរ មិនមាន​លេខ ដូច​មុន​ក៏ពិតមែន តែ​ក៏​ជាការ​បង្កើត​ថ្មី ដើម្បី​បង្កើន​ចំណូល​ចូល​ថវិការដ្ឋ ព្រោះថា អ្នកមាន​លុយ នៅ​ស្រុក​យើង​ឥឡូវ កាន់​តែមាន​ច្រើនឡើងៗ ហើយ​អ្នក​លុយ នឹង​ចំណាយ​ក្នុង​ការទិញ​ស្លាក លេខ​ពិសេស​នេះ​។

​ក្នុងពេល​ប្រមូលបាន​ចំណូល​បន្ថែម​នេះ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​គួរតែ​សហការ​ជា មួយ​នឹង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​គ្រប់គ្រង​ចំណូល ពិសេស​ក៏​គួរតែ​លុបបំបាត់ ក្រុម​អ្នក​រត់ការ ដែល​នៅតាម​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា​នៅ​កន្លែង​ត្រួតពិនិត្យ លក្ខណៈ​បច្ចេកទេស​យានយន្ត ឬ​ឈៀក គឺមាន​អ្នក​រត់ការ​ច្រើន ហាក់ដូចជា​ក្រុម​អ្នក​គួ​ក​ជេ ចាប់​ម៉ូយ​នៅ​កន្លែង​លក់​ម៉ូតូ​នៅ​អូរឫស្សី ដែល​ពេលខ្លះ ហាក់ដូចជា​បង្ក​ភាព​រញ៉េរញ៉ៃ​ខ្លះ​ដែរ​។​

​ជារួម ការបើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​ការលក់​លេខ​ចុះបញ្ជី​ពិសេស​ផ្ទាល់ខ្លួន ឬ​ស្លាក​លេខ ពិសេស សម្រាប់​រថយន្ត​នេះ គឺជា​សមិទ្ធផល​ថ្មី​មួយទៀត ក្រោម​អាណត្តិ​របស់លោក​ស៊ុន ចាន់ថុល ជា​រដ្ឋមន្ត្រី ដែល​កាន់តែ​ផ្តល់នូវ​ភាពងាយស្រួល ដល់​ប្រជាពលរដ្ឋ​យើង ពិសេស អ្នកមាន​លុយ ចង់បាន​លេខ​ល្អ និង​លេខ​ដែល​ខ្លួន​ពេញចិត្ត សម្រាប់​ប្រើប្រាស់​មួយជីវិត តកូនតចៅ ហើយក៏​នឹងធ្វើ​បង្កើន​ចំណូល​បន្ថែមទៀត ដល់​ក្រសួង​ផងដែរ​។ គ្រាន់តែ​ការគ្រប់គ្រង គួរតែ​ម៉ត់ចត់ និង​មាន​តម្លាភាព ទាំង​ថវិកា និង​ទាំង​នីតិវិធី នោះ​នឹង​កាន់តែ​ប្រសើរ​ហើយ​៕ ដោយ​៖ ម៉េង​ឆៃ​