មូលដ្ឋានទ័ពអាកាស អាយណាល់ អាសាត(Ayn al-Asad ) ដែលជាមូលដ្ឋានទ័ពអាកាសធំមួយរបស់អាម៉េរិកនៅអ៊ីរ៉ាក់ បានរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ពីសំណាក់កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ដើម្បីជាការសងសឹកការដែលអាម៉េរិកសម្លាប់ឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់។
មូលដ្ឋានទ័ពអាកាសអាយណាល់ អាសាតរងការវាយប្រហារដោយគ្រាប់រ៉ុក្កែត ក្រោយអ៊ីរ៉ង់បាញ់កាំជ្រួចដាក់កាលពីដើមថ្ងៃពុធ
នៅព្រឹកថ្ងៃពុធទី៨មករានេះ កងឆ្មាំបដិវត្តន៍អ៊ីរ៉ង់(IRGC)បានអះអាងទៅកាន់ទូរទស្សន៍Press TVថា មូលដ្ឋានទ័ពអាកាសអាយណាល់ អាសាត រងការវាយប្រហារដោយកាំជ្រួចរាប់សិបគ្រាប់។
IRGCបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«យើងព្រមានគ្រប់ប្រទេសជាសម័្ពន្ធមិត្តអាម៉េរិកថា បើសិនជាមានការវាយប្រហារចេញពីប្រទេសណាមួយមកលើអ៊ីរ៉ង់ ប្រទេសនោះនឹងក្លាយជាគោលដៅនៃការសងសឹកដោយយោធា»។
IRGCបានព្រមានទាំងអាម៉េរិកនិងសម្ព័ន្ធមិត្តក្នុងតំបន់ថាកុំឲ្យធ្វើការសងសឹកក្រោយការវាយប្រហារថ្ងៃ៨មករានៅអ៊ីរ៉ាក់។
ក្នុងពេលជាមួយគ្នា ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់Tasnim បានរាយការណ៍ថា គ្រាប់រ៉ុក្កែត៣៥គ្រាប់ត្រូវបានបាញ់ចូលមូលដ្ឋានទ័ពអាកាស ខណៈដែលទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Fars បានចាត់ទុកការបាញ់កាំជ្រួចផ្លោងរបស់អ៊ីរ៉ង់ដាក់មូលដ្ឋានទ័ពអាម៉េរិកនេះថាជា«ការសងសឹកចាស់ដៃ» ។
ប្រភពយោធាអាម៉េរិកបានប្រាប់សារព័ត៌មានFox Newsថា កងកម្លាំងអាម៉េរិកស្ថិតក្រោមការវាយប្រហារពីអ៊ីរ៉ង់។វាអាចជាកាំជ្រួចបណ្តែតឬកាំជ្រួចផ្លោងចម្ងាយខ្លី។
ការវាយប្រហារដោយកាំជ្រួចក៏ត្រូវបានរាយការណ៍ថាមាននៅទីក្រុងអឺប៊ីល របស់អ៊ីរ៉ាក់ភាគខាងជើង ដែលមានស្ថានកុងស៊ុលអាម៉េរិកមួយនៅទីនោះ។
មកទល់ពេលនេះ មន្ត្រីអាម៉េរិកនៅមិនទាន់បញ្ជាក់ប្រាប់ថាតើមានទាហានរបស់ខ្លួនប៉ុន្មាននាក់របួសឬស្លាប់ដោយការវាយប្រហារទាំងនេះ។
លេខាព័ត៌មានសេតវិមានបាននិយាយថា «យើងដឹងអំពីការវាយប្រហារលើទីតាំងអាម៉េរិកនៅអ៊ីរ៉ាក់។លោកប្រធានាធិបតី ក៏ត្រូវបានរាយការណ៍ជូននិងកំពុងតាមដានសភាពការណ៍ជាប់ ហើយប្រឹក្សាយោបល់ជាមួយក្រុមសន្តិសុខជាតិរបស់លោក»។
ការវាយប្រហារលើមូលដ្ឋានទ័ពអាម៉េរិកនេះ បានកើតឡើងតែប៉ុន្មានម៉ោងក្រោយមន្ត្រីIRGC ឧត្តមសេនីយ៍ ម័រតាដា គួរបានី បានប្រកាសថា កងកម្លាំងរបស់លោក«ស្ថិតក្នុងស្ថានភាពប្រុងប្រៀបខ្លួនខ្ពស់បំផុត»ដើម្បីកម្ទេចមូលដ្ឋានអាម៉េរិកនិងអឺរ៉ុបនៅក្នុងតំបន់៕ប្រែសម្រួល៖វាសនា/Ha