នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារ ទី៧ មករា បានជំរុញឱ្យប្រជាជនបិទទឹកម៉ាស៊ីននិងងូតទឹកឱ្យតិចដើម្បីទប់ទល់នឹងគ្រោះរាំងស្ងួតដែលកំពុងប៉ះពាល់នៅខេត្តភាគខាងជើងនិងភាគកណ្តាលនៃប្រទេសថៃ។
កាលពីសប្តាហ៍មុន រដ្ឋាករទឹកក្រុងបាងកកបាននិយាយថាទឹកម៉ាស៊ីនរបស់ទីក្រុងបានប្រែទៅជាមានរសជាតិប្រៃ ខណៈទឹកសមុទ្របានរុញចូលមកច្រាំងទន្លេចៅប្រាយ៉ា ដែលជាប្រភពទឹកសំខាន់បំផុតសម្រាប់ថៃភាគកណ្តាល។
អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់អ្នកយកព័ត៌មានថាគណៈរដ្ឋមន្រ្តីបានព្រមព្រៀងកាលពីថ្ងៃអង្គារថានឹងចំណាយថវិកាចំនួន ៣ ពាន់លានបាត (១០០ លានដុល្លារ) ទៅលើបំពង់បង្ហូរទឹកនិងបំពង់ទឹកដើម្បីទាញយកទឹកពីក្រោមដីដើម្បីកាត់បន្ថយគ្រោះរាំងស្ងួត ដែលគេរំពឹងថានឹងកាន់តែអាក្រក់នៅក្នុងប៉ុន្មានខែខាងមុខ។
រដូវប្រាំងរបស់ថៃបានចាប់ផ្តើមក្នុងខែវិច្ឆិកា ហើយជាធម្មតាអូសបន្លាយពេលរហូតដល់ខែមេសា ទោះបីជាអាជ្ញាធរឆ្នាំនេះនិយាយថាវាអាចបន្តរហូតដល់ខែមិថុនាក៏ដោយ។ គ្រោះរាំងស្ងួតត្រូវបានប្រកាសក្នុងខេត្តចំនួន ១៤ នៅភាគកណ្តាលភាគខាងជើងនិងភាគឦសាននៃតំបន់កសិកម្ម។
លោកប្រាយុទ្ធបាននិយាយថា “សូមមេត្តាជួយសន្សំសំចៃទឹក។ សូមបិទទឹកម៉ាស៊ីនទាំងអស់។ កាត់បន្ថយការដុសធ្មេញនិងងូតទឹកម្តងតែមួយនាទីបានហើយ”។
ជាមួយកម្រិតអាងស្តុកទឹកទាប រដ្ឋាភិបាលក៏បានស្នើដល់ប្រជាកសិករនៅតាមបណ្តាខេត្តមួយចំនួននៅក្បែរអាងទន្លេចៅប្រាយ៉ាកុំធ្វើស្រែប្រាំងផងដែរ៕ ដោយ៖ កញ្ញាដាលីស/Ha