ដោយ: ចាន់តូ / ភ្នំពេញ: បុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតជាជនជាតិចិន បានបើករថយន្តម៉ាកព្រូសយ៉ាងលឿនទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវរថយន្តក្រឡាប់ជាច្រើនត្រឡប់ធ្លាក់ចូលទឹកបឹង របួសធ្ងន់ ឯរថយន្តរងការខូចខាត យ៉ាងដំណំ ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៣០នាទីយប់ថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចទឹកបឹងមួយកន្លែង តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ។

អ្នកបើករថយន្តបង្កជាជនជាតិចិន មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ រងរបួសទាំង២នាក់។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AW 2414 ជិះគ្នា២នាក់បើកតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូងយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរេចង្កូតមកស្ដាំដៃជ្រុលទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម ធ្វើឲ្យរថយន្តក្រឡាប់ជាច្រើនត្រឡប់ ធ្លាក់ចូលទឹកបឹងរងរបួសជនជាតិចិនទាំងពីរនាក់ធ្ងន់ធ្ងរ។ ភ្លាមៗត្រូវបានរថយន្តដឹកយកទៅសង្គ្រោះជីវិតផងដែរ។
ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញក៏បានមកស្ទូចយករថយន្តទៅរក្សាទុក រង់ចាំឲ្យជនបង្កចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕ ល/Ha