ភ្នំពេញ​៖ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង បាន​សហការ ជាមួយ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​និង​រដ្ឋបាល​ខេត្តព្រះវិហារ ក្នុងការ​រៀបចំ​សិក្ខាសាលា នៅ​ខេត្តព្រះវិហារ ដែលជា​គោលដៅ​ទី​១៨​នៃ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ឆ្នាំ​២០១៩ ក្រោម អធិបតីភាព​លោក ស៊ូ សុជាតិ អគ្គនាយក​នៃ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា និង​លោក គោ​ស៊ុំ ប៊ុន​សឿត អភិបាលរង​ខេត្តព្រះវិហារ​។ សិក្ខាសាលា​នេះ​មាន​ប្រធានបទ «​អ្វី​ជាការ​ជួញ ដូរ​ឧបករណ៍​និ​ស្ស​ន្ទៈ ការត្រៀមខ្លួន ការវិនិយោគ និង​ការ យល់ដឹង​ពាក់ព័ន្ធ​?»​។ សិក្ខាសាលា តាម​បណ្ដា​ខេត្ត មាន​គោលបំណង​ចែករំលែក​ចំណេះដឹង ជំនាញ បទពិសោធន៍ បទបញ្ញត្តិ និង​ឱកាស​វិនិយោគ​ដល់​សាធារណៈជន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្នុងឱកាស​នោះ​លោក គោ​ស៊ុំ ប៊ុន​សឿត បានលើកឡើង​ពី​សក្ដានុពល​នៃ​ខេត្ តព្រះវិហារ និង​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ក្នុងការ​អភិវឌ្ឍ​គ្រប់​វិស័យ​។ តាមរយៈ​សិក្ខា សាលា​នេះ លោក​រំពឹងថា សិក្ខាកាម​នឹង​ទទួលបាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​បន្ថែម​ជាពិសេស លើ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​។

​ថ្លែង​ទៅកាន់​អ្នកចូលរួម​លោក​ស៊ូ សុជាតិ បាន​បញ្ជាក់ថា “​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ ផ្ដល់​អត្ថ ប្រយោជន៍​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ចកម្ពុជា តាមរយៈ​ការបង្កើត​ឱកាស​ការងារ​សម្រាប់​និស្សិត ដែល​បានបញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​។ ការបង្កើត​ឱកាស​រកប្រាក់​ចំណូល​ពី​ការ វិនិយោគ ការផ្លាស់ប្តូរ​ទម្លាប់​ពី​ការ​សន្សំ​មកជា​ការវិនិយោគ​។ ការបង្កើត​ជម្រើស​ថ្មី​នៃ​ការ វិនិយោគ ការ​បង្វែរ​ការវិនិយោគ​ពី​ក្រៅ​ស្រុក​មក​ក្នុងស្រុក និង​ការបង្កើន​ចំណូល​ជូន​រដ្ឋ តាមរយៈ​ការបង់ពន្ធ​ជាដើម​”​។​

​លោក Lawrence Kook អភិបាល​នៃ​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង​បានបង្ហាញ​ពី​ក្ដី រំពឹង​ខ្ពស់ របស់លោក​ទៅលើ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត និង​ជឿជាក់ថា វា​នឹង​ផ្ដល់​អត្ថ ប្រយោជន៍​ច្រើន​ដល់​វិនិយោគិន​ដែល​វិនិយោគ​លើ​ផលិតផល​ឧបករណ៍​និ​ស្ស​ន្ទ​ទាំង​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​វែង​។ លោក​ក៏បាន​ប្ដេជ្ញា​អភិវឌ្ឍ​ទីផ្សារ​ឧបករណ៍​និ​ស្ស​ន្ទ​នៅ​កម្ពុជា ឱ្យ​កាន់​តែមាន​ភាពល្អប្រសើរ និង​មានការ​ទទួលស្គាល់​នៅ​ទូទាំង​ពិភពលោក​។​
​ ​
​លោក Lawrence បាន​និយាយថា “​ត្រឹម​សប្ដាហ៍​ទី​១​នៃ​ឆ្នាំ​២០២០ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា នឹង​បានធ្វើ​ដំណើរ និង​ផ្ដល់​ចំណេះ​ជំនាញ​វិនិយោគ ដល់​សាធារណៈជន​នៅ​គ្រប់​ខេត្ត​ក្រុង​ទាំងអស់​នៃ​ប្រទេស​កម្ពុជា​។ នេះ គឺជា​ប្រវត្តិសាស្ត្រ​ដំបូង និង​គួរឱ្យ​ចាប់អារម្មណ៍​មួយ​នៅ​កម្ពុជា​។ មិនតែប៉ុណ្ណោះ យើង​នឹង​បន្ត​ផ្សព្វផ្សាយ​អំពី​ប្រទេស កម្ពុជា និង​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យមក​វិនិយោគ​ក្នុង​ដែនដី​សុវណ្ណ​ភូមិ​នេះ ហើយ​វា​គឺ ជា​អ្វីដែល​យើង​បានធ្វើ​នៅ​ពិព័រណ៍ London Summit 2019 នៅ​ប្រទេស​អង់គ្លេស​នាពេល ថ្មីៗ​នេះ​”​។​

​គិត​មកដល់​បច្ចុប្បន្ន ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា បាន​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ក្នុងការ​រៀបចំ​សិក្ខាសាលា​តាម​បណ្ដា​ខេត្ត​ក្នុង​ខេត្ត​ចំនួន​២៣​រួចមកហើយ រួមមាន​៖ ខេត្ត​ព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្ត​កែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្ត​ប៉ៃលិន ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តកោះកុង​ខេត្ត​ត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តកំពង់ធំ និង​ខេត្តព្រះវិហារ​នេះ​តែម្ដង​។​

​នៅលើ​ឆាក​អន្តរជាតិ​វិញ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន ដេ​រី​វ៉េ​ទីវ អ៊ិ​ច​ឆេង ធ្លាប់បាន​ចូលរួម​ពិព័រណ៍ និង​ព្រឹត្តិការណ៍​ហិរញ្ញវត្ថុ​ធំៗ​ដូចជា​៖ ពិព័រណ៍ iFX Expo ឆ្នាំ​២០១៨ នៅ​ប្រទេស​សាយ​ប្រឺស ពិព័រណ៍ London Summit ឆ្នាំ​២០១៧ ពិព័រណ៍ London Summit ឆ្នាំ​២០១៨ ពិព័រណ៍ London Summit ឆ្នាំ​២០១៩ នៅ​ចក្រភព​អង់គ្លេស និង​ពិព័រណ៍ iFX Expo Aisa ២០១៩​នៅ​ទីក្រុង​ហុង កុង​។ ក្រុមហ៊ុន ក៏មាន​ដៃគូ​សហការ​អន្តរជាតិ​ជាច្រើន​នៅ​ប្រទេស​អូស្ត្រាលី សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស ប្រទេស​ឥណ្ឌូនេស៊ី ប្រទេស​មី​យ៉ាន់​ម៉ា ទីក្រុង​ហុងកុង និង​ទីក្រុង​ឌូ​បៃ​ជាដើម​៕ ដោយៈ​បូ​រិ​ន​