ក្រុមហ៊ុន Lenovo កំពុងដាក់បង្ហាញដល់អ្នកចូលរួមក្នុងពិព័រណ៍ CES ឆ្នាំនេះនៅឡាសវេហ្គាស នូវកុំព្យូទ័រយួរដៃថ្មីពោរពេញដោយមហិច្ឆតារបស់ខ្លួន ដែលក្រុមហ៊ុនពិពណ៌នាថាជា “កុំព្យូទ័រអាចបត់បានលើកដំបូងនៅលើពិភពលោក”។
មានឈ្មោះថា ThinkPad X1 Fold កុំព្យូទ័រនេះមើលភ្លាមគឺដូចជាថេប្លេតធម្មតា ដែលមានអេក្រង់ OLED ទំហំ ១៣,៣ អ៊ីញ។
នៅពេលភ្ជាប់ជាមួយក្តារចុចប៊្លូធូសឆក់ពីខាងក្រៅ ហើយដាក់វានៅលើតុធ្វើការ ពេលនោះ ThinkPad X1 Fold អាចប្រើការដូចជាកុំព្យូទ័រយួរដៃស្តង់ដារដែរ។
អ្នកប្រើក៏អាចបត់អេក្រង់ជាពីរផងដែរ ដោយអាចបិទវាដូចសៀវភៅឬពត់វាទៅមុំ ៩០ ដឺក្រេ។
នៅពេលអេក្រង់ត្រូវបានបត់នៅមុំត្រឹមត្រូវ វាអាចប្រើសម្រាប់ពហុមុខងារ ដោយកម្មវិធីមួយនឹងដំណើរការនៅអេក្រង់ខាងលើនិងមួយទៀតដំណើរការនៅលើអេក្រង់ខាងក្រោម។
ឧទាហរណ៍ជាក់ស្តែង អ្នកប្រើប្រាស់អាចភ្ជាប់ការហៅជាវីដេអូសន្និសីទនៅអេក្រង់ខាងលើ ខណៈបើកបញ្ជីឬឯកសារឱ្យដំណើរការនៅលើអេក្រង់ខាងក្រោម។
ThinkPad X1 Fold ក៏មានក្តារចុចនិម្មិតមួយផងដែរ ដែលអាចទាញមកប្រើបានគ្រប់ពេល ក្នុងករណីពុំមានក្តារចុចខាងក្រៅ។
ក្រុមហ៊ុន Lenovo និយាយថា កុំព្យូទ័រ Fold នឹងលក់រាយក្នុងតម្លៃប្រហែល ២.៥០០ ដុល្លារ ហើយនឹងមានលក់នៅពាក់កណ្តាលឆ្នាំ ២០២០ ទោះបីជាកាលបរិច្ឆេទជាក់លាក់មិនទាន់ត្រូវបានបញ្ចេញឱ្យដឹងក៏ដោយ៕ ដោយ៖ កញ្ញាដាលីស/Ha