ដោយ: ចាន់តូ / ភ្នំពេញ: បុរសម្នាក់បានជិះម៉ូតូក្នុងល្បឿនលឿនតាមបណ្តោយផ្លូវបេតុងទួលពង្រ ស្របពេលនោះក៏មានរថយន្តជិះបញ្ច្រាសទិសគ្នា ហើយក៏ឆាបគ្នានិងសម្លឹងមុខដាក់គ្នា ខាងរថយន្តក៏បត់ត្រឡប់ក្រោយដេញបុករហូតដល់មុខផ្សារទួលពង្រ បណ្ដាលឱ្យខាងភាគីម៉ូតូដួលរងរបួសស្រាល កាលពីវេលាម៉ោង ១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ ២០២០ តាមបណ្ដោយផ្លូវបេតុងទួលពង្រ ស្ថិតក្នុងសង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ។ ភាគីទាំងសងខាងមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។
តាមសម្ដីបុរសដែលជិះម៉ូតូបានរៀបរាប់ប្រាប់ថា ដំបូងឡើយរូបគាត់បានជិះម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1DH 4459 ពីស្តុបទួលពង្រតាមបណ្ដោយផ្លូវបេតុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ បានឆាបគ្នាជាមួយនឹងរថយន្តម៉ាកកាមរីបាឡែន ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2Z 0342 ជិះគ្នា៤នាក់ ហើយក៏បានសម្លឹងមុខគ្នាដាក់គ្នា ខណៈពេលនោះរថយន្តក៏បត់ត្រឡប់ក្រោយបើកដេញតាមបុកម៉ូតូរហូតដល់ចំណុចកើតហេតុខាងលើក៏បុក បណ្ដាលឲ្យដួលម៉ូតូ។ ហើយរូបគាត់បានស្ទុះមកវ៉ៃកញ្ចក់រថយន្តមួយដៃ ស្រាប់តែភាគីរថយន្តបានដកកាំភ្លើងមកអាម៉េ ដើម្បីបន្លាច ឃើញដូច្នោះគ្នីគ្នាខាងរថយន្តក៏ចាប់យកកាំភ្លើងលាក់ទុកវិញ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំភាគីទាំងសងខាងទៅសម្របសម្រួលគ្នា គឺបានសុំទោសគ្នាទៅវិញទៅមកបញ្ចប់រឿងនៅក្នុងប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១៕ ល/Ha