ក្រុមហ៊ុន Mercedes Benz កំពុងប្រើថាមពលអគ្គិសនីដើម្បីផ្តល់កម្លាំងដល់រថយន្តគំរូរបស់ខ្លួនឈ្មោះថា Vizion AVTR។
នៅក្នុងពិព័រណ៍គ្រឿងអេឡិចត្រូនិច (CES) ក្នុងក្រុងឡាសវេហ្គាសកាលពីថ្ងៃចន្ទទី៦មករា ក្រុមហ៊ុន Daimler-Benz (ឬ Mercedes-Benz) បានបញ្ចេញនូវរថយន្តអគ្គិសនីថ្មីរាងប្លែករបស់ខ្លួន ដែលបំផុសគំនិតផលិតឡើងចេញពីខ្សែភាពយន្ត Avatar។
ដើម្បីជួយឱ្យគំនិតនេះប្រែក្លាយជារថយន្តពិតៗ ក្រុមហ៊ុន Daimler-Benz បានសុំអ្នកដឹកនាំរឿង Avatar លោក ជែម ខេមរ៉ូន ឱ្យជួយ។
លោកខេមរ៉ូន ដែលកំពុងផលិតវគ្គបន្ទាប់ទៀតនៃរឿង Avatar ដែលបានដាក់បញ្ចាំងដំបូងក្នុងឆ្នាំ ២០០៩ បានយកឱកាសនេះលើកមកនិយាយអំពីសារដ៏សំខាន់នៃចីរភាព និង របៀបដែលសារនេះរកឃើញផ្លូវរបស់វាដើម្បីក្លាយជារថយន្ត។
លោកខេមរ៉ូននិយាយថា “ខ្ញុំបានអង្គុយក្នុងរថយន្តគំរូនេះ នៅកន្លែងបញ្ជា ហើយវាមានអារម្មណ៍ដូចមានជីវិតអ៊ីចឹង វាចេះដកដង្ហើម វាពិតជាអស្ចារ្យ”។
រថយន្តអគ្គិសនីដ៏រលើបរលោងនេះ មានសមត្ថភាពបើកបរដោយស្វ័យប្រវត្តិ និងថែមទាំងអាចបើកបរពីចំហៀងបានទៀតដោយប្រើឧបករណ៍បញ្ជាហៅថា “Bionic Flap” ដែលយកគំរូតាមកន្ទុយសត្វល្មូន។
ឧបករណ៍បញ្ជានេះអនុញ្ញាតឱ្យកង់មុខនិងកង់ក្រោយបែរទៅចំហៀងទន្ទឹមគ្នា និងផ្តល់សមត្ថភាពដល់រថយន្ត VISION AVTR បើកទៅចំហៀងដោយរលូន។
រថយន្តនេះគ្មានចង្កូតទេ ដូច្នេះអ្នកបើកបរគ្រាន់តែដាក់ដៃលើកន្លែងបញ្ជា វានឹងចាប់ផ្តើមបញ្ឆេះម៉ាស៊ីនដោយស្វ័យប្រវត្តិ គឺដូចក្នុងរឿង Avatar យ៉ាងអ៊ីចឹង។
យោងតាមក្រុមហ៊ុនឱ្យដឹងថា ផ្ទៃខាងក្នុងចាប់ផ្តើមដំណើរការ និងស្គាល់អ្នកបើកបរដោយសារចង្វាក់បេះដូងនិងដង្ហើមរបស់អ្នកបើកបរ។
អ្នកបើកបរគ្រាន់តែលើកដៃ នោះបញ្ជីមួយនឹងលោតលើបាតដៃ ដើម្បីឱ្យអ្នកជិះជ្រើសរើសរបៀបឱ្យវាបើកបរដោយស្វ័យប្រវត្តិ៕ ដោយ៖ កញ្ញាដាលីស