ក្លឹប Real Madrid កំពុងត្រៀមខ្លួននៅមុនរដូវកាលទិញដូរកីឡាករនៅរដូវក្តៅ ខណៈ ពេលពួកគេ ចង់ផ្ទេរកីឡាករ ធីម៉ូ វើន័រ (Timo Werner) របស់ក្លឹប RB Leipzig ។
បច្ចុប្បន្នមជ្ឈដ្ឋានជាច្រើនបានផ្តោតលើកិច្ចព្រមព្រៀងនៅរដូវរងារ ខណៈក្លឹបជាច្រើន ព្យាយាមពង្រឹងក្រុមនៅដំណាក់កាលទី២នៃរដូវកាល ប៉ុន្តែលោក ហ្ស៊ីណេឌីន ហ្ស៊ីដាន (Zinedine Zidane) កំពុងរៀបចំផែនការជាមុនផងដែរ។
ក្លឹប Real Madrid អន្ទះសាចង់សម្រេចកិច្ចព្រមព្រៀងដ៏គួរឲ្យភ្ញាក់ផ្អើលដើម្បីនាំយកកីឡាករ វើន័រ ជាកីឡាករឆ្នើមម្នាក់ក្នុងចំណោមកីឡាករឆ្នើមបំផុតនៅក្របខណ្ឌ Bundesliga ។
កន្លងមក វើន័រ ត្រូវបានភ្ជាប់ជាមួយកិច្ចព្រមព្រៀងផ្ទេរទៅក្លឹប Liverpool និងក្លឹបឆេលស៊ី ប៉ុន្តែនៅពេលនេះ វាហាក់ដូចជាថា ក្លឹប Real Madrid បានក្លាយជាក្លឹបនាំមុខគេ និងមាន គម្រោងដាក់សំណើផ្ទេរ៦៨លានផោននៅរដូវក្តៅនេះ។
វើន័រ ទើបនឹងបានចុះកិច្ចសន្យាថ្មីនៅអាល្លឺម៉ង់ ប៉ុន្តែមានសេចក្តីរាយការណ៍ថា សំណើក្នុង តម្លៃសមស្របនោះនឹងធ្វើឲ្យក្លឹប Leipzig ពិចារណាលក់កីឡាកររូបនេះ។
បណ្តាញព័ត៌មានអេស្ប៉ាញសរសេរថា ហ្ស៊ីដាន ចាប់ផ្តើមខកចិត្តនឹង លូកា ចូវីច (Luka Jovic) បន្ទាប់ពីផ្ទេរពីក្លឹប Eintracht Frankfurt កាលពីរដូវក្តៅ ដោយសារតែកីឡាករសញ្ជាតិ ស៊ែបរូបនេះពិបាកសម្របខ្លួន៕ ប្រែសម្រួល: ពិសិដ្ឋ