តុលាការឥណ្ឌាកាលពីថ្ងៃអង្គារទី៧ខែមករា បានបញ្ជាឱ្យប្រហារជីវិតបុរសចំនួន៤នាក់ ចំពោះទោសចាប់រំលោភបូក(ជាក្រុម)និងសម្លាប់និស្សិតសកលវិទ្យាល័យម្នាក់នៅលើរថយន្តក្រុងក្នុងរដ្ឋធានីញូវដែលី កាលពីឆ្នាំ២០១២។ ការប្រហារជីវិតនេះ នឹងធ្វើឡើងនៅថ្ងៃទី២២ខែមករា។
ពីដំបូង មនុស្ស៦នាក់ត្រូវបានចោទប្រកាន់ពីបទចូលរួមការចាប់រំលោភដ៏សាហាវនៅលើរថយន្តក្រុងមួយ ប៉ុន្តែមនុស្សម្នាក់ត្រូវបានដោះលែងបន្ទាប់ពីការឃុំខ្លួនមួយរយៈខ្លី ដោយសារជាអនីតិជន និងម្នាក់ទៀតបានធ្វើអត្តឃាតខណៈពេលរង់ចាំការជំនំជម្រះទោស។
កាលពីថ្ងៃអង្គារ ចៅក្រមតុលាការក្រុងញូវដែលី លោកសាទីស គូមារ បានចេញដីកាបង្គាប់ឱ្យកាត់ទោសប្រហារជីវិតមនុស្សទាំង៤នាក់នៅថ្ងៃទី២២ ខែមក។ ទោះជាយ៉ាងណា បុរសទាំងនេះនៅតែអាចធ្វើការប្តឹងឧទ្ធរណ៍ ហើយពួកគេក៏អាចដាក់ញត្តិទៅប្រធានាធិបតីឥណ្ឌាដើម្បីសុំក្តីមេត្តា។
នាងចូទី ស៊ីង និស្សិតអាយុ២៣ឆ្នាំ ត្រូវបានចាប់រំលោភបូក កាលពីខែធ្នូឆ្នាំ២០១២ខណៈដែលនាងបានកំពុងវិលត្រឡប់មកផ្ទះវិញ បន្ទាប់ពីដើរលេងជាមួយមិត្តប្រុសម្នាក់។ពួកជនល្មើស បានរំលោភនាង វាយមិត្តប្រុសរបស់នាងនៅលើរថយន្តក្រុងមួយ នៅមុនពេលទម្លាក់ពួកគេចោលនៅក្បែរផ្លូវមួយ។
នាងបានស្លាប់ដោយសារមុខរបួសគឺ២សប្តាហ៍ក្រោយមក៕ប្រែសម្រួល៖សុខា/sn/Ha
ក្រុមសាច់ញាតិរបស់ជនរងគ្រោះនេះ ដើរចេញពីតុលាការនៅទីក្រុងញូវដែលីកាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩