ឆ្មាវត្តមួយក្បាលដែលព្យាយាមទាមទារការចាប់អារម្មណ៍ និងចង់ឱ្យមានអ្នកប្រលែងជាមួយ វាអំឡុងពិធីសូត្រមន្តរយៈពេលប្រាំម៉ោងនៅយប់ថ្ងៃឆ្លងឆ្នាំសកលល្មមគ្រប់គ្រាន់នឹងសាកល្បង ភាពអត់ធ្មត់របស់ព្រះសង្ឃមួយវ័យក្មេងមួយអង្គ នៅពេលព្រះអង្គកំពុងផ្ចង់ស្មារតីសូត្រធម៌។
វីដេអូឃ្លីប ដែលបង្ហាញពីសកម្មភាពព្រះសង្ឃព្យាយាមរុញឆ្មាដែលឡើងលើភ្លៅរបស់ព្រះអង្គ ចេញដោយកាយវិការទន់ភ្លន់គួរឱ្យគ្នាន់គ្នេរ បានធ្វើឱ្យប្រជាជនថៃ មានចិត្តជ្រះថ្លា និងកោត សរសើរទឹកព្រះទ័យរបស់លោកដែលសន្ដោសចំពោះសត្វតិរច្ឆានក្រោយពីពួកគេមើលវីដេអូ ឃ្លីបនេះលើទំព័រហ្វេសប៊ុករបស់វត្តមួយនៅប្រទេសថៃ។
សូមបញ្ជាក់ថាការមានមេត្តាចំពោះសព្វសត្វគឺជាគោលការណ៍ដ៏សំខាន់មួយនៃព្រះពុទ្ធសាសនា ដែលប្រជាជនថៃប្រហែល៩៥ភាគរយប្រណិបតន៍។
បន្ទាប់ពីព្យាយាមរុញវាចេញជាច្រើនលើក នៅពេលវាតោងចីវររបស់ព្រះអង្គឡើងដល់លើស្មា ធ្វើឱ្យព្រះអង្គមើលគម្ពីរធម៌លែងឃើញ ទីបំផុតព្រះអង្គក៏បណ្ដោយតាមចិត្តវាហើយចាប់វាមក ថ្នាក់ថ្នម។
ព្រះតេជគុណដែលមានព្រជន្ម ២៥ ឆ្នាំខាងលើមានសង្ឃដីកាថា “ពេលនោះអាត្មាកំពុង ព្យាយាមអានគម្ពីរ ប៉ុន្តែអាត្មាយកចិត្តទុកដាក់លើឆ្មាខ្លាំងជាង” ៕ ប្រែសម្រួលៈខុម