ដោយ: គ្រញូង / បាត់ដំបង: នៅលើទីលានបាល់ទាត់នៃសាកលវិទ្យាល័យបាត់ដំបង កាលពីរសៀលថ្ងៃទី៧ខែមករាឆ្នាំ២០២០ បានរៀបចំកម្មវិធីបិទការប្រកួតកីឡាវាយសី និងកីឡាបាល់ទាត់ដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង ក្រោមអធិបតីលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា នាយឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោក ងួន រតនៈ អភិបាលខេត្ត។
លោក ងួន រតនៈ អភិបាលខេត្តមានប្រសាសន៍ថា ព្រឹត្តការណ៍នៃការប្រកួតកីឡាមហាជនដណ្តើមពានរង្វាន់របស់សម្តេចក្រឡាហោមស ខេង ដើម្បីអបអរសាទរខួបខួបអនុស្សាវរីយ៍លើកទី៤១ទិវាជ័យជម្នះ៧មករា១៩៧៩-៧មករា២០២០ (លើកទី២) មានការចូលរួមពីបណ្តាក្រុង ស្រុក ស្ថាប័នរដ្ឋ និងឯកជន គ្រឹះស្ថានសិក្សានិងក្លឹបកីឡាសរុប៦៤ក្រុម ក្រុមដើរក្បួន៩ផែន និងក្រុមការងាររៀបចបច្ចេកទេសសរុបចំនួន១,៦០៩នាក់ រួមមាន៖ ១.ប្រភេទកីឡាបាល់ទាត់មាន២៤ក្រុមកីឡាករសរុប៦០០នាក់, ២.ប្រភេទកីឡាវាយសីមាន៤០ក្រុមសរុប៨០នាក់(កីឡាការនីបីនាក់) ៣.ក្រុមចូលរួមដើរក្បួនចំនួន១០ផែនសរុប៧៧០នាក់ មានជាង១០ក្រុម និង៤.ក្រុមការងាររៀបចំបច្ចេកទេសលើវិញ្ញាសារប្រកួតវាយសីកីឡាបាល់ទាត់សរុប៨៩នាក់។
ជាលទ្ធផលប្រភេទកីឡាបាល់ទាត់លេខ១ បានទៅក្រុមស៊ានពិសិដ្ឋ ទទួលបានពានមួយមេដាយមាស២៣គ្រឿង និងថវិកា៥លានរៀល។ លេខ២ បានទៅលើក្រុមយុវជនស្រុកបាណន់ទទួលបានមេដាយប្រាក់២៣គ្រឿង និងថវិកា៣លានរៀល និងលេខ៣ បានទៅក្រុម ស.ស.យ.ក.ស្រុកសង្កែ ទទួលបានមេដាយសំរិទ្ធ២៣គ្រឿង និងថវិកា២លានរៀល។ ប្រភេទកីឡាវាយសីវាយគូលេខ១ ទទួលបានពាន១ មេដាយមាស២គ្រឿង និងថវិកា៨០ម៉ឺនរៀល។ លេខ២ មេដាយប្រាក់២គ្រឿង និងថវិកា៦០ម៉ឺនរៀល និងលេខ៣ ទទួលបានមេដាយសំរិទ្ធ២គ្រឿង និងថវិកា៤០ម៉ឺនរៀល។ ដោយឡែកកីឡាករ២១ក្រុម ដែលមិនបានលេខក៏ទទួលបានមួយក្រុម១លានរៀលដែរ។
ក្នុងកម្មវិធីបិទការប្រកួត លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា មានប្រសាសន៍ថា នេះជាមោទនភាពក្រៃលែងដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំនាវាកម្ពុជាទទួលបាននូវសន្តិភាពមកដល់សព្វថ្ងៃនេះ អរគុណសន្តិភាព។ បើយើងទាំងអស់គ្នាគ្មានសន្តិភាព តើយើងទាំងអស់គ្នាអាចបានមកជួបជុំគ្នា លេងកីឡាជុំគ្នាសប្បាយរីករាយបែបនេះកើតទេ សន្តិភាពគឺបានបង្ហាញមុខមាត់និងការរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជានាពេលបច្ចុប្បន្ន៕ ល