​ដោយ​: គ្រ​ញួ​ង / បាត់ដំបង​: ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​៨​ខែមករា​ឆ្នាំ​២០២០ បាន​បញ្ជូន​ជនសង្ស័យ​បួន​នាក់ និង​ថ្នាំញៀន​២​ថង់​ទៅ​តុលាការ ពីបទ​ជួញដូរ​គ្រឿងញៀន​។ ជនសង្ស័យ​ទាំងនេះ ត្រូវបាន​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការនគរបាល​ក្រុង​បាត់ដំបង​ចាប់ខ្លួនបាន កាលពី​យប់​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០២០ នៅ​ចំណុច​ក្រុម​១​ភូមិ​ថ្កូវ​សង្កត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង​។​

​លោក សុខ និមល នាយការិយាល័យ​ស្តីទី​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា ជនសង្ស័យ​ទាំង​បួន​នាក់​មាន ១.​ឈ្មោះ រ៉ា ឈិ​ត ភេទ​ប្រុស អាយ​២៨​ឆ្នាំ នៅ​ភូមិ​បាក់​ព្រា​ឃុំ​ព្រៃ​ចាស់​ស្រុក​ឯក​ភ្នំ​, ២.​ឈ្មោះ មិត្ត សា​ឃឿន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ថ្កូវ​ឃុំ​ក្តុល​ដូនទាវ​ក្រុង​បាត់ដំបង​, ៣.​ឈ្មោះ ញ៉ុ​ក យិន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​/​សង្កាត់​ជាមួយគ្នា និង​៤.​ឈ្មោះ ស្រុ​ន ដា​វីន ភេទ​ស្រី អាយុ​៣០​ឆ្នាំ នៅ​ភូមិ​សង្កាត់​ជាមួយគ្នា​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​៖ ថ្នាំញៀន​ប្រភេទ ម៉ា​ទឹកកក​(ICE)​ចំនួន​២​ថង់​ទម្ងន់​០,៣៤​ក្រាម ថង់​សម្រាប់​ច្រកថ្នាំ​ញៀន​លក់​មួយចំនួន និង​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

​លោកនាយ​ការិយាល័យ​ស្តីទី​បានឱ្យដឹង​ក្រោយពេល​ជនសង្ស័យ​ទាំងនេះ ឆ្លើយ​សារភាព​រួចមក លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឱ្យកម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទាំង​បួន​នាក់ និង​វត្ថុតាង​ថ្នាំញៀន​២​ថង់ ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ល​