លោកស្រីខារ៉ូល ហ្គោនស៍ ភរិយារបស់លោក កាឡូស ហ្គោនស៍ (Carlos Ghosn) អតីតនាយកក្រុមហ៊ុន Nissan បាននិយាយកាលពីថ្ងៃអង្គារទី៧មករាថា លោកស្រីមិនបានស្ថិតក្នុងផែនការរត់គេចចេញពីប្រទេសជប៉ុនរបស់ប្តីលោកស្រីទេ។

និយាយបន្ទាប់ពីរដ្ឋអាជ្ញាជប៉ុនចេញដីកាចាប់ខ្លួនលោកស្រី លោកស្រីខារ៉ូលបានប្រាប់កាសែតបារាំង Le Parisien ថា លោកស្រីមិនបានដឹងអ្វីសោះអំពីការរត់គេចខ្លួននៅថ្ងៃទី ២៩-៣០ ខែធ្នូ នៅពេលលោកកាឡូស ហ្គោនស៍ គេចខ្លួនពីការនៅក្រៅឃុំបណ្តោះអាសន្ន ហើយភៀសខ្លួនចេញពីទីក្រុងតូក្យូ។

បទសម្ភាសន៍នេះបានកើតឡើងប៉ុន្មានម៉ោងមុនពេលសន្និសីទសារព័ត៌មានដែលគេទន្ទឹងរង់ចាំយ៉ាងអន្ទះសារពីសំណាក់នាយកប្រតិបត្តិដ៏អាម៉ាស់មុខនេះនៅទីក្រុងបេរូតនៅថ្ងៃពុធនេះ។

លោកស្រីនិយាយថា “ខ្ញុំមិនបានដឹងអ្វីទាំងអស់…ខ្ញុំនៅទីក្រុងបៃរូតជាមួយកូនៗរបស់ខ្ញុំដើម្បីអបអរបុណ្យណូអែល ស្រាប់តែមនុស្សម្នាក់តេមកខ្ញុំប្រាប់ថា រូបគេមានរឿងពញ្ញាក់អារម្មណ៍សម្រាប់ខ្ញុំ។ វាជារឿងល្អបំផុតនៅក្នុងជីវិតរបស់ខ្ញុំ!”។

លោកស្រីនិយាយថា “ការរត់គេចខ្លួនគឺជាជម្រើសតែមួយគត់ដែលអាចធ្វើទៅបាន ព្រោះគាត់ឃើញការកាត់ក្តីរបស់គាត់ត្រូវពន្យារពេលដោយគ្មានកំណត់ ហើយគាត់កំពុងត្រូវគេឃុំខ្លួនក្នុងលក្ខខណ្ឌ ដែលដកហូតសិទ្ធិរបស់គាត់អស់រលីងក្នុងគោលបំណងធ្វើឱ្យគាត់លែងក្លាយជាមនុស្ស”។

លោកស្រី ខារ៉ូល ហ្គោនស៍ និយាយថា “កាឡូសមិនអាចឆ្លើយសារភាពនូវអ្វីដែលគាត់មិនបានប្រព្រឹត្តនោះទេ”។ លោកស្រីបន្ថែមថា ប្តីរបស់គាត់គឺជាជនរងគ្រោះនៃផែនការឧស្សាហកម្មនិងសង្គ្រាមរវាងក្រុមហ៊ុន Renault និង Nissan។

លោកស្រីនិយាយថាប្តីគាត់មានភាពតានតឹងបន្តិចមុនពេលសន្និសីទកាសែតរបស់គាត់ ដោយបន្ថែមថានេះគឺជារឿងធម្មតាទេព្រោះគាត់នឹងធ្វើ “សេចក្តីថ្លែងការណ៍សំខាន់បំផុតនៃជីវិតរបស់គាត់”។

លោកហ្គោនស៍បានប្រឈមមុខនឹងការកាត់ក្តីនៅប្រទេសជប៉ុនពីបទប្រព្រឹត្តមិនត្រឹមត្រូវផ្នែកហិរញ្ញវត្ថុដែលគាត់បានបដិសេធមុនពេលភៀសខ្លួនចេញពីប្រទេសនេះកាលពីចុងខែធ្នូទៅកាន់ប្រទេសលីបង់ កន្លែងដែលគាត់បានជួបជុំជាមួយភរិយាទី ២ របស់គាត់ឈ្មោះ ខារ៉ូល៕ ដោយ៖ កញ្ញាដាលីស

លោកស្រីខារ៉ូលថាមិនដឹងអ្វីទេអំពីការគេចខ្លួនរបស់ប្តីលោកស្រី