ថ្លៃប្រេងបានហក់ឡើងសារជាថ្មីកាលពីព្រឹកថ្ងៃពុធ ក្រោយពីអ៊ីរ៉ង់វាយប្រហារកងកម្លាំងអាម៉េរិកនៅអ៊ីរ៉ាក់ជាការឆ្លើយតបនឹងការដែលដ្រូនអាម៉េរិកសម្លាប់ឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់កលាពីសប្តាហ៍មុន ជាហេតុនាំអោយមានការព្រួយបារម្ភអំពីការផ្ទុះជម្លោះរាលដាលនិងប៉ះពាល់ការផ្គត់ផ្គង់ប្រេង។
ប្រេងឆៅBrentបានកើនឡើង១,៥៦ដុល្លារ មកនៅត្រឹម៦៩,៨៣ដុល្លារ ក្នុងមួយបារ៉ែល ក្រោយហក់ដល់៧១,៧៥ដុល្លារ មួយភ្លែត ។
ប្រេងឆៅនៅផ្សារអាម៉េរិក(West Texas Intermediate )បានឡើង១,២៥ដុល្លារ មកនៅត្រឹម៦៣,៩៥ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីហក់ឡើងដល់៦៥,៨៥ដុល្លារ។
ក្នុងពេលជាមួយគ្នា មាសក៏ឡើងថ្លៃដល់កំរិតខ្ពស់មិនធ្លាប់មាន ដោយកាលពីថ្ងៃចន្ទមាសគីឡូឡើងជិតដល់១.៦០០ដុល្លារក្នុងមួយអោន។
ការវាយប្រហារដោយកាំជ្រួចរបស់អ៊ីរ៉ង់លើកងកម្លាំងអាម៉េរិកនៅអ៊ីរ៉ាក់បានកើតឡើងកាលពីដើមថ្ងៃពុធ នៅប៉ុន្មានម៉ោងបន្ទាប់ពីបុណ្យសពឧត្តមសេនីយ៍កាសេម សូឡេម៉ានី មេបញ្ជាការកងកម្លាំងគូត នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ដែលត្រូវអាម៉េរិកសម្លាប់កាលពីថ្ងៃ៣មករា។
យោធាអាម៉េរិកបានអោយដឹងថា អ៊ីរ៉ង់បានបាញ់កាំជ្រួចរាប់សិបដើមចេញពីទឹកដីអ៊ីរ៉ង់ទៅលើមូលដ្ឋានយោធានៅអ៊ីរ៉ាក់ចំនួន២ដែលដាក់ទាហាននៃកងកម្លាំងចម្រុះដឹកនាំដោយអាម៉េរិក៕ប្រែសម្រួល៖វាសនា