ក្រុមហ៊ុនអេឡិចត្រូនិចយក្សជប៉ុនមួយបានបង្កការភ្ញាក់ផ្អើលដល់អ្នកមើលពិព័រណ៍ CES ឆ្នាំ២០២០ ជាមួយប្រភេទរថយន្តគំរូមួយឈ្មោះថា Vision-S។ វាមើលទៅដូចជារថយន្ត Tesla យ៉ាងអ៊ីចឹង!

រថយន្តគំរូ Vision-S របស់ក្រុមហ៊ុន Sony ត្រូវគេចាត់ទុកជាគូប្រជែងជាមួយរថយន្ត Tesla Model S ដែលបានបង្ហាញមុខនៅពិព័រណ៍ CES ក្នុងសហរដ្ឋអាម៉េរិកសប្តាហ៍នេះ។

អ្វីគួរឱ្យចាប់អារម្មណ៍គឺថា រថយន្តអគ្គិសនីនេះមើលទៅក៏ដូចរថយន្ត Porsche Taycan ដែរ នៅពេលមើលចំពីមុខ។

ដោយមានប្រវែងសរុប ៤.៨៩៥ មិល្លីម៉ែត្រនិងទទឹង ៣.០០០ មិល្លីម៉ែត្រ រថយន្ត Vision-S មានផ្ទៃធំទូលាយសម្រាប់មនុស្ស៤នាក់ជិះនៅខាងក្នុង។

ក្រុមហ៊ុន Sony និយាយថា តួរថយន្តនេះគឺមានភាពបត់បែនគ្រប់គ្រាន់អាចដាក់សម្រាប់ប្រភេទរថយន្ត MPV និង SUV បានទៀតផង។

តើរថយន្តនេះអាចបើកបរបានទេ?

ចម្លើយគឺពិតជាអាចបើកបាន បើទោះបីជាក្រុមហ៊ុន Sony មិនមែនជាក្រុមហ៊ុនផលិតរថយន្តក៏ដោយ។ មានម៉ូទ័រកម្លាំង ២៧២សេះនៅលើអ័ក្សកង់នីមួយៗ ដើម្បីធ្វើឱ្យរថយន្ត Vision-S វិលកង់ទាំងបួន។

ក្រុមហ៊ុនអះអាងថា រថយន្ត Vision-S កម្លាំងសរុប ៥៤៤សេះអាចស្ទុះពីសូន្យទៅ១០០គីឡូម៉ែត្រក្នុងមួយម៉ោងប្រើពេលត្រឹម ៤,៨ វិនាទីប៉ុណ្ណោះ ជាមួយល្បឿនអតិបរមាគឺ ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្តនេះមានឧបករណ៍ចាប់សញ្ញាចំនួន ៣៣ គ្រាប់ដើម្បីសម្រួលដល់ការបើកបរដោយស្វ័យប្រវត្តិ មានបណ្តាញ 5G និង សមត្ថភាពដើម្បីសម្របតាមការតម្រូវផ្ទាល់ខ្លួនរបស់អ្នកប្រើ។ កៅអីទាំងបួនមានប្រព័ន្ធ Speaker ដាច់ដោយឡែកពីគ្នា។

ក្រុមហ៊ុនមិនបានបញ្ជាក់ទេថាតើរថយន្តនេះផលិតឡើងសម្រាប់លក់ឬគ្រាន់តែអួតសមត្ថភាពខ្លួនថាចេះផលិតឡានដែរ៕ ដោយ៖ កញ្ញាដាលីស