ដោយៈ មុនីរ័ត្ន/ភ្នំពេញៈ កម្ពុជាបានសម្តែងការព្រួយបារម្តយ៉ាងខ្លាំងចំពោះស្ថានភាពរវាងអ៊ីរ៉ង ជាមួយសហរដ្ឋអាម៉េរិក គឺខ្លាចមានភាពតានតឹងឡើងៗ រហូតអាចឈានទៅរកជម្លោះជាទ្រង់ទ្រាយធំណាមួយ។ នេះបើតាមការបញ្ជាក់របស់លោកកុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ នេះ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានបន្តថាកម្ពុជាលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ធ្វើយ៉ាងណាឲ្យមានការអត់ធម្មត់ជាអតិប្បរមាបំផុតដើម្បីជៀសវាងកុំឲ្យស្ថានភាពមានភាពតានតឹងឬក៏ទៅរកស្ថានភាពមួយមិនអាចគ្រប់គ្រងបាន ហើយជំរុញឲ្យភាគីពាក់ព័ន្ធធ្វើយ៉ាងណារកនូវដំណោះស្រាយដោយសន្តិភាពដោយសន្តិវិធីមួយ តាមរយៈកិច្ចសន្ទនា ឬកិច្ចពិភាក្សា។
សូមជម្រាបថា ភាពតានតឹងរវាងអ៊ីរ៉ង់ និងអាម៉េរិក កាន់តែក្តៅឡើង បានកើតឡើងបន្ទាប់ពីមេបញ្ជាការកំពូលអ៊ីរ៉ង់ នាយឧត្តមសេនីយ៍កាសេមសូលីម៉ានី(QassemSoleimani)ត្រូវបានសម្លាប់ក្នុងហេតុការណ៍វាយប្រហារតាមអាកាសរបស់អាម៉េរិក ក្រោមបញ្ជារបស់រដ្ឋបាល ដូណាល់ ត្រាំ កាលពីថ្ងៃទី២ ខែមករា ។
ចំពោះការបាញ់មីស៊ីលរបស់អ៊ីរ៉ង់នេះ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនទាន់បញ្ចេញប្រតិកម្មនៅឡើយទេ ប៉ុន្តែលោកកំពុងតាមដានយ៉ាងហ្មត់ចត់ហើយ។ប៉ុន្តែភ្លាមៗបន្ទាប់ពីកងទ័ពបានបាញ់ផ្លោងមីស៊ីលជាច្រើនគ្រាប់ដាក់មូលដ្ឋានទ័ពអាមេរិក នៅប្រទេសអ៊ីរ៉ាក់ លោកប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានបង្ហោះសារឆ្លើយតបនៅលើបណ្តាញទ្វីតធ័រ នាព្រឹកថ្ងៃទី៨មករា ដែលមានខ្លឹមសារថា «ល្អ! មីស៊ីលបាញ់ចេញពីអ៊ីរ៉ង់ ដាក់ទៅលើមូលដ្ឋានយោធា២កន្លែង ក្នុងប្រទេសអ៊ីរ៉ាក់។ ការវាយតម្លៃពីជនរងគ្រោះ និងការខូចខាត កំពុងធ្វើឡើងហើយ។ រហូតមកដល់ពេលនេះ យើងមានឧបករណ៍យោធាដ៏ខ្លាំងបំផុត និងគ្រប់កន្លែងក្នុងពិភពលោក។ ខ្ញុំនឹងធ្វើសេចក្តីថ្លែងការណ៍នៅព្រឹកស្អែក (យប់នៅកម្ពុជា)»៕សរន