យន្តហោះអ៊ុយក្រែនមួយ ដែលដឹកមនុស្សយ៉ាងតិច១៨០នាក់បានធ្លាក់កាលពីថ្ងៃពុធទី៨មករា ក្រោយពីវាចេញដំណើរពីអាកាសយានដ្ឋានធំនៅក្រុងតេអេរ៉ង់បានបន្តិចដោយសម្លាប់មនុស្សទាំងអស់នៅក្នុងយន្តហោះ នេះបើតាមសេចក្តីរាយការណ៍ពីទូរទស្សន៍អ៊ីរ៉ង់។
យន្តហោះបានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ អ៊ីមាំ ខូមេនីក្នុងរដ្ឋធានី តេអេរ៉ង់។ការធ្លាក់នេះត្រូវបានគេសង្ស័យថាបណ្តាលមកពីបញ្ហាម៉ាស៊ីនហើយក្រុមស៊ើបអង្កេតមួយបានទៅដល់កន្លែងយន្តហោះធ្លាក់នៅជាយក្រុងតេអេរ៉ង់។
មន្ត្រីសេវាសង្គ្រោះបន្ទាន់អ៊ីរ៉ង់ម្នាក់បានប្រាប់ទូរទស្សន៍ថា អ្នកនៅក្នុងយន្តហោះបានស្លាប់ទាំងអស់ ហើយក្រុមអ្នកជួយសង្គ្រោះបានត្រឹមតែប្រមូលសាកសព។
មុននេះទូរទស្សន៍រដ្ឋអ៊ីរ៉ង់បាននិយាយថា មានមនុស្ស១៨០នាក់ រួមទាំងអ្នកដំណើរនិងសមាជិកនាវិក នៅក្នុងយន្តហោះដែលធ្លាក់នេះ ។
ទិន្នន័យហោះហើរមកពីអាកាសយានដ្ឋានបានបង្ហាញថា យន្តហោះបូអ៊ីង737-800របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិអ៊ុយក្រែន បានចេញដំណើរនៅព្រឹកថ្ងៃពុធ បន្ទាប់មកស្រាប់តែឈប់បញ្ជូនទិន្នន័យភ្លាម។
រូបភាពរបស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់អៀណា( IRNA)បានបង្ហាញមន្ត្រីជួយសង្គ្រោះនៅក្នុងវាលកសិដ្ឋានមួយ ជាមួយនឹងបំណែកនិងកំទេចយន្តហោះ។
ការធ្លាក់យន្តហោះនេះបានកើតឡើងតែប៉ុន្មានម៉ោងក្រោយអ៊ីរ៉ង់បាញ់កាំជ្រួចផ្លោងដាក់មូលដ្ឋានទ័ពអាម៉េរិកនៅអ៊ីរ៉ាក់ជាការសងសឹកការដែលអាម៉េរិកសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ខ្លួនម្នាក់។
វាក៏បានកើតឡើងចំពេលរដ្ឋបាលអាកាសចរណ៍អាម៉េរិកបាននិយាយថា ខ្លួននឹងហាមឃាត់មិនអោយយន្តហោះស៊ីវិលអាម៉េរិកធ្វើការហោះហើរក្នុងដែនអាកាសលើអ៊ីរ៉ាក់ អ៊ីរ៉ង់និងឈូងសមុទ្រពែក្ស រួមទាំងដែនទឹករវាងអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីតផងដែរ។
ក្រុមហ៊ុនអាកាសចរណ៍បរទេសជាច្រើនក៏បាននិយាយថា ឥឡូវពួកគេជៀសវាងមិនហោះហើរលើតំបន់ទាំងនោះ។
ក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីបាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងបង្វែរការហោះហើរចេញពីដែនអាកាសអ៊ីរ៉ង់៕ប្រែសម្រួល៖វាសនា