ដោយ:ប.ជ័យ / បន្ទាយមានជ័យ ៖ ការប្រកួតកីឡាបាល់ទាត់ហ្វូតសាល(FUTSAL) ក្របខ័ណ្ឌមន្ត្រីរាជការ កងកម្លាំងនិងមហាជន “ពានរង្វាន់រដ្ឋបាលខេត្តបន្ទាយមានជ័យ ” ឆ្នាំ២០២០ ដើម្បីអបអរទិវាជ័យជម្នះ៧មករា ( ៧មករា១៩៧៩-៧មករា២០២០ ) បានបិទបញ្ជប់ហើយកាលពីល្ងាចថ្ងៃទី៧ខែមករាឆ្នាំ២០២០នៅទីលានបាល់ទាត់អេកូ ស្ប៉តនៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណក្រោមអធិបតីភាពលោក ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភា លោកអ៊ុ រាត្រី អភិបាលខេត្ត។
លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់ យុវជននិងកីឡាខេត្តបន្ទាយមានជ័យបានអោយដឹងថា ៖ ការប្រកួតកីឡាបាល់ទាត់ហ្វូតសាល(FUTSAL) នេះប្រព្រឹត្តទៅរៀងរាល់ថ្ងៃសៅរ៍ -អាទិត្យ ចាប់ពីថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៩ដល់ថ្ងៃទី៧ខែមករាឆ្នាំ២០២០ ឬរយៈពេល ៧សប្តាហ៍។
លោកឈួ ប៊ុនរឿង បានបន្តថា ៖ក្រុមកីឡាករដែលបានចុះឈ្មោះចូលរួមប្រកួតមាន៣៤ក្រុម ក្នុងនោះក្របខ័ណ្ឌមន្ត្រីរាជការ កងកម្លាំងចំនួន១៣ក្រុមនិងក្របខ័ណ្ឌមហាជន ចំនួន២១ក្រុម ។
ជាលទ្ធផល ១៖ ក្របខ័ណ្ឌមន្ត្រីរាជការ/កងកម្លាំង ចំណាត់ថ្នាក់លេខ១ ក្រុមកីឡាកររដ្ឋបាលខេត្ត លេខ២ ក្រុមកីឡាកររដ្ឋបាលក្រុងសិរីសោភ័ណ លេខ៣ ក្រុមកីឡាករអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណនិងលេខ៤ ក្រុមកីឡាករ រដ្ឋបាលស្រុកម៉ាឡៃ ។
រីឯ ២៖ ក្របខ័ណ្ឌមហាជន ចំណាត់ថ្នាក់លេខ១ ក្រុមកីឡាករប៊ុនកយFC ។លេខ២ ក្រុមកីឡាករសុីសូផុនFC លេខ៣ ក្រុមកីឡាករនាគប៊ីយូធីនិងលេខ៤ក្រុមកីឡាករព្រះពន្លាFC ។
លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យមានប្រសាសន៍រំលឹកពីគុណបំណាច់និងគុណូបក្ការៈរបស់របស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា២ធ្នូ១៩៧៨ និងជំនួយពីកងទ័ព ប្រជាជនវៀតណាម ។និងពីជ័យជម្នះថ្ងៃទី៧មករាឆ្នាំ១៩៧៩ ដែលបាននាំមកនូវរស់រានមានជីវិតឡើងវិញនៃប្រជាជននិងប្រជាជាតិកម្ពុជា ។
បន្ថែមលើនោះកិច្ចព្រមព្រៀងសន្តិភាពប៉ារីស២៣តុលា១៩៩០ និងនយោបាយឈ្នះ ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនាឆ្នាំ១៩៩៦បានបង្រួបបង្រួមជាតិ សន្តិភាព ការស្តារនិងអភិវឌ្ឍន៍ប្រទេស។។ ពោលគឺបើគ្មានថ្ងៃ៧មករានោះទេ ក៏មិនមានអ្វីៗដល់សព្វថ្ងៃដែរ ។
ហេតុនេះហើយបានជាសម្តេចតេជោបានផ្តល់អនុសាសន៍អោយយើងទាំងអស់គ្នាថែរក្សាសុខសន្តិភាព អរគុណសន្តិភាពដែលជាប្រភពនៃអ្វីទាំងអស់។
ដោយឡែកចំពោះវិស័យកីឡា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី៊ បានយកចិត្តទុកដាក់លើកស្ទួយវិស័យកីឡា ផ្តល់ការលើកទឹកចិត្តដល់លើកីឡាករយ៉ាងខ្លាំង ។
ក្នុងនោះ កម្មវិធីប្រកួតបាលទាត់FUTSAL ពានរង្វាន់រដ្ឋបាលខេត្តបន្ទាយមាជ័យក៏ឧទ្ទិសនិងអបអរដើម្បីអបអរទិវាជ័យជម្នះ៧មករានេះ ក៏ជាការប្រមូលផ្តុំធនធានមនុស្ស បច្ចេកទេស បទពិសោធន៍ ចំណេះជំនាញខាងផ្នែកកីឡាបាល់ទាត់តារាងខ្លី។
ឯ/ឧ អ៊ុ រាត្រី ក៏បានសង្ឃឹមថា លទ្ធផលក្នុងការប្រកួត នឹងជម្រុញលើកទឹកចិត្តអោយកុមារ យុវជន ប្រជាជនស្រឡាញ់ និងលេងកីឡាដើម្បីសុខភាព មិត្តភាព សាមគ្កិភាព និងសុភមង្គល។
ជាងនេះទៅទៀត វាក័ដាស់សតិស្មារតីអោយពួកគេចៀសឆ្ងាយពីអបាយមុខនិងត្រូវនិយាយថាទេ ពីគ្រឿងញៀន ពីអេដស៍៕B/