ដោយ:គូលែន/សៀមរាប: ក្នុងឱកាសនៃការប្រារព្ធខួប៤១ឆ្នាំ ទិវាជ័យជម្នះ ៧មករា ១៩៧៩-២០២០ នៅខេត្តសៀមរាប កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តសៀមរាប បានជួបសំណេះសំណាល សួសុខទុក្ខ បងប្អូន មន្រ្តីរាជការ ចូលនិវត្តន៍ប្រមាណ ៩១៥នាក់ ដែលកំ ពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និង មន្ទីរពេទ្យយោធភូមិភាគទី៤ ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃថា និវត្តជន គឺជាវិស្វករជំនាញ ដែលមិនអាចមើលរំលងបាននោះឡើយ លើការត្រួសត្រាយផ្លូវក្នុងរបត់នយោបាយជាច្រើនដំណាក់កាល ដើម្បីឲ្យអ្នកជំនាន់ក្រោយ ធ្វើដំណើរឆ្ពោះទៅរកការកសាងឡើងសង្គម អភិវឌ្ឍជាតិ ។ ស្មារតីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ ដែលបាននាំមកនូវសមទ្ធិផលជាច្រើន ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ និង ការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ក្នុងរយៈពេល៤១ឆ្នាំមកកន្លងមកនេះ មិនអាចកាត់ផ្តាច់បានទេចំពោះគុណបំណាច់នៃការចូលរួមយ៉ាងសកម្មមុះមុតរបស់បងប្អូនជានិវត្តជន។
សម្តេចពិជ័យសេនា ទៀ បាញ់ ក៍បានលើកឡើងផងដែរថា ការជួបជុំសំណេះសំណាលជាមួយបងប្អូននិវត្តន៍ជននេះ បានគូសបញ្ជាក់ថា ពិតណាស់ថា នយោបាយឈ្នះ ឈ្នះ គឺជារូបមន្តនៃការបញ្ចប់សង្គ្រាម កសាងសន្តិភាព នាំមកនូវការអភិវឌ្ឍនៅកម្ពុជា យើងទាំងអស់គ្នា ត្រូវអរគុណ សន្តិភាព ។ ក្នុងនោះដែរ សម្តេចពិជ័យសេនា នៅតែបានចាត់ទុកនិវត្តន៍ជន ជាធនធានមនុស្សដ៏សំខាន់នៃប្រទេសជាតិ ដែលជារៀបច្បង សម្រាប់មន្ត្រីរាជការយើងជំនាន់ក្រោយ ដែលជាអ្នកបន្តវេន ក្នុងកិច្ចអភិវឌ្ឍប្រទេស និងសង្គមជាតិ ។
សម្តេចបានបន្តទៀតថា ការធ្វើដំណើរនៃនាវាកម្ពុជា ដោយការចាកចេញពីចំណុចសូន្យ ចាប់ពីថ្ងៃ៧ មករា ១៩៧៩ មកដល់ការអភិវឌ្ឍនាពេលបច្ចុប្បន្ននេះ ដោយឆ្លងកាត់ព្យុះភ្លៀងនយោបាយពីខាងក្រៅផង ទប់ស្កាត់ការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ផង គឺជាប្រវត្តិដក់ជាប់នៅក្នុងជីវិតបងប្អូននិវត្តជនគ្រប់រូប ។
ក្នុងនោះដែរសម្តេចពិជ័យសេនា ក៏បានលើកផងដែរ អំពីគំនិត ក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដែលចងធ្វើរដ្ឋប្រហាផ្តួលរលំព្រះមហាក្សត្រ និង រាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញឡើងពីការបោះឆ្នោតរបស់ប្រជាពរដ្ឋ កាលពីថ្ងៃទី៩ វិច្ឆិកា ២០១៩ ហើយត្រូវទទួលបរាជ័យ ក្រោមកណ្តាប់ដៃរបស់ប្រជាជនស្រឡាញ់សន្តិភាព អរគុណ!សន្តិភាព ។
សម្តេចពិជ័យសេនាបានបញ្ជាក់ថា ដូច្នេះបងប្អូននិវត្តជន គឺជាបណ្ណាល័យរស់នៃប្រវត្តិសាស្រ្តកម្ពុជា ដែលត្រូវបានរក្សាទុក ស្មារតី ៧មករា ១៩៧៩ ក៏ដូចជាព្រឹត្តិការណ៍គ្រប់ ជំនាន់ ដើមី្បចែករំលែកការយល់ដឹងដល់កូនចៅជំនាន់ក្រោយ ៗ និង រួមគ្នាបន្តថែរក្សានូវសន្តិភាព នៅកម្ពុជាឲ្យបានគង់វង្សតទៅអនាគត ។ សម្តេចពិជ័យសេនាបានបញ្ជាក់ថា នេះជាប្រពៃណីនៃវប្បធម៌របស់គណបក្សប្រជាជន ក្នុងការជួបជុំ មិត្តភ័ក្តរួមការងារ តែងបានឧបត្ថម្ភជាថវិកា ដល់បងប្អូននិវត្តជនទាំង៩១៥នាក់ ម្នាក់ៗ ទទួលបានថវិកា ១០ម៉ឺនរៀល ។
នាថ្ងៃដដែលនោះដែរប្រតិភូខេត្ត បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នាយទាហាន ពលទាហាន ដែលមានជម្ងឺ កំពុងសម្រាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និង មន្ទីរពេទ្យយោធភូមិភាគទី៤ ដោយបានធ្វើការផ្តាំផ្ញើដល់បងប្អូនអ្នកជម្ងឺទាំងអស់ ឲ្យយកចិត្តទុកដាក់ក្នុងការប្រតិបត្តិទៅតាមវេជ្ជបញ្ជារបស់គ្រូ ពេទ្យ ដើមី្បឲ្យបានឆាប់ជាផ្សះស្បើយ និងវិលត្រឡប់ទៅកាន់អង្គភាព និង លំនៅដ្ឋានវិញ ដើមី្បបំពេញការងារ និង ប្រកបរបរចិញ្ចឹមជីវិតក្រុមគ្រួសារផងដែរ ។ ក្នុងនោះសម្តេចពិជ័យសេនា ក៏បាននាំយកអំណោយ ជូនដល់អ្នកជម្ងឺកំពុងសម្រាកព្យាបាលជម្ងឺប្រមាណជាង៤៣០ នាក់ផងដែរ ដោយម្នាក់ទទួលបាន ទឹកដោះគោ ស្កសរ មី និង ថវិកាមួយចំនួន ៕B/