ដោយៈមុនីរ័ត្ន/ភ្នំពេញៈលោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ,មេបញ្ជាការកងទ័ពជើងគោកអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតកីឡាកងយោធពលខេមរភូមិន្ទឆ្នាំ២០២០ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៤១នៃទិវាជ័យជម្នះ៧មករា,នៅសាលានាយទាហានសកម្មកាលពីថ្ងៃទី៧ខែមករាឆ្នាំ២០២០។
លោកឧត្តមសេនីយ៍ឯកហ៊ុនម៉ាណែតបានអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងដែលបានធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ។ក្នុងនោះក៏មានការចូលរួមអបអរសាទរពីសំណាក់មិត្តសេនានុព័ន្ធ អនុព័ន្ធយោធា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងក្មួយៗសិស្សានុសិស្សក្នុងស្រុកឧត្តុង្គផងដែរ។ ការរៀបចំការប្រកួតកីឡាកងយោធពលខេមរភូមិន្ទកន្លងមក ដោយមានការចូលរួមរបស់មហាជន ក៏បានចូលរួមចំណែកយ៉ាងសំខាន់លើការជំរុញការប្រាស្រ័យទាក់ទងរវាងកងទ័ព និងមហាជន និងបានលើកកម្ពស់ការយល់ដឹងរបស់មហាជនអំពីតម្លៃ និងកិត្តិយស នៃវិជ្ជាជីវៈជាយោធិន។
លោកបន្តថានៅក្នុងការប្រកួតនេះពិតណាស់មានក្រុមដែលទទួលបានចំណាត់ខ្ពស់និងចំណាត់ថ្នាក់ទាប។ប៉ុន្តែជាស្មារតីរួមគ្មានអ្នកចាញ់ទេគឺយើងឈ្នះទាំងអស់គ្នាពីព្រោះបេសកកម្មដែលជាគោលដៅសំខាន់របស់យើងនៅពេលនេះគឺការរៀបចំប្រកួតកីឡាកងយោធពលខេមរភូមិន្ទមួយឱ្យបានរលូន ត្រឹមត្រូវ យុត្តិធម៌។
រក្សាបានសាមគ្គីភាពទាំងអស់គ្នាដូច្នេះបន្ទាប់ពីការប្រកួតបានបញ្ចប់គឺមានន័យថាបេសកកម្មរបស់ក្រុមនីមួយៗក៏បានបញ្ចប់គឺចប់ដោយជោគជ័យចប់ដោយការខិតខំប្រឹងប្រែងទន្ទឹមនឹងនោះគណៈកម្មការរៀបចំការប្រកួតក៏បានបញ្ចប់ការងាររបស់ខ្លួនដោយសុក្រឹត្យផងដែរ។ទាំងនេះគឺជាជោគជ័យធំនៅក្នុងថ្ងៃនេះគឺយើងអាចបញ្ចប់បេសកកម្មនៅក្នុងការប្រកួតដោយទទួលបានជោគជ័យទាំងអស់គ្នាដើម្បីចូលរួមអបអរសាទរខួបអនុស្សារីយ៍លើកទី៤១ នៃទិវាជ័យជម្នះ៧ មករា។
មេបញ្ជាការកងទ័ពជើងគោកបានបញ្ជាក់ថាទិវាជ័យជម្នះ៧មករាគឺជាព្រឹត្តិការណ៍របស់ជាតិខ្មែរទាំងមូលជាតថភាពនៃការរស់ឡើងវិញរបស់យើងទាំងអស់គ្នា។ប៉ុន្តែការទទួលស្គាល់តថភាពនេះត្រូវផ្អែកលើការសួរសំណួរ២ថា៖តើខ្មែរក្រហមបានកាប់សម្លាប់មនុស្សនៅជំនាន់ឆ្នាំពួកគេគ្រប់គ្រងអំណាចក្នុងអំឡុងឆ្នាំ១៩៧៥ដល់ដើមឆ្នាំ១៩៧៩ដែរឬទេ?ថាតើការផ្តួលរំលំរបបប៉ុលពតបានបញ្ឈប់ការកាប់សម្លាប់មនុស្សបន្តទៀតដោយជួយស្រោចស្រង់ជីវិតឱ្យខ្មែររស់ឡើងវិញឬយ៉ាងណា?
ដូច្នេះវាមិនសំខាន់នោះឡើយចំពោះការឱ្យនិយមន័យឬការប្រើពាក្យបែបណាចំពោះព្រឹត្តិការណ៍៧មករា។ប៉ុន្តែអ្វីដែលសំខាន់គឺសកម្មភាពនិងលទ្ធផលនៃសកម្មភាពនោះដែលមានអត្ថន័យសំខាន់ជ្រាលជ្រៅបំផុត៕S/