នៅព្រឹកព្រលឹមថ្ងៃពុធទី៨មករា អ៊ីរ៉ង់បានធ្វើការវាយប្រហារមីស៊ីលចំនួន ២ លើកទៅលើគោលដៅអាម៉េរិកនៅអ៊ីរ៉ាក់ដើម្បីឆ្លើយតបនឹងការធ្វើឃាតមេបញ្ជាការយោធាកំពូលរបស់ខ្លួនគឺឧត្តមសេនីយ៍សូឡីម៉ានី។
មិនទាន់មានព័ត៌មានផ្លូវការណាមួយស្តីពីចំនួនអ្នកស្លាប់និងរបួសក្នុងចំណោមកងទ័ពអាម៉េរិកនៅឡើយទេខណៈដែលទីបញ្ជាការអ៊ីរ៉ាក់បានកត់សម្គាល់ថាមិនមានអ្នកស្លាប់នៅក្នុងជួរកងទ័ពរបស់ពួកគេទេ។
មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់លោក អាលី ខាមេនី បានហៅការវាយប្រហារមីស៊ីលទាំងយប់ទៅលើមូលដ្ឋានអាកាសអាម៉េរិកនៅអ៊ីរ៉ាក់ថាជា “ការទះកំផ្លៀងអាម៉េរិកចំមុខមួយដៃ” ខណៈកំពុងធ្វើអត្ថាធិប្បាយអំពីការឆ្លើយតបភ្លាមៗរបស់សាធារណរដ្ឋអ៊ីស្លាមចំពោះការដែលអាម៉េរិកសម្លាប់មេបញ្ជាការកំពូលរបស់កងកម្លាំងឃូដគឺ ឧត្តមសេនីយ៍ កាសសេម សូឡីម៉ានី កាលពីចុងសប្តាហ៍មុន។
លោកបានរិះគន់វត្តមានអាម៉េរិកនៅក្នុងតំបន់នេះថាជាប្រភពនៃអំពើពុករលួយ ដោយលើកឡើងថាកងទ័ពអាម៉េរិកគួរចាកចេញពីមជ្ឈិមបូព៌ា។
ទាក់ទងនឹងប្រធានបទចរចានុយក្លេអ៊ែរឡើងវិញជាមួយអាម៉េរិកដែលជា “សត្រូវ” របស់តេហេរ៉ង់ លោកខាមេនីព្រមានថា គ្មានផ្លូវដែលកិច្ចចរចាអាចធ្វើទៅបាននោះទេ បើមិនអ៊ីចឹង វានឹងត្រួសត្រាយផ្លូវសម្រាប់ឥទ្ធិពលរបស់អាម៉េរិក។
លោកបានសង្កត់ធ្ងន់ថា សត្រូវរបស់សាធារណរដ្ឋអ៊ីស្លាមគឺ សហរដ្ឋអាម៉េរិក អ៊ីស្រាអែល និង “ប្រព័ន្ធក្រអឺតក្រទម” ដែលចង់សំដៅទៅលើលោកខាងលិចជាទូទៅ៕ ដោយ៖ កញ្ញាដាលីស