ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ​មេបញ្ជាការ​កងទ័ពជើងគោក​បាន​ថ្លែងថា​ចំពោះ​មនុស្ស​គ្រប់រូប​អ្វីដែល​មានតម្លៃ​បំផុត​គឺ​ជីវិត​។​មានជីវិត​ទើប​មាន​អនាគត​។​សូម​អរគុណ​សន្តិភាព​ដែលនាំឱ្យ​ជីវិត​យើង​រស់​និង​នាំមក​នូវ​សេចក្តីសុខ​។​
​មានពេលខ្លះ​តម្លៃ​នៃ​សន្តិភាព​ដែលមាន​តម្លៃ​ស្មើនឹង​ខ្យល់​ដកដង្ហើម​របស់​យើង​ត្រូវបាន​គេ​មើលមិនឃើញ​និង​មិន​ចាប់អារម្មណ៍​ឱ្យ​តម្លៃ​ឱ្យ​ស័ក្តិសម​នឹង​គុណ​តម្លៃ​របស់​វា​ហើយ​ពេល​បាត់បង់​ទើប​ចាប់ផ្តើម​ឱ្យ​តម្លៃ​។​ដូច្នេះ​ជាការ​ដឹងគុណ​ចំពោះ​សន្តិភាព​និង​ភាពសុខសាន្ត​យើង​ត្រូវ​ចូលរួម​ថែរក្សា​សន្តិភាព និង​បង្កើន​ភាពរឹងមាំ​ឱ្យ​ជាតិ​របស់​យើង​បន្តទៀត​។​

​ក៏​សូម​អរគុណ​ផងដែរ​ចំពោះ​អ្នករក​សន្តិភាព​ដែល​ទទួលបាន​តាមរយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​និង​ការចូលរួម​របស់​ប្រជាជន​ទាំងអស់គ្នា​។​ថ្នាក់ដឹកនាំ​,​អ៊ំ​ពូ​ង​មីង​យោធិន​និង​ប្រជាជន​យើង​បានធ្វើ​ការលះបង់​ច្រើនណាស់ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​មួយ​នេះ​។​

​ការ​ថ្លែង​នេះ​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​កងយោធពល​ខេមរភូមិន្ទ​ឆ្នាំ​២០២០​ដើម្បី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤១ នៃ​ទិវា​ជ័យជម្នះ ០៧ មករា​, សាលា​នាយទាហាន​សកម្ម​, កាលពី​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២០​។​លោក​បញ្ជាក់ថា​ទិវា​ជ័យជម្នះ​៧​មករា​គឺជា​ព្រឹត្តិការណ៍​របស់​ជាតិខ្មែរ​ទាំងមូល​ជា​តថភាព​នៃ​ការ​រស់​ឡើងវិញ​របស់​យើងទាំងអស់គ្នា​។​

​ប៉ុន្តែ​ការទទួលស្គាល់​តថភាព​នេះ​ត្រូវ​ផ្អែកលើ​ការ​សួរ​សំណួរ​២​ថា​តើ​ខ្មែរក្រហម​បាន​កាប់សម្លាប់​មនុស្ស​នៅ​ជំនាន់​ឆ្នាំ​ពួកគេ​គ្រប់គ្រង​អំណាច​ក្នុងអំឡុង​ឆ្នាំ​១៩៧៥​ដល់​ដើមឆ្នាំ​១៩៧៩​ដែរឬទេ​?​ថា​តើ​ការផ្តួលរំលំ​របប​ប៉ុលពត​បាន​បញ្ឈប់​ការកាប់សម្លាប់​មនុ​ស្សប​ន្ត​ទៀត​ដោយ​ជួយ​ស្រោចស្រង់​ជីវិត​ឱ្យ​ខ្មែរ​រស់​ឡើងវិញ​ឬ​យ៉ាងណា​?
​ដូច្នេះ​វា​មិន​សំខាន់​នោះឡើយ​ចំពោះ​ការឱ្យ​និយមន័យ​ឬ​ការប្រើ​ពាក្យ​បែបណា​ចំពោះ​ព្រឹត្តិការណ៍​៧​មករា​ប៉ុន្តែ​អ្វីដែល​សំខាន់​គឺ​សកម្មភាព​និង​លទ្ធផល​នៃ​សកម្មភាព​នោះ​ដែលមាន​អត្ថន័យ​សំខាន់​ជ្រាលជ្រៅ​បំផុត​៕S/​