ដោយៈសុផល/ភ្នំពេញ៖ដោយសារតែផ្លូវមួយចំនួនធំឆាប់ខូចពីព្រោះតែគ្មានគុណភាពនិងស្របពេលមហាជននៅតែរិះគន់ទៅលើបញ្ហាធ្វើផ្លូវឆាប់ខូចដោយសារមន្ត្រីឃុបឃិតជាមួយក្រុមហ៊ុនម៉ៅការសាងសង់កេងចំណេញថវិកានោះក្រសួងសាធារណការនិងដឹកជញ្ជូនបានប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ដើម្បីបញ្ចប់បញ្ហាផ្លូវគ្មានគុណភាព និងការដឹកទំនិញលើសទម្ងន់ចាប់ពីឆ្នាំ២០២០នេះតទៅ។
ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០របស់ ក្រសួងសាធារណការនិងដឹកជញ្ជូនកាលពីព្រឹកថ្ងៃទី៨ខែមករាឆ្នាំ២០២០នៅទីស្តីការក្រសួងលោកទេសរដ្ឋមន្ត្រីស៊ុនចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថាក្រសួងនឹងបង្កើតក្រុមការងារពិសេសដើម្បីចុះលួចឆ្មក់ពិនិត្យលើការធ្វើផ្លូវស្ពាននានា។ការពិនិត្យមាននៅទូទាំងប្រទេសដោយមិនឱ្យក្រុមអភិវឌ្ឍន៍នោះដឹងមុននោះឡើយ។ ជាមួយគ្នានេះ ក៏រៀបចំឱ្យមាន ប្រព័ន្ធ តាមដានព័ត៌មាន និងដាក់កាំមេរ៉ា សុវត្ថិភាព បង្កប់ ដើម្បីពិនិត្យមើលសកម្មភាពនៅ ស្ថានីយជញ្ជីង ថ្លឹងរថយន្តផងដែរ។
លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា៖ជំងឺរ៉ាំរ៉ៃដែលធ្វើឱ្យខូចផ្លូវនៅកម្ពុជាគឺបញ្ហាធ្វើផ្លូវគ្មានគុណភាព និងការដឹកទំនិញលើសទម្ងន់កំណត់។ដែលកត្តាទាំងពីរនេះត្រូវតែបញ្ចប់ចាប់ពីឆ្នាំ២០២០នេះដើម្បីកុំឱ្យមហាជនរិះគន់ថា«ចាក់ក្រាស់ស៊ីស្តើងចាក់ស្តើងស៊ីក្រាស់»ឬធ្វើផ្លូវមិនបានរឹងមាំធ្វើមុខខូចក្រោយតទៅទៀត ដែលធ្វើឱ្យក្រសួង ក៏ដូចជា រាជរដ្ឋាភិបាល ខូច កេរ្តិ៍ឈ្មោះ។
ជាមួយគ្នានេះលោកក៏បាន ក្រើនរំឭកដល់ថ្នាក់ដឹកនាំ ផ្នែកជំនាញ និងភាគី ពាក់ព័ន្ធ ប្តូរ របៀប ធ្វើការ និងប្តូររបៀបតាមដានលើការអនុវត្តការងាររបស់ក្រុមហ៊ុនសាងសង់ផ្លូវស្ពានក៏ដូចជាមន្ត្រីបម្រើការងារនៅតាមស្ថានីយជញ្ជីងថ្លឹងរថយន្តឱ្យបានជាប់ជាប្រចាំនិងមានប្រសិទ្ធភាពខ្ពស់បំផុត៕S/
ចំណងជើងរូបថត៖សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី៨ ខែមករាឆ្នាំ២០២០