​អាម៉េរិក​និង​អ៊ីរ៉ង់​មើលទៅ​ហាក់​មិន​ចាត់វិធានការ​អ្វី​ថ្មី​ដែល​នឹង​នាំ​ដល់​ការផ្ទុះ​សង្គ្រាម​ពេញធឹង​ទេ​ នៅ​ពេល​ប្រធានាធិបតី​អាម៉េរិក លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​​ពុធ​ទី​៨​មករា បាន​ផ្តល់​សញ្ញា​ថា ​លោក​នឹង​មិន​សង​សឹក​ដោយ​យោធា​ចំពោះ​ការវាយប្រហារ​ដោយ​កាំជ្រួច​របស់​អ៊ីរ៉ង់​លើ​មូលដ្ឋានទ័ព​អាម៉េរិក​នៅ​អ៊ីរ៉ាក់​។​បើ​តាម​ប្រ​​ភព​អាម៉េរិក មិន​មាន​នរណា​ម្នាក់​ស្លាប់​ ឬ​រងរបួស​ពី​ការវាយប្រហារ​ដោយ​កាំជ្រួច​នេះ​ទេ​ តែ​តំបន់​ទាំងមូល​ស្ថិត​នៅក្នុង​ស្ថានភាព​ប្រុង​ជើងការ​ខ្ពស់​នៅឡើយ​ទេ​។​

​និយាយ​ចេញពី​សេត​វិមាន លោក​ត្រាំ​ ទំនងជា​ចង់​បន្ថយកម្ដៅ​នៃ​វិបត្តិ​នេះ ដោយ​លោក​បាន​និយាយថា​«​អ៊ីរ៉ង់​ទំនង​ជា​ដកថយ​»​ក្រោយ​ការបាញ់​កាំជ្រួច​ដោយ​មិន​​បង្ក​ការស្លាប់​ឬ​របួស​មនុស្ស​នៅ​មូលដ្ឋានទ័ព​អាម៉េរិក​នៅ​អ៊ីរ៉ាក់​។​

​ក្នុងការ​ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​ទៅកាន់​ប្រជាជាតិ លោក​ត្រាំ​បាន​សង្កត់ធ្ងន់ថា «​មិន​មាន​ជនជាតិ​អាម៉េរិក​ណា​»​រងគ្រោះថ្នាក់​ពី​ការវាយប្រហារ​ដោយ​កាំ​ជ្រួច​​ផ្លោង​នៅ​មូលដ្ឋាន​ពីរ​។​

​យោធា​អ៊ីរ៉ាក់​ក៏​បាន​និយាយថា ការវាយប្រហារ​របស់​អ៊ីរ៉ង់​មិន​បាន​បង្ក​ការស្លាប់​ឬ​របួស​មនុស្ស​ទេ ទោះ​ជា​សារព័ត៌មាន​អ៊ីរ៉ង់​បាន​រាយការណ៍​ក្រោយ​ការវាយប្រហារ​​ភ្លាម​ថា មនុស្ស​យ៉ាង​តិច​៨០​នាក់​ស្លាប់​ដោយ​កាំជ្រួច​របស់​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ពុធ​។​

​ទោះ​ជា​លោក​ត្រាំ​ប្រើ​សម្តី​បែប​ផ្សះផ្សាគ្នា ​ក៏​តំបន់​ទាំងមូល​ស្ថិតក្នុង​ស្ថានភាព​ប្រុងប្រៀប​ខ្លួន​នៅឡើយ ហើយ​ទាហាន​អាម៉េរិក រួម​ទាំង​ក្រុម​ប្រតិកម្ម​រហ័ស​ដែល​​ទើប​បញ្ជូន​ទៅ​កាលពី​ចុង​សប្តាហ៍ ក៏​កំពុង​ប្រុងប្រៀប​ខ្លួន​ខ្ពស់​។​

​ចំណែក​ឧត្តមសេនីយ៍ ម៉ាក លី​ល​លី នាយសេនាធិការ​ចម្រុះ​អាម៉េរិក បាន​ព្រមាន​ថា​​ វា​«​ប្រហែល​ជា​លឿន​បន្តិច​»​ក្នុងការ​និយាយ​ថា​អ៊ីរ៉ង់​ពេញចិត្ត​ចំពោះ​ការ​វាយ​​ដោយ​កាំជ្រួច​នេះ ជាការ​សងសឹក​ការសម្លាប់​ឧត្តមសេនី​យ៍​ជាន់ខ្ពស់​របស់​ខ្លួន​។​

​មេដឹកនាំ​ជាន់ខ្ពស់​អ៊ីរ៉ង់​កាលពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា​ ការវាយប្រហារ​មួយ​នេះ​មិនមែន​ជា​ការ​សងសឹក​ទាំ​ង​ស្រុង​ទេ​។​លោក​អាយ៉ា​តុឡា អា​លី ខា​មេ​នី បាន​និយាយ​​ថា «​យប់មិញ​ពួកគេ​ត្រូវ​មួយ​កំផ្លៀង​។​ចំណាត់ការ​យោធា​នេះ​មិន​ទាន់​គ្រប់គ្រាន់​ទេ​សម្រាប់ការ​សងសឹក​។​សំខាន់​គឺ​ថាវត្តមាន​របស់​អាម៉េរិក​ក្នុង​តំបន់​ត្រូវ​បញ្ចប់​»​។​

​នាយសេនាធិការ​ចម្រុះ​អាម៉េរិក​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិក​ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា កាំ​ជ្រួច​១៦​គ្រាប់​ត្រូវបាន​បាញ់​ចេញពី​ទី​តាំងបី​នៅ​អ៊ីរ៉ង់ ដោយ​១១​គ្រាប់​ធ្លាក់​នៅ​មូលដ្ឋាន​Ain al-Asad​ និង​មួយ​គ្រាប់​ធ្លាក់​នៅ​មូលដ្ឋាន​មួយ​នៅ​ក្រុង​អៀ​ប៊ីល និង​៤​ទៀត​មិន​ផ្ទុះ​៕ដោយ៖វាសនា/Ha

​ត្រាំ ថ្លែង​ទៅ​កាន់​ប្រជាជាតិ​អាម៉េរិក​កាលពី​ថ្ងៃ​ពុធ អំពី​ការបាញ់​កាំជ្រួច​របស់​អ៊ីរ៉ង់​លើ​មូលដ្ឋានទ័ព​អាម៉េរិក​នៅ​អ៊ីរ៉ាក់​

រូប​ពី​អាកាស​បង្ហាញ​ការខូចខាត​បង្កឡើង​ដោយ​កាំជ្រួច​អ៊ីរ៉ង់​នៅ​មូលដ្ឋាន​Ain al-Asad