ភ្នំពេញៈ កញ្ញា តន់ ចន្ទ​សី​ម៉ា ដែល​ត្រូវបាន​មហាជន​ស្គាល់​នាង​លើ​កម្មវិធី The Voice of Cambodia រដូវ​កាល​ទី​២ និង​ជាតា​រា​ប្រចាំ​ផលិតកម្ម កាឡាក់ស៊ី​បានប្រកាស​ស្វែងរក​ស្ត្រី ក្រីក្រ​ចិញ្ចឹម​កូន​យ៉ាង​វេទនា ដើម្បី​ជួយឧបត្ថម្ភ ​ខណៈ​នាង​មិនអាច​ទប់​អារម្មណ៍​មើល​នឹង​ភ្នែកបានឡើយ​។
​ ​
ក្រោយពី​មាន​ព័ត៌មាន​ចេញពី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះថា Standard Living​បាន​បង្ហោះ​រឿងរ៉ាវ​ដ៏គួរ​ឲ្យ​រំជួលចិត្ត​មួយ​បន្ទាប់ពី​ជួប​ក្មេងៗ​គ្រួសារ​ក្រីក្រខ្សត់​មួយ​មកសុំ​ឆ្អឹង​ត្រី​យកទៅ​ប្រឡាក់​ជាមួយ​អំបិល​អាំង​ហូប​ជាមួយ​បាយ ​ឃើញ​ហើយ​ពិតជា​សង្វេគ​ចិត្ត​មែនទែន​។

គណនេយ្យ​ខាងលើ​បាន​ឲ្យ​ដឹង​បែបនេះ​ថា “​មិញ​ហ្នឹង​ខ្ញុំ​ទប់ទឹក​ភ្នែក​មិនបាន​ហួសចិត្ត​ពេក គាត់​ទៅសុំ​ឆ្អឹង​ត្រី​ដែល​មិត្ត​ខ្ញុំ​បេះយក​សាច់​ធ្វើ​ទឹកគ្រឿង​ ហើយ​សល់​ឆ្អឹង​និង​សាច់​តិចៗ​ ស្មានតែ​គាត់​យកទៅ​ណា​ លោក​អើយ​លោក ខ្ញុំ​ឱ្យ​មិត្ត​ទៅ​មើល​ហើយក៏ខ​ល​ទៅ​មើលឃើញ​ ​ខ្ញុំក៏អួលដើមក​ យកទៅ​នាំ​កូន​ហូបបាយ​ជាមួយ​ឆ្អឹង​ត្រី​និង​អំបិលម្ទេស​។ ខ្ញុំ​ក៏សម្រេច​ប្រាប់​រឿងរក​ការជួយ​ដល់​គាត់​ និយាយ​ជាមួយ​គាត់​ ហើយ​រំភើប​ឡើង​យំ​ សូម​បងប្អូន​ជួយ​គាត់​ផង ”​។​

បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា គាត់​ជា​ស្ត្រី​មេម៉ាយ ​ហើយ​ត្រូវ​ចិញ្ចឹម​កូនតូចៗ​១០​នាក់ ​រក​អង្ករ​ហូប​ស្ទើរ​គ្មាន​ម្តងៗ​ រស់នៅភូមិ​ខ្នា ឃុំ​ក្រ​ទួត ស្រុក​ស្វាយ​ក្រៅ​ខេត្ត សៀមរាប​។ មាន​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ចាប់អារម្មណ៍​ស៊ែរ​ចែកចាយ​ដោយក្តុកក្តួល​ពេល​ឃើញ​រូបថត​ជាច្រើន​សន្លឹក និង​រូបភាព​កម្សត់​របស់​គ្រួសារ​ក្រីក្រ​មួយ​នេះ ​ដោយក្រ​សឹងតែ​គ្មានអ្វី​ទទួលទាន​និង​ដើរ​សុំ​ឆ្អឹង​ត្រី​សល់​ពី​គេ​បោះចោល​មក​ចែកគ្នា​ទទួលទាន​​ គួរឱ្យ​សង្វេគ​ណាស់​។​

ជាមួយគ្នា​នោះ​ ​តារាចម្រៀង​ស្រី​មាន​ប្រជាប្រិយ​ក្រោម​ទ្រនំ​ផលិតកម្ម កា​ឡាក់​ស៊ីណាវ៉ាត្រា របស់​ឧកញ៉ា​វ័យក្មេង​ចិត្តសប្បុរស ឡេង ណា​វ៉ា​ត្រា និង​ត្រូវ​អ្នកគាំទ្រ​ស្គាល់​ច្បាស់​ម្ចាស់​បទ “​គេ​នោះ​ជា​ស្រី​កាប់​ដាវ​” កញ្ញា តន់ ចន្ទ​សី​ម៉ា ក៏មិនអាច​ឃាត់​ចិត្ត​ ទប់​អារម្មណ៍​ដ៏​សែនស្រណោះចំពោះ​រូបភាព​ឥត​កាឡៃនេះ ​បានចេញ​សារ​ប្រកាស​ផ្ដល់នូវ​ទឹកចិត្ត​ខ្លួន​ តាមរយៈ​ការជូន​ថវិកា​និង​គ្រឿងឧបភោគ​បរិភោគ​។

តារាចម្រៀង​រូបនេះ​បានប្រកាស​រក​ស្ត្រី​ខាងលើ​កាលពី​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០ ឱ្យដឹងថា “​នាង​ខ្ញុំ តន់ ចន្ទ​សី​ម៉ា សូម​ចែករំលែក​ក្តី​ស្រឡាញ់​និង​សុំចូល​រួមចំណែក​ជួយ​គ្រួសារ​របស់គាត់​នូវ អង្ករ​១​តោន ត្រីខ​១០​យួរ មី​៣០​កេស និង​ថវិកា​២០​ម៉ឺន​រៀល​។ សូម​បងប្អូន​ជួយ Share ជូនដំណឹង​ឱ្យ​គាត់​ដឹងផង នាង​ខ្ញុំ​ព្រមទាំង​ក្រុមការងារនឹង​ចាត់ចែង​យក​ជូន​ពួកគាត់​ឬ​ផ្តល់ លេខ​ទូរស័ព្ទ​គាត់​ដើម្បីឱ្យ​នាង​ខ្ញុំ​ទាក់ទង​ទៅ​”​។​

សូមបញ្ជាក់ថា តារាចម្រៀង​មកពីក្រុង​ដូន​កែវ ខេត្ត​កែវ តន់ ចន្ទ​សី​ម៉ា បាន​ហក់​ចូលប្រឡូកក្នុង​វ័ស័យ​សិល្បៈ​កាលពី​អំឡុង ឆ្នាំ​២០១៦ ខណៈ ឆ្នាំ​២០១៧ នាង​បាន​ចូលរួម​ប្រ​កួត​ក្នុងកម្មវិធី​ធំ​មួយ​រហូត​ទទួលបាន​ការគាំទ្រ​ច្រើន​។ កាន់តែ​ល្បីឈ្មោះ​នោះ​គឺ​ក្រោយពី​នាង​បានបោះជំហាន​ចូល​ច្រៀង​ក្នុង​ផលិត​ម្ម Galaxy Navatra ខណៈដែល​បទ​ថ្មីៗ​របស់​នាង​ត្រូវបានសម្រិតសម្រាំង និង​អ្នកនិពន្ធ​ល្បីឈ្មោះ​លោក យឹម តា​ស្រង់​។​
​ ​
សូម​រំលឹកថា កញ្ញា តន់ ចន្ទ​សី​ម៉ា មុននឹង​ឈាន​មកដល់​តារាចម្រៀង​ល្បី​នោះ​រូបនាង​បាន​ជួបនូវ​រឿងរ៉ាវ​ជីវិត​ជូរចត់ ភាពលំបាក​លំបិន​ជាច្រើន​។ នាង ធ្លាប់មាន​ប្រវត្តិ​ដើរ​ដាក់ពាក្យ​ប្រឡងចម្រៀង ជាច្រើន​និង​បាន​ដើរ​សុំ​គេ​ឡើង​ច្រៀង​នៅតាម កម្មវិធី​នាពេល​រាត្រី​គ្មាន​ពេល​សម្រាក គ្រប់គ្រាន់ មកដល់​ផ្ទះ​វិញ​យប់​ជ្រៅ​គឺ​ដើម្បី​រកប្រាក់​ទ្រទ្រង់​ជីវភាព​គ្រួសារ និង​បង់ថ្លៃ​ផ្ទះជួល តូប​មួយទៀត​៕ ដោយៈ បូ​រិ​ន​/Ha