បារាំង ក្រិក អេហ្ស៊ីបនិងស៊ីបកាលពីថ្ងៃពុធទី៨មករាបានប្រកាស “មោឃៈ” ចំពោះកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលក្រុងអង់ការ៉ានិងលីប៊ី ដែលផ្តល់សិទ្ធិឱ្យតួកគីលើតំបន់ដ៏ធំនៅភាគខាងកើតសមុទ្រមេឌីទែរ៉ាណេ។

សេចក្តីថ្លែងការណ៍មួយដែលចេញដោយរដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងបួន ដែលបានជួបប្រជុំគ្នានៅក្នុងទីក្រុងគែរ បាននិយាយថា កិច្ចព្រមព្រៀងដ៏ចម្រូងចម្រាសនេះបានធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់។

សមភាគីអ៊ីតាលីរបស់ពួកគេ ដែលបានចូលរួមក្នុងកិច្ចប្រជុំនោះដែរ មិនបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នោះទេ។

កិច្ចព្រមព្រៀងពីរ ដែលត្រូវបានថ្កោលទោសដោយរដ្ឋនៅតំបន់សមុទ្រមេឌីទែរ៉ាណេទាំងបួននេះ គឺជាកិច្ចព្រមព្រៀងយោធានិងកិច្ចព្រមព្រៀងដែនសមុទ្រដែលចុះហត្ថលេខាកាលពីខែវិច្ឆិកាដោយប្រមុខរដ្ឋាភិបាលនៃកិច្ចព្រមព្រៀងជាតិរបស់លីប៊ី (GNA) លោក ហ្វាយ៉េស អាល់សារ៉ាច និងប្រធានាធិបតីតួកគីលោក រីស៊ីប ថាយយីប អឺដូហ្គាន។

រដ្ឋាភិបាលក្រុងអង់ការ៉ាគឺជាសម្ព័ន្ធមិត្តសំខាន់របស់រដ្ឋាភិបាល GNA ក្នុងការប្រយុទ្ធប្រឆាំងនឹងបុរសខ្លាំង ខាលីហ្វា ហាហ្វថា ដែលមានមូលដ្ឋាននៅលីប៊ីភាគខាងកើត។

លីប៊ីបានជួបភាពវឹកវរខ្លាំងឡើងនាពេលថ្មីៗនេះ ដែលបានញាំញីប្រទេសសម្បូរប្រេងមួយនេះចាប់តាំងពីការបះបោរគាំទ្រដោយណាតូបានសម្លាប់មេដឹកនាំផ្តាច់ការ ម៉ូអាម៉ា ហ្គាដាហ្វី ក្នុងឆ្នាំ ២០១១ ខណៈលោកហាហ្វថាកំពុងព្យាយាមដណ្តើមយកទីក្រុងទ្រីប៉ូលីពីរដ្ឋាភិបាលដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។

កាលពីថ្ងៃពុធលោកអឺដូហ្គានបានប្រកាសថាតួកគីបានពង្រាយទាហានចំនួន ៣៥ នាក់ទៅកាន់ប្រទេសលីប៊ីដើម្បីគាំទ្ររដ្ឋាភិបាល GNA នៅក្នុងសមត្ថភាពមិនប្រយុទ្ធប្រឆាំងនឹងលោកហាហ្វថានោះទេ។ លោកហាហ្វថាត្រូវបានគាំទ្រដោយគូប្រជែងរបស់ទីក្រុងអង់ការ៉ាគឺអារ៉ាប់រួមអេមីរ៉ាតនិងអេហ្ស៊ីប។

ប៉ុន្តែកិច្ចព្រមព្រៀងកំណត់ដែនសមុទ្រឯណេះទេដែលបានធ្វើឱ្យក្រិកអេហ្ស៊ីបនិងស៊ីបខឹងសម្បារ ព្រោះវាផ្តល់សិទ្ធិក្នុងការរុករកធនធានដល់តួកគីនៅក្នុងតំបន់ដែលសម្បូរទៅដោយឧស្ម័ននៅសមុទ្រមេឌីទែរ៉ាណេ កន្លែងដែលរដ្ឋទាំងបីមានផលប្រយោជន៍សំខាន់ផងដែរ។

ពួករដ្ឋមន្រ្តីការបរទេសទាំងនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេថា កិច្ចព្រមព្រៀងរបស់តួកគីនិងលីប៊ី “រំលោភលើសិទ្ធិអធិបតេយ្យភាពនៃរដ្ឋទាំងបី មិនគោរពតាមច្បាប់សមុទ្រ និងមិនមានអំណាចអនុវត្តច្បាប់នោះឡើយ”។

រដ្ឋមន្រ្តីទាំងអស់នោះបានបញ្ជាក់ជាថ្មីពីភាពចាំបាច់នៃការគោរពពេញលេញនៃអធិបតេយ្យនិងសិទ្ធិអធិបតេយ្យភាពរបស់រដ្ឋទាំងអស់នៅក្នុងតំបន់ដែនសមុទ្ររបស់ពួកគេនៅសមុទ្រមេឌីទែរ៉ាណេ។

ពួកគេបានថ្កោលទោសការខួងប្រេងរបស់តួកគីនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងដែនទឹកនៃសាធារណរដ្ឋស៊ីប ដោយអំពាវនាវឱ្យទីក្រុងអង់ការ៉ាបញ្ឈប់រាល់សកម្មភាពរុករកខុសច្បាប់ទាំងអស់។

ប្រទេសស៊ីបត្រូវបានបែងចែករវាងភាគខាងត្បូងដែលជារដ្ឋសមាជិកសហភាពអឺរ៉ុប និង ភាគខាងជើងដែលកាន់កាប់ដោយតួកគីចាប់តាំងពីឆ្នាំ ១៩៧៤ ដើម្បីជាការឆ្លើយតបទៅនឹងរដ្ឋប្រហារយោធានៅស៊ីប ដែលរៀបចំដោយក្រិក៕ ដោយ៖ កញ្ញាដាលីស

បារាំងក្រិកអេហ្ស៊ីបនិងស៊ីបកាលពីថ្ងៃពុធទី៨មករាបានប្រកាស “មោឃៈ” ចំពោះកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលក្រុងអង់ការ៉ានិងលីប៊ី