ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​មេខ្យល់​ពី​រនាក់​ប្ដី​ប្រពន្ធ​កំពុង​តែងតាំង​ខ្លួន​ជា​អធិរាជ​កេណ្ឌ​ប្រជាពលរដ្ឋ​រាប់​សិ​ប​នាក់​ដើម្បី​ចូល​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ដោយ​ខុសច្បាប់​ជាច្រើន​ហិកតា ​ស្ថិតក្នុង​ចំណុច​ជាំ​ធំ ​ឧបសម្ព័ន្ធ​ភូមិ​ម្រេច​ ឃុំ​ស្រ​យ៉ង់​ ស្រុក​គូលែន ​ខេត្តព្រះវិហារ​។​ប្តី​ប្រពន្ធ​នេះ​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​យ៉ាងច្បាស់ ​ដោយ​ប្ដី​មានឈ្មោះ​តិ ​តឹក ​ប្រពន្ធ​ឈ្មោះ​ជៀវ ​វាសនា​ សព្វថ្ងៃ​រស់ក្នុង​ភូមិ​ត្រាវ​ជូរ ឃុំ ស្រ​យ៉ង់​ស្រុក​គូលែន ​ខេត្តព្រះវិហារ​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​ ពីរ​នាក់​ប្តី​ប្រពន្ធ​ខាងលើ​បាន​ដើរ​កៀរគរ​ប្រជាពលរដ្ឋ​ពី​ក្រៅ​តំបន់​ផ្សេងៗ​ដើម្បី​ឱ្យមក​កាប់ឆ្ការ​រុករាន​ទន្ទ្រាន​យក​ដី​របស់​រដ្ឋ​ដោយ​ខុសច្បាប់​ ដោយ​អ្នក​ទាំងពីរ​នេះ​ជា​អ្នក់ចាត់ចែង​ក្លែងបន្លំ​លិខិត​កាន់កាប់​ដីធ្លី​ដោយ​ខ្លួនឯង​ ​មិនមាន​អាជ្ញាធរ​ណា​ហ៊ាន​លូកដៃ​នោះទេ​។​បច្ចុប្បន្ននេះ​មាន​ប្រជាពលរដ្ឋ​ក្រៅ​តំបន់​ទៅ​រស់នៅ​ចំនួន​ខ្នង​ផ្ទះ​២៧៤​គ្រួសារ ​ដែល​ពុំមាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ​ឬ​ក៏លិខិត​អនុ​ញ្ញា​តពី​ក្រសួងមហាផ្ទៃ​នៅឡើយ​នោះទេ​។​

​លោក​ប៉ាង​ យៀ​ត​ អភិបាលស្រុក​ធ្លាប់បាន​បញ្ជាក់ប្រាប់​អ្នកសារព័ត៌មាន​យ៉ាងច្បាស់​ថា​ ចំពោះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទីតាំង​ដី​រដ្ឋ​មិនទាន់មាន​ច្បាប់​បង្កើត​ភូមិ​នៅឡើយ​នោះទេ​ បានត្រឹមតែ​មក​ប្រាប់​អាជ្ញាធរ​ដោយផ្ទាល់​មាត់​ប៉ុណ្ណោះ​ អាជ្ញាធរ​ក៏​មិន​បានចេញ​លិខិត​អនុ​ញ្ញា​ត​ដែរ​។​ប៉ុន្តែ​ក្រុម​មេខ្យល់​ពីរ​នាក់​ប្តី​ប្រពន្ធ​និង​បក្ខពួក​មួយចំនួនទៀត​នៅតែ​បន្តធ្វើ​សម្មភាព​ចាត់ចែង​ដី​របស់​រដ្ឋ​តាម​ទំនើងចិត្ត​របស់ខ្លួន​ ដោយ​មិន​គោរព​ច្បាប់​ទាល់តែសោះ​។​

​ប្រភព​បាន​បន្តថា​ ចំណុច​ទី​១​មេខ្យល់​នោះ​មាន​សិទ្ធិ​ពេល​ពលរដ្ឋ​ណា​មិន​នៅជាប់​លាប់​គឺមាន​សិទ្ធិ​ដកហូត​ដី​នោះ​មកវិញ ហើយ​បែង​ចែង​ទៅ​អ្នក​ផ្សេងទៀត​។​ចំណុច​ទី​២​ បើតាម​ការសន្និដ្ឋាន​ក្រុម​មេខ្យល់​នេះ​មិនបាន​ស្តាប់​ការណែនាំ​របស់​អា​ជ្ញា​ធរ​មូលដ្ឋាន​នោះទេ ​ដោយ​ពួកគេ​ធ្វើតាម​អំពើ​ចិត្ត​ វា​មិន​ខុស​អី​ពី​ការបង្កើត​តំបន់អបគមន៍​នោះឡើយ​។​ដែល​បង្ក​ឱ្យ​លំបាក​អាជ្ញាធរ​មូលដ្ឋាន​ក្នុងការ​គ្រប់គ្រង​ប្រជាពលរដ្ឋ​ ក៏ដូចជា​សមត្ថកិច្ច​គ្រប់​គ្រង​សន្តិសុខ​សង្គម​ផងដែរ​។​

​លោក​ពឹង ​ទ្រី​ដា ​ប្រធាន​មន្ទី​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បាន​បញ្ជាក់ថា​លោក​កំពុង​ចាត់​ឱ្យ​ម​ន្រី្ត​ជំនាញ​រដ្ឋបាល​ព្រៃឈើ​សង្កាត់​,​ផ្នែក​,​ចុះទៅ​សិក្សា​និង​រក​មេខ្យល់​ថា​មានការ​លក់ដូរ​ដី​នៅ​តំបន់​នោះ​មែន​ដែរឬទេ​? ​តែបើ​រឿង​នោះ​វា​ចឹ​ង​មែន ​លោក​នឹង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។​

ចំពោះ​ករណីនេះ​អ្នកសារព័ត៌មាន​មិនទាន់​បានទទួល​ការបំភ្លឺ​ពីសា​មីខ្លួន​ពីរ​នាក់​ប្តី​ប្រពន្ធ​ដែល​ជាប់ចោទ​ជា​មេខ្យល់​នៅឡើយ​ទេ​។​សារព័ត៌មាន​យើង​រង់ចាំ​ទទួល​ការបញ្ជាក់​លើ​ករណីនេះ​ដើម្បី​ផ្សាយ​ជូន​នៅពេល​ក្រោយ​៕S/​Ha