ដោយ: គ្រញូង / បាត់ដំបង: មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ១គ្រឿងនិងម៉ូតូកង់បី(ផាស់អាប់) បណ្ដាលឲ្យរបួសធ្ងន់២នាក់ និងស្រាល២នាក់ កាលពីយប់ថ្ងៃទី៨ខែមករាឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវជាតិ៥ ត្រង់ចំណុចក្រុមទី០១ ភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤៧-២៤៨។
លោក ម៉ៅ ហ៊ត មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថស្រុកមោងឫស្សី បានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ១គ្រឿង ម៉ាកហុងដា MSX ធុន C125 ពណ៌ក្រហម ពាក់ផ្លាកលេខ បាត់ដំបង 1AI 2135 អ្នកបើកបរឈ្មោះ រស់ ចាន់ណារាយ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង(របួសធ្ងន់) ទិសដៅបញ្ច្រាសគ្នា មកដល់ចំណុចកើតហេតុខាងលើ បានបុកម៉ូតូកង់បី (ផាស់ស្អាប់) ១គ្រឿង ម៉ាក BAJAJ MAXIMA គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ ទួន វុទ្ធី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង(របួសស្រាល) និងអ្នករួមដំណើរ២នាក់ ១.ឈ្មោះ ភឿន សុណាលីន ភេទស្រី អាយុ៩ឆ្នាំ ត្រូវជាកូន(របួសធ្ងន់) និង ២.ឈ្មោះភឿន សុវត្ថិ ភេទប្រុស អាយុ២ឆ្នាំ ត្រូវជាកូន(របួសស្រាល)។ ជនរងគ្រោះត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី។
លោកមេបញ្ជាការរងស្រុកបានប្រាប់ពីមូលហេតុ នៃគ្រោះថ្នាក់នេះថា មុនដំបូងមានយុវជនម្នាក់នើកម៉ូតូ MSX ជែងក្នុងស្ថានភាពគ្រោះថ្នាក់(មិនប្រកាន់ស្ដាំ) បានជ្រុលទៅបុកជាមួយផាស់អាប់ បណ្តាលឱ្យរបួសទាំងសងខាង។ មធ្យោបាយបង្កហេតុ២គ្រឿងខាងលើ ផ្នែកជំនាញចរាចរណ៍ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក រង់ចាំដោះស្រាយនៅពេលក្រោយ៕ ល