ព្រះអង្គម្ចាស់ហារីនិងមហេសីមេហ្គាននឹងចុះចេញពីតំណែងសមាជិកជាន់ខ្ពស់នៃគ្រួសាររាជវង្ស ហើយចំណាយពេលឱ្យបានច្រើននៅអាម៉េរិកខាងជើង។ នេះយោងតាមការប្រកាសដ៏ភ្ញាក់ផ្អើលរបស់គូស្វាមីភរិយាក្សត្រអង់គ្លេសនេះកាលពីថ្ងៃពុធទី៨មករា។

ព័ត៌មានគួរឱ្យភ្ញាក់ផ្អើលនេះកើតឡើងបន្ទាប់ពីឆ្នាំដ៏ច្របូកច្របល់សម្រាប់គ្រួសាររាជវង្សអង់គ្លេស ស្របពេលមានសញ្ញាបង្ហាញថា ទ្រង់ទាំងពីរជួបការលំបាកកាន់តែខ្លាំងឡើងជាមួយនឹងសម្ពាធនៃជីវិតរាជវង្សនិងជម្លោះក្នុងគ្រួសារ។

ទ្រង់ទាំងពីរបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយវាំងបាក់ឃីងហ៊ែម យ៉ាងដូច្នេះ “យើងមានបំណងចុះចេញពីសមាជិកជាន់ខ្ពស់នៃគ្រួសាររាជវង្សនិងធ្វើការងារដើម្បីឯករាជ្យផ្នែកហិរញ្ញវត្ថុ ខណៈបន្តគាំទ្រយ៉ាងពេញទំហឹងដល់ព្រះមហាក្សត្រិយានី”។

ពួកទ្រង់បានបន្ថែមថា “បន្ទាប់ពីការឆ្លុះបញ្ចាំងនិងការពិភាក្សាផ្ទៃក្នុងអស់រយៈពេលជាច្រើនខែ យើងបានជ្រើសរើសធ្វើការផ្លាស់ប្តូរនៅឆ្នាំនេះដើម្បីចាប់ផ្តើមតួនាទីថ្មីឈានមុខនៅក្នុងស្ថាប័ននេះ។ ឥឡូវនេះយើងមានគម្រោងធ្វើឱ្យមានតុល្យភាពរវាងពេលវេលារបស់យើងនៅចក្រភពអង់គ្លេសនិងអាម៉េរិកខាងជើង”។

សេចក្តីប្រកាសនេះធ្វើឱ្យគ្រួសាររាជវង្សានុវង្សដទៃទៀតភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអ្នកនាំពាក្យរបស់ព្រះអយ្យិការបស់ទ្រង់គឺមហាក្សត្រិយ៍អេលីហ្សាបេតទី ២ បានចេញសេចក្តីថ្លែងការណ៍ខ្លីមួយដោយលើកឡើងថា “ការពិភាក្សាជាមួយទ្រង់ទាំងពីរគឺស្ថិតនៅដំណាក់កាលដំបូង”។

អ្នកនាំពាក្យបន្ថែមថា “យើងយល់ពីបំណងប្រាថ្នារបស់ពួកទ្រង់ដើម្បីទទួលយកវិធីសាស្រ្តផ្សេង ប៉ុន្តែបញ្ហាទាំងនេះគឺជាបញ្ហាស្មុគស្មាញដែលត្រូវការពេលវេលាដើម្បីធ្វើការដោះស្រាយ”។

អ្វីជាតួនាទីរាជវង្សជាន់ខ្ពស់គឺមិនបានកំណត់ជាផ្លូវការទេ ប៉ុន្តែជាទូទៅអ្នកដែលគេចាត់ទុកជារាជវង្សជាន់ខ្ពស់គឺអ្នកដែលនៅជិតរាជបល្ល័ង្កនិងបន្តបំពេញភារកិច្ចជំនួសមហាក្សត្រិយ៍៕ ដោយ៖ កញ្ញាដាលីស

ព្រះអង្គម្ចាស់ហារីនិងមហេសីមេហ្គាននឹងចុះចេញពីតំណែងសមាជិកជាន់ខ្ពស់នៃគ្រួសាររាជវង្ស ដើម្បីចំណាយពេលច្រើននៅអាម៉េរិកជាមួយគ្នា