កីឡាករ សាឌីអូ ម៉េន (Sadio Mane) របស់ក្លិប លីវឺភូល(Liverpool) បានយកឈ្នះមិត្តរួមក្រុម របស់ខ្លួន ម៉ូហាម៉េដ សាឡា (Mohamed Salah) ដោយជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំ២០១៩ របស់សហព័ន្ធបាល់ ទាត់អាហ្វ្រិក។
កីឡាករសញ្ជាតិសេណេហ្គាល់រូបនេះបានទទួលពានជាលើកដំបូងក្នុងអាជីពរបស់ខ្លួន បន្ទាប់ពីជាប់ត្រឹមលេខរៀងទី២កាលពីពីររដូវកាលចុងក្រោយនិងធ្លាប់ជាប់លេខ៣កាលពីឆ្នាំ២០១៦។
សាឡា ជាកីឡាកររបស់អេហ្ស៊ីបធ្លាប់លើកពានកីឡាករឆ្នើមពីរឆ្នាំចុងក្រោយជាប់គ្នា ប៉ុន្តែនៅឆ្នាំ២០១៩នេះ ម៉េន ធ្វើបានល្អជាងនៅក្លិប Liverpool ។ ចំណែកកីឡាករ រីយ៉ាដ ម៉ារ៉េស (Riyad Mahrez) របស់ក្លិបម៉េនឆេស្ទ័រ ស៊ីធីក៏ត្រូវបានជ្រើសតាំងសម្រាប់ពានសំខាន់ នេះដែរ បន្ទាប់ពីជួយក្រុមជម្រើសជាតិអាល់ហ្សេរីចូលរួមប្រកួតនៅក្របខ័ណ្ឌ African Nations Cup ដោយយកឈ្នះក្រុម Senegal ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។
ម៉ារ៉េស មិនអាចចូលរួមក្នុងកម្មវិធីប្រគល់ពានបានទេ ខណៈកីឡាកររូបនេះជាប់លេងនៅ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្របខណ្ឌ Carabao Cup ជាមួយក្រុមស៊ីធី អំឡុងប្រកួតជាមួយ ម៉េនឆេស្ទ័រ យូណាយធីតកាលពីយប់ថ្ងៃអង្គារ ស្របពេលដែរ សាឡា ក៏អវត្តមានពីកម្មវិធី នេះដែរ។
ម៉េន រកបាន២២គ្រាប់នៅក្របខណ្ឌព្រីមីញ៉េលីកនៅរដូវកាលឆ្នាំ២០១៨/១៩ ។ កីឡាករ រូបនេះដើរតួនាទីសំខាន់ក្នុងក្រុមរបស់លោក យើហ្គេន ក្លប់ (Jurgen Klopp) ដែលបានលើក ពានជើងឯកឆេមពានលីកកាលពីខែមិថុនា៕ ប្រែសម្រួល: ពិសិដ្ឋ