​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៨​មករា​ថា ជំងឺ​រលាក​សួត​ជាង​៥០​ករណី​នៅ​ទីក្រុង​វូ​ហាន ក្នុង​ប្រទេស​ចិន​អាច​បណ្តាល​​មក​ពី​ក្រុម​វីរុស​ដែល​ទើប​នឹង​កើត​ថ្មី​ដែល​ធ្លាប់​បាន​បណ្តាលឱ្យ​មាន​កា​រ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ​(​ជំងឺ​Sars )​នៅ​ចិន​និង​រោគសញ្ញា​ផ្លូវដង្ហើម​(​ជំងឺ​Mers)​នៅ​មជ្ឈិមបូព៌ា​។​

​ខណៈពេលដែល​ភ្នាក់ងារ​សុខភាព​របស់​អង្គការសហប្រជាជាតិ​នេះ​បាន​និយាយថា​ខ្លួន​ត្រូវការ​ព័ត៌មាន​ច្រើន​បន្ថែមទៀត​ដើម្បី​បញ្ជាក់​ច្បាស់​អំពី​ប្រភេទ​នៃ​វីរុស​​ដែល​បង្ក​ឱ្យ​មាន​ការឆ្លង​មេរោគ​នេះ ខ្លួន​បាន​និយាយថា វា​អាច​ជា​វីរុស​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​។​

​វីរុស​ជំងឺ​ផ្លូវដង្ហើម ជាព​ពួក​នៃ​វីរុស​ដែល​អាច​បង្ក​ឱ្យមាន​ជំងឺឆ្លង​ផ្សេងៗ​ចាប់​ពី​ជំងឺ​ផ្តាសាយ​ធម្មតា​រហូតដល់​ជំងឺ​SARS ។​ប្រភេទ​វីរុស​មួយចំនួន​មិន​បណ្តាល​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ទេ​ខណៈពេល​ដែល​ករណីខ្លះ​ដូច​ជា​ជំងឺ​MERS គឺ​ធ្ងន់ធ្ងរ​ជាង​។​

​អង្គការ​WHO បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ព័ត៌មាន​ដំបូង​អំពី​ករណី​ជំងឺ​រលាក​សួត​នៅ​ទីក្រុង​វូ​ហាន​បាន​បង្ហាញ​អំពី​វីរុស​ដែលជា​ភ្នាក់ងារ​​បង្ក​ជំងឺ​ប្រភេទ​នេះ គឺជា​ប្រភេទ​ជំងឺ​ផ្លូវដង្ហើម​។​

​ទោះជា​យ៉ាងណា អង្គការ​នេះ​បាន​បន្ថែមថា អាជ្ញាធរ​ចិន​បាន​ធ្វើ​ការសាកល្បង​ក្នុង​បន្ទប់ពិសោធន៍​និង​ច្រានចោល​ព័ត៌មាន​ដែល​ថា ការផ្ទុះ​ជម្ងឺ​រលាក​សួត​នេះ​​ជា​ជម្ងឺ​SARS ឬ MERS និង​ជម្ងឺផ្តាសាយបក្សី​ផងដែរ​។​

​ជម្ងឺ​រលាក​សួត​នេះ​បាន​ចាប់ផ្តើម​ឡើង​កាលពី​ខែ​មុន​និង​៥៩​ករណី​ត្រូវបាន​រាយការណ៍​ដោយ​អាជ្ញាធរ​ចិន​គិត​ត្រឹម​ថ្ងៃអាទិត្យ​។​

​សូម​រំលឹក​ថា នៅ​ឆ្នាំ​២០០៣ មន្ត្រី​ចិន​បាន​បិទបាំង​ការផ្ទុះ​ជម្ងឺសា​( SARS)​រាប់​សប្តាហ៍​មុន​ពេល​ទ​ទទួលស្គាល់​ដោយសារ​ចំនួន​មនុស្ស​ស្លាប់​កាន់តែ​ច្រើន​និង​ព័ត៌​​មាន​កាន់តែ​លេចឮ​។​ជម្ងឺ​នេះ​បាន​ឆ្លង​រាលដាល​យ៉ាង​លឿន​ទៅ​កាន់​ទីក្រុង​ផ្សេងៗ​និង​ប្រទេស​នានា​នៅ​ឆ្នាំ​២០០៣​។​មនុស​កស​ជាង​៨​ពាន់​នាក់​បាន​ឆ្លង និង​៧៧៥​នាក់​បាន​ស្លាប់​៕​ប្រែ​សម្រួល​៖​វាសនា​/​សុខា​

អាជ្ញាធរ​ហុងកុង វៀតណាមនិង​ថៃ បង្កើន​ការត្រួតពិនិត្យ​សុខភាព​ភ្ញៀវ​ចិន ចំ​ពេល​មាន​ព័ត៌មាន​អំពី​ការផ្ទុះ​ជម្ងឺ​អាថ៌កំបាំង​នៅក្រុង​វូ​ហាន​។​ក្នុង​រូប មន្ត្រី​នៅ​អាកាស​យានដ្ឋាន​ថៃ​ពិនិត្យមើល​ឯកសារ​របស់​អ្នកដំណើរ​ចូល​។​ថៃ បាន​ដាក់​អ្នកដំណើរ​ចិន​មក​ពី​ក្រុង​វូ​ហាន​ចំនួន​៥​នាក់​នៅ​ដាច់​ពី​គេ​ដោយ​សង្ស័យ​ឆ្លង​វីរុស​អាថ៌កំបាំង​